ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តួកគី​​រំលឹក​​​ខួប​​មួយឆ្នាំ​​នៃ​​រដ្ឋប្រហារ​​មិនបាន​​សម្រេច​​​​ប្រឆាំង​​​លោក​​អ៊ែរដូហ្កាន​​​​

សំឡេង ០៥:១៧
លោក​អ៊ែរដូហ្កាន នៅ​សភា​តួកគី ​ថ្ងៃ​១៥កក្កដា ២០១៧​
លោក​អ៊ែរដូហ្កាន នៅ​សភា​តួកគី ​ថ្ងៃ​១៥កក្កដា ២០១៧​ Reuters

ថ្ងៃសៅរ៍​១៥កក្កដា​​នេះ តួកគី​​រំលឹក​​​ខួប​១ឆ្នាំ នៃ​រដ្ឋប្រហារ​​យោធា​មិនបាន​សម្រច ប្រឆាំង​នឹង​ប្រធានាធិបតី​អ៊ែរដូហ្កាន កាលពី​១ឆ្នាំ​មុន។ ជារដ្ឋប្រហារ​ដែល​ធ្វើអោយ​មាន​​មនុស្សស្លាប់​​២៤៩នាក់។ ​សម្រាប់​កម្មវិធី​ខួប​មួយឆ្នាំនេះ សភា​បើក​កិច្ចប្រជុំ​ពេលព្រឹក ហើយ​លោក​អ៊ែរដូហ្កាន​​​​ចូលរួម​ពិធី​ជាច្រើន នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល។ លោក​នឹង​ថ្លែង​សន្ទរកថា នៅ​ម៉ោង​១១យប់​ នៅ​ទីក្រុង​អង់ការ៉ា។ ​១ឆ្នាំ​ក្រោយ​រដ្ឋប្រហារ​ តួកគី​​បន្ត​ទំលាក់​កំហុស​លើ​លោកហ្វេទូឡា ​​ហ្គូឡិន ​ថា​ជា​​មេខ្លោង​​រដ្ឋប្រហារ។​ លោក​​ហ្គូឡិន​ ក៏​នៅ​តែ​បដិសេធ​ការចោទ​ប្រកាន់​។ ​ការ​បោសសម្អាត​​ផ្ទៃក្នុង​ ​​​នៅតែ​បន្ត​មាន​។ ថ្ងៃសុក្រ​​ម្សិលមិញ ​អាជ្ញាធរ​តួកគី​​បាន​ដកហូត​តំណែងទាហាន​ ប៉ូលិស និង​មន្ត្រី​តាម​ក្រសួង​មន្ទីរ​ជាង​៧០០០នាក់​ទៀត។ ​

ផ្សាយពាណិជ្ជកម្ម

ផលវិបាក​ក្រោយ​​​រដ្ឋប្រហារ​មិនបានសម្រេច​នៅតួកគី ១៥កក្កដា ឆ្នាំ​២០១៦

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​លោកអ៊ែរដូហ្កានទទួលស្គាល់​ថា ស្ថានភាព​នៅ​តួកគីពេលនេះ លែង​ដូច​ស្ថានភាព​មុន​​​រដ្ឋប្រហារ​១៥កក្កដា ២០១៦​ ទៀតហើយ។ ក្រោយ​រដ្ឋប្រហារ​មិនបាន​សម្រេច អ្វីៗ​ក្នុងស្រុក​មិនដូច​មុនទៀតទេ ការ​បោសសម្អាត​ជនសង្ស័យ​ទាក់ទង​​រដ្ឋប្រហារ​នៅតែមាន​។ ដូច្នេះ ​ភាពតានតឹង​ក្នុងស្រុក​នៅតែមាន​។ ក្រោយ​ថ្ងៃ​១៥កក្កដា ឆ្នាំ​២០១៦ ​ប្រជាជនបាន​​បែកបាក់​គ្នា​ ធ្វើអោយ​បក្ស​នយោបាយ​ព្រួយបារម្ភ។

