អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ប្រទេស​តួកគី​កំពុង​ធ្វើដំណើរ​ទៅ​ផ្លូវណា​ ប្រជាធិបតេយ្យ​ ឬ​ផ្តាច់ការ?​

សំឡេង ០៥:០៥
នាយករដ្ឋមន្ត្រី​តួកគី លោក​Recep Tayyip Erdogan អរគុណ​អ្នកបោះឆ្នោត​គាំទ្រ​​គណបក្ស​​យុត្តិធម៌​ និង​​អភិវឌ្ឍន៍​​​ របស់​លោក។
នាយករដ្ឋមន្ត្រី​តួកគី លោក​Recep Tayyip Erdogan អរគុណ​អ្នកបោះឆ្នោត​គាំទ្រ​​គណបក្ស​​យុត្តិធម៌​ និង​​អភិវឌ្ឍន៍​​​ របស់​លោក។ Reuters
៣១ នាទី

នៅ​ក្នុង​ប្រទេស​តួកគី ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​កាល​ពី​ថ្ងៃទី៣០ មីនា​កន្លង​ទៅ​បាន​ផ្តល់​ជោគជ័យ​យ៉ាង​ធំធេង​ចំពោះ​គណបក្ស​អ៊ីស្លាម គឺ​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍​របស់​លោក​នាយករដ្ឋមន្រ្តី​ រីស៊ីប តាយីប អ៊ែរដូហ្គាន​ ដែល​កំពុង​កាន់អំណាច​សព្វថ្ងៃ។ តែ​លទ្ធផល​នេះ ស បញ្ជាក់​ឲ្យ​ឃើញ​ថា មាន​ប្រជាជន​តួកគី​កាន់​តែ​តិច​ទៅៗ​បាន​តម្លៃ​លើ​លទ្ធិប្រជាធិបតេយ្យ​តាម​បែប​បស្ចិមលោក និង​បន្ត​រក្សា​តម្លៃ​ប្រជាធិបតេយ្យ​តាម​បែប​តួកគី។ 

ផ្សាយពាណិជ្ជកម្ម

តំាង​ពី​ក្រោយ​ការ​ផ្ទុះ​បដិវត្ដន៍​ផ្កាម្លិះ​នៅ​ក្នុង​ពិភព​អារ៉ាប់​មក រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​នៃ​ប្រទេស​តួកគី​ដែល​ដឹកនំា​ដោយ​លោក​រីស៊ីប តាយីប អ៊ែរដូហ្គាន បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទំាង​អស់​ដើម្បី​ទប់​កុំ​ឲ្យ​មាន​ការ​ងើប​បះបោរ​ផ្ទៃក្នុង។ កម្មវត្ថុ​របស់​លោក​អ៊ែរដូហ្គាន គឺ​ចៀសវាង​កុំ​ឲ្យ​រូបលោក​ទទួល​ផលវិបាក​ដូច​ថ្នាក់ដឹកនំា​នៅ​ក្នុង​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត មាន​ដូច​ទុយនីស៊ី លីប៊ី ឬ​មួយ​ក៏​ប្រទេស​អេហ្ស៊ីប។ ដើម្បី​ប្រឈម​ទប់​នឹង​ចលនា​រំជើបរំជួល​ផ្ទៃក្នុង​បាន លោក​ប្រមុខ​រដ្ឋាភិបាល​មិន​ញញើត​នឹង​ប្រើ​វិធានការ​ផ្តាច់ការ​ដែល​ផ្ទុយ​ទំាង​ស្រុង​នឹង​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាជន​តួកគី​មួយ​ភាគ​ដែល​ស្រឡាញ់ និង​ឲ្យ​តម្លៃ​ខ្លំាង​លើ​លទ្ធិ​ប្រជាធិបតេយ្យ​​តាម​បែប​បស្ចិមលោក​ទេ។

តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ និង​ចម្លែក​បន្តិច​នៅ​ត្រង់​ថា ប្រជាជន​តួកគី​ខ្លួន​ឯង​បែរ​ជា​បាន​បោះឆ្នោត​បន្ត​គំាទ្រ​លោក​អ៊ែរដូហ្គាន​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នា​ពេល​ថ្មីៗ​នេះ​ទៅ​វិញ។ សំណួរ​ដែល​កំពុង​ចោទ​ឡើង​នៅ​ពេល​នេះ​គឺ​ថា តើ​ជោគជ័យ​របស់​គណបក្ស​អ៊ីស្លាម គឺ​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍​របស់​លោក​នាយករដ្ឋមន្រ្តី​រីស៊ីប តាយីប អ៊ែរដូហ្គាន ជា​ជោគជ័យ​បាន​មក​ដោយ​សុចរិត ឬ​មួយ​ក៏​បាន​មក​ដោយ​ការ​លួច​បន្លំ?។ ប្រសិន​បើ​ជា​ជោគជ័យ​បាន​មក​ដោយ​សុចរិត​មែន នោះ​វា ស បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រជាជន​តួកគី​ហាក់​ដូច​ជា​ពិបាក​នឹង​បោះបង់​ចោល​នូវ​ទំនៀមទម្លាប់​ចាស់​គំរិល​ដើម្បី​ផ្សំាខ្លួន​ទៅ​នឹង​ទំនៀមទម្លាប់​បែប​បស្ចិមលោក​ណាស់ និយាយ​បែប​ផ្សេង បញ្ចូល​ខ្លួន​ចូល​ក្នុង​សហភាព​អឺរ៉ុប។