សូមរំលឹកឡើងវិញ​ថា រដ្ឋប្រហារមិនបាន​សម្រេច​​ នៅ​​យប់​ថ្ងៃ​១៥កក្កដា ចូល​១៦កក្កដា ​ឆ្នាំ២០១៦ គឺបង្កឡើង ដោយ​ក្រុមទាហាន​ដែល​មិនពេញចិត្ត​លោក​អ៊ែរដូហ្កាន។ ពួកគេ​បានចុះតាម​ដងផ្លូវ កាន់កាប់​ស្ពាន​ច្រើន​កន្លែង និង​បានប្រើ​​​យន្តហោះ​ទំលាក់​គ្រាប់បែក​លើ​សភា​តួកគី​ទៀតផង។ ប៉ុន្តែ​លោក​អ៊ែរដូហ្កាន​មិនបាន​បណ្តោយ​អោយ​ទាហាន​ទាំងនេះ​ធ្វើអ្វីតាមចិត្ត​ទេ។ ពេលទូរទស្សន៍​សម្ភាស​លោក​តាម​ទូរសព្ទ​ លោក​បាន​អំពាវនាវ​​អោយប្រជាជន​តួកគី​ចុះតាម​ដងផ្លូវ ប្រឆាំង​នឹង​ការប៉ុនប៉ង​រដ្ឋ​ប្រហារ​នេះ។ កាលនោះ ប្រជាជន​​ជាង​១សែននាក់​បាន​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​លោក​អ៊ែរដូហ្កាន ចុះតាម​ដងផ្លូវ ​ដើម្បី​បរិហារ​រដ្ឋប្រហារ​ និង​សំដែង​ការ​​គាំទ្រដល់​​លោកអ៊ែរដូហ្កាន។ ការប៉ះទង្គិចគ្នា​រវាង​ប្រជាជន កងកម្លាំង​រដ្ឋាភិបាល និង​ក្រុ​មទាហាន​បះបោរ ធ្វើអោយ​ស្លាប់​មនុស្ស​សន្ធឹកសន្ធាប់។ ​​​​

តួកគី​​​ចោទ​លោកហ្គូឡិន ដែល​កំពុង​ភៀសខ្លួន​នៅ​សហរដ្ឋ​អាមេរិក ថា​ជា​មេខ្លោង​​រដ្ឋ​ប្រហារ។​ អាជ្ញាធរ​បាន​បោសម្អាតចាប់ខ្លួន​និង​ដកហូត​តំណែងទាហាន រដ្ឋអាជ្ញា មន្ត្រី​គ្រប់ជាន់ថ្នាក់​ ដែល​ជាប់សង្ស័យ​ថា ជាសកម្មជន​ចលនា​ហ្គូឡិន។ គិត​រហូត​ពេលនេះ មាន​មនុស្ស​៥ម៉ឺន​នាក់​ត្រូវបាន​ចាប់ខ្លួន ហើយ​ជាង​១សែននាក់​ត្រូវបាន​ដកតំណែង។ ​​​ការ​បោសសម្អាត​ផ្ទៃក្នុង​ប៉ះពាល់រហូត​ប្រជាជន​គាំទ្រ​ជនជាតិគួដឌីស្ថាន​ទៀតផង។ មេដឺកនាំ​នយោបាយ​គាំទ្រ​គួដឌីស្ថាន​ខ្លះ​បាន​ជាប់ពន្ធនាគារ។ ​អឺរ៉ុប​ និង​ក្រុ​មសិទ្ធិមនុស្ស​បាន​​បរិហារ​តួកគី​ដែល​បន្ត​បោស​សម្អាត​ផ្ទៃក្នុង​ ព្រោះ​វា​រំលោភ​​សិទ្ធិមនុស្ស។ ​ប៉ុន្តែ​ ប្រធានាធិបតី​អ៊ែរដូហ្កាន ​​មិនបាន​ខ្វល់ទេ ពេលនេះ បានទាំង​​សប្បាយចិត្ត​នឹង​មិនអោយ​តួកគី​ចូល​ជា​សមាជិ​កអឺរ៉ុប​ទៀតផង។ លើសពី​នេះ ប្រធានាធិបតី​អ៊ែរដូហ្កាន ​ចង់​​អោយ​មាន​ប្រជាមតិ ​ចង់​អោយ​មាន​ការកាត់ទោស​ប្រហារជីវិត​ឡើងវិញ។