កន្លង​មក លោក​ប្រធានាធិបតី​តួកគី​អាប់ឌូឡា ហ្គូល​ធ្លាប់​បាន​ជម្រុញ​រដ្ឋាភិបាល​លោក​អ៊ែរដូហ្គាន​ឲ្យ​ជ្រើស​យក​ផ្លូវ​អឺរ៉ុប​ដោយ​បញ្ជាក់​ថា ផ្លូវ​កំណែទម្រង់​ដែល​លោក​អ៊ែរដូហ្គាន​បាន​ធ្វើ​កន្លង​មក​ពិត​ជា​ផ្លូវ​ល្អ​សម្រាប់​អនាគត​តួកគី នោះ​បើ​ទោះ​បី​ជា​តួកគី​បាន​ចូល ឬ​មិន​បាន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ក៏​ដោយ។ តែ​ពាក្យ​សម្តី​ដែល​លោក​អាប់ឌូឡា ហ្គូល​បាន​និយាយ​នេះ ហាក់​ដូច​ជា​លោក​កំពុង​និយាយ​ទៅ​កាន់​មនុស្សថ្លង់​អ៊ីចឹង។ តាម​ពិត​ទៅ រវាង​លោក​ប្រមុខ​រដ្ឋ និង​លោក​ប្រមុខ​រដ្ឋាភិបាល វា​មិន​ខុស​អ្វី ពី​មួយ​ដំបរ និង ៤ ទេ ព្រោះ​ថា គឺ​រូប​លោក​អាប់ឌូឡា ហ្គូល​នេះ​ឯង​ដែល​បាន​រួម​ចំណែក​នៅ​ក្នុង​វិធានការ​កំណែទម្រង់​ប្រទេស​ដោយ​បាន​ចុះ​ហត្ថលេខា​លើ​គម្រោង​ច្បាប់​មួយ​ចំនួន​ដែល​ផ្ទុយ​នឹង​លទ្ធិប្រជាធិបតេយ្យ។

មួយ​វិញ​ទៀត ការ​ដែល​មាន​ប្រជាជន​តួកគី​រហូត​ដល់​ទៅ ៤៣% បាន​បោះឆ្នោត​គំាទ្រ​គណបក្ស​អ៊ីស្លាម​របស់​លោក​អ៊ែរដូហ្គាន​នោះ គឺ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា មាន​ប្រជាជន​តួកគី​កាន់​តែ​តិច​ទៅៗ​បាន​តម្លៃ​លើ​លទ្ធិប្រជាធិបតេយ្យ​តាម​បែប​បស្ចិមលោក និង​បន្ត​រក្សា​តម្លៃ​ប្រជាធិបតេយ្យ​តាម​បែប​តួកគី ដោយ​ទុក​ឲ្យ​លោក​អ៊ែរដូហ្គាន​បន្ត​ធ្វើ​ជា​មេកើយ​បន្ត​ទៀត។ សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ត្រូវ​បាន​រារំាង បណ្តាញ​សង្គម Twitter និង​កម្មវិធី YouTube ត្រូវ​បាន​បិទខ្ទប់ ឬ​មួយ​ក៏​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​ពី​សំណាក់​រដ្ឋាភិបាល ទំាង​នេះ​សុទ្ធសឹង​ជា​វិធានការ​ដែល​គេ​មិន​ដែល​ជួប​ប្រទះ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ប្រជាធិបតេយ្យ​ទេ។

ប្រទេស​តួកគី​របស់​លោក​នាយករដ្ឋមន្រ្តី​អ៊ែរដូហ្គាន​បាន​និង​កំពុង​ដើរ​លើ​ផ្លូវ​មួយ​ផ្សេង បញ្ច្រាស​ទិស​របស់​ផ្លូវ​អឺរ៉ុប​ប្រជាធិបតេយ្យ។ ពិត​ណាស់​ថា ក្រុម​សកម្មជន​របស់​គណបក្ស​អ៊ីស្លាម​បាន​នំា​គ្នា​និយាយ​ច្រើន​ពី​លទ្ធិ ប្រជាធិបតេយ្យ​ ព្រម​ទំាង​មិន​ញញើត​ធ្វើ​ការ​រិះគន់​ទិតៀន​លើ​អតីត​របប​របស់​លោក​អតីត​ប្រធានាធិបតី​ម័រស៊ី​ក្នុង​ប្រទេស​អេហ្ស៊ីប។ តែ​បញ្ហា​នៅ​ត្រង់​ថា លទ្ធិប្រជាធិបតេយ្យ​ដែល​ក្រុម​សកម្មជន​របស់​គណបក្ស​អ៊ីស្លាម​បាន​និង​កំពុង​ចេញ​មុខ​ការពារ​នៅ​ពេល​នេះ គឺ​ជា​លទ្ធិប្រជាធិបតេយ្យ​មួយ​ក្លែងក្លាយ​គ្មាន​តម្លៃ​ពិត​ដូច​លទ្ធិប្រជាធិបតេយ្យ​របស់​បស្ចិមលោក​ឯណា។ តើ​នេះ វា​មិន​ចម្លែក​ពេក​ទេ​ដឹង ឬ​យ៉ាង​ណា?

វា​មិន​ចម្លែក​ទេ ប្រសិន​បើ​គេ​ងាក​ក្រោយ​មើល​ប្រវត្តិ​របស់​ប្រទេស​តួកគី​បន្តិច​នោះ។ តំាង​ពី​ក្រោយ​ការ​បង្កើត​របប​សាធារណរដ្ឋ​ក្នុង​ឆ្នំា ១៩២៣ មក គ្មាន​រដ្ឋាភិបាល​ណា​មួយ​បាន​ប្រឹងប្រែង​ផ្លាស់ប្តូរ​តួកគី​ឲ្យ​ទៅ​ជា​ប្រទេស​មួយ​ដ៏​គួរ​ឲ្យ​គោរព និង​ដែល​សក្តិសម​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ទេ នោះ​បើ​ទោះ​បី​ជា​មាន​ប្រជាជន​តួកគី​ភាគ​ច្រើន​បាន​បង្ហាញ​ពី​បំណង​របស់​ខ្លួន​ចង់​ចូល​ទៅ​ក្នុង​សហភាព​អឺរ៉ុប​ក៏​ដោយ​ក្តី។ ទន្ទឹម​គ្នា​នេះ គេ​ក៏​មិន​ត្រូវ​ភ្លេច​រម្លឹក​ឡើង​វិញ​ទេ​ថា គណបក្ស​ដែល​បាន​ដឹកនំា​ប្រទេស​តួកគី​មុន​គណបក្ស​អ៊ីស្លាម​របស់​លោក​អ៊ែរដូហ្គាន ថែម​ទំាង​បាន​ចាត់​ទុក​អ្នក​ដែល​ការពារ​លទ្ធិប្រជាធិបតេយ្យ​ពិតៗ និង​ការពារ​សិទ្ធិមនុស្ស​ថា ជា​ក្រុមមនុស្ស​ដែល​មាន​គោលដៅ​បំផ្លាញ​អនាគត​តួកគី។ នៅ​សំបក​ក្រៅ ថ្នាក់ដឹកនំា​តួកគី​គ្រប់​ជំនាន់​តែងតែ​បាន​បង្ហាញ​ចេញ​នូវ​ឆន្ទៈ​ក្នុង​ការ​នំា​តួកគី​ទៅ​រក​គន្លង​ផ្លូវ​លទ្ធិ​ប្រជាធិបតេយ្យ​​ពិតៗ តែ​នៅ​ក្នុង​វិញ ពួក​គេ​បាន​ចាត់​ទុក​តម្លៃ​ពិត​របស់​លទ្ធិប្រជាធិបតេ្យ​ថា ជា​ការ​គំរាមកំហែង​លើ​ឯកភាព​ជាតិ​តួកគី។
ដូច្នេះ​ក្រោម​ភ្នែក ច្រមុះ​របស់​ក្រុមអ្នកប្រជាធិបតេយ្យ​ពិត តួកគី​សម័យ​ថ្មី​របស់​លោក​អ៊ែរដូហ្គាន​មិនមែន​ជា​ដែនដី​ដែល​ពួក​គេ​ចង់​បាន​នោះ​ទេ ហើយ​តួកគី​សម័យចាស់​បុរាណ ក៏​មិនមែន​ជា​ដែនដី​ដែល​ពួក​គេ​ចង់​បន្ត​រស់នៅ​ដែរ។ អ្វី​ដែល​ពួក​គេ​ចង់​បាន​ពិតប្រាកដ គឺ​តួកគី​សម័យ​ថ្មី​មួយ​ពោរពេញ​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ម្នាក់ៗ​មាន​សិទ្ធិសេរីភាព​ពេញ​លេញ ដោយ​មិន​មាន​អារម្មណ៍​ទទួល​ការ​គំរាមកំហែង​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