ផលវិបាក​ក្រោយ​រដ្ឋប្រហារ​ គឺ​ថា​ ប្រជាជន​តួកគី​បានបែកបាក់គ្នា។ ឧទាហរណ៍ ជាក់ស្តែង​ ក្នុង​ការ​បោះឆ្នោតប្រជាមតិទាក់ទង​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ពង្រឹង​អំណាច​ប្រធានាធិបតី​អោយ​កាន់តែខ្លាំង ប្រជាជន​​តួកគីជាង​​៥១ភាគរយ បាន​បោះឆ្នោត​គាំទ្រ​កំណែទម្រង់​នេះ។ ទោះយ៉ាងនេះ​​មែន តែ​ការ​ដែល​​​​គ្មាន​សម្លេងគាំទ្រ​ភាគច្រើន​ បា​ន បង្ហាញថា ប្រជាជនបែកបាក់គ្នា បង្ហាញថា មាន​មនុស្ស​ដែល​មើលឃើញ​​នយោបាយ​អវិជ្ជមាន​របស់​រដ្ឋាភិបាល។ ប្រជាជន​តាម​ទីក្រុង​ធំៗ ដូចជា​នៅ​អង់ការ៉ា រឺ​អ៊ីស្តង់ប៊ូល ដែល​ធ្លាប់​​តែ​​បោះឆ្នោត​គាំទ្រ​បក្ស​AKP របស់​លោក​អ៊ែរដូហ្កាន បាន​បោះឆ្នោត​បដិសេធ​គំរោង​កំណែទម្រង់រដ្ឋធម្មនុញ្ញ។

ផលវិបាក​សំខាន់​មួយទៀត​ គឺ​ការបោស​សម្អាត​យោធា ដែល​ធ្វើអោយ​​កងទ័ព​ជាតិ​​​ចុះខ្សោយ​ជាងមុន។ ការបែកបាក់​ក្នុងស្រុក មិន​មែន​ជា​សញ្ញា​ល្អ​ប៉ុន្មានទេ​សម្រាប់​រដ្ឋាភិបាល។ គណបក្ស​នយោបាយ​បាន​អំពាវនាវ​អោយប្រជាជន​គ្រប់គ្នា​រួបរួម​គ្នា​ឡើងវិញ។

តុលាការ​ក្រិក​សម្រេច​​​មិនបញ្ជូន​​ទាហានតួកគី​​៨នាក់ ដែល​បានកំពុង​ភៀសខ្លួន​នៅក្រិក ​ទៅអោយ​តួកគី​វិញទេ

ក្រោយ​រដ្ឋប្រហារ​មិនបានសម្រេច​១៥កក្កដា មានទាហាន​តួកគី​៨នាក់ បាន​ប្រញាប់ប្រញាល់​​ភៀសខ្លួន​ទៅ​សុំសិទ្ធិជ្រកកោន​នៅ​ក្រិក។ ពេលនេះ ពួកគេ​​​កំពុង​រង់ចាំ​ចម្លើយ​ពី​អាជ្ញាធរ​ក្រិក​ ​ទាក់ទង​ការ​សុំ​ជ្រកកោននេះ​។ ក្រិក​បដិសេធ​មិនបញ្ជូន​ទាហាន​ទាំង​នេះ ទៅអោយ​តួកគីវិញទេ។ តុលាការ​ក្រិក​លើកហេតុផលថា​ ដោយសារបារម្ភ​ថា​ការកាត់ក្តី នៅតួកគីអាច​​​​គ្មាន​ភាព​យុត្តិធម៌​។ តុលាការ​ក្រិក​បារម្ភ​ដែរថា បើទាហាន​ទាំង​៨នាក់​នេះត្រលប់​ទៅតួកគី​វិញ ​​​អាជ្ញាធរ​តួកគីអាច​ធ្វើទារុណកម្ម​លើ​ពួកគេ។

ផលវិជ្ជមាន​ក្រោយ​អ៊ីរ៉ង់ និង​រុស្ស៊ី​គាំទ្រ​លោក​អ៊ែរដូហ្កាន ​កាលពី​​មា​នរដ្ឋប្រហារ​មិនបាន​សម្រេច

អ៊ីរ៉ង់​​​​​មិនត្រូវគ្នា​ជាមួយ​តួកគីទេ តែ​ក្រោយ​មាន​រដ្ឋប្រហារ​មិនបានសម្រេច អ៊ីរ៉ង់​​​​បាន​សំដែង​ការគាំទ្រ​ដល់​លោក​អ៊ែរដូហ្កាន។ ​​បើ​យោងតាម​ក្រុមជំនាញ អ៊ីរ៉ង់​គាំទ្រ​លោក​អ៊ែរដូហ្កាន​ ក៏​ប្រហែល​ដោយសារអ៊ីរ៉ង់​មិនចង់​អោយ​បញ្ហា​ផ្សេងៗ​ក្នុងតំបន់ កាន់តែ​ដុនដាប។ អ៊ីរ៉ង់​​​និង​តួកគី​មិនត្រូវគ្នា ចំពោះ​​បញ្ហា​ខ្លះៗ​ក្នុង​តំបន់ បែបយ៉ាង​វិបត្តិ​ស៊ីរី។ អ៊ីរ៉ង់​គាំទ្រ​ប្រធានាធិបតី​អាសាដ តែ​តួកគីវិញ​មិនគាំទ្រ​ទេ។ តែ​បើ​អ៊ីរ៉ង់​មិនគាំទ្រ​តួកគី ក្រោយ​រដ្ឋប្រហារ​តួកគី​ វា​រឹតតែ​ធ្វើអោយ​មាន​បញ្ហា​កាន់តែ​ធ្ងន់​ទាក់ទង​ដំណោះស្រាយ​ស៊ីរី។

គួររំលឹក​ដែរថា រុស្ស៊ី​ក៏​មានជំហរ​ផ្ទុយពីតួកគី​ដែរ រឿង​វិបត្តិ​ស៊ីរី តែ​កាលនោះ លោក​ពូទីន បាន​សំដែង​ការគាំទ្រ​ដល់​លោក​អ៊ែរដូហ្កាន។ ​សម្រាប់​រុស្ស៊ី លោក​អ៊ែរដូហ្កាន​បាន​ជាប់ឆ្នោតកាន់អំណាច​តាម​រយៈការបោះឆ្នោត​ប្រជាធិបតេយ្យ​ ដូច្នេះ រដ្ឋប្រហារប្រឆាំង​លោក​អ៊ែរដូហ្កាន ​​ជា​រឿង​មិនស្របច្បាប់។ លោក​អ៊ែរដូហ្កាន ច្បាស់ជា​​យល់ថា ប្រទេស​អារ៉ាប់​ផ្សេងៗ​ដែលគាំទ្រ​តួកគី​ក្រោយ​រដ្ឋប្រហារ​គឺ​គាំទ្រ​​ ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ពួកគេ​​ប៉ុណ្ណោះ។

ប៉ុន្តែ ​​អ៊ីរ៉ង់ និង​រុស្ស៊ី ​មិនមែន​ជាមិត្ត​របស់តួកគី បែរ​ជា​​​នាំគ្នា​គាំទ្រ​លោក​អ៊ែរដូហ្កាននឹងគេ​ដែរ​​​ អញ្ចឹងហើយ​ទើប​​​លោក​អ៊ែរដូហ្កាន​កក់ក្តៅ​ក្នុងចិត្ត ​​បាន​​បន្ទន់​ជំហរ​ច្រើនជាមួយ​អ៊ីរ៉ង់​និង​រុស្ស៊ីវិញ។ នេះ​ជា​រឿង​វិជ្ជមាន​ទៅវិញទេ ព្រោះ​វា​បានចូលរួម​​​ដោះស្រាយ​បញ្ហា​​តំបន់ដើមបូព៌ា។​​ ជាក់ស្តែង​ តួកគី ​រុស្ស៊ី និង​អ៊ីរ៉ង់ បាន​ផ្តួចផ្តើម​អោយ​មាន​​កិច្ចពិភាក្សា​ក្រុងអាស្តាណា នៅប្រទេស​កាហ្សាក់ស្ថាន​ ដើម្បីជំរុញ​​​អោ​យឆាប់រក​បាន​​ដំណោះស្រាយ​វិបត្តិ​​ស៊ីរី៕ ​ ​ ​​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI