តួកគីរៀបចំកងទ័ពឡើងវិញ ហ្គូឡិនចោទអ៊ែរដូហ្កានថាឈ្លក់នឹងអំណាច
ជិត២សប្តាហ៍ ក្រោយរដ្ឋប្រហារមិនបានសម្រេច តួកគីបានចាប់ផ្តើមរៀបចំកងទ័ពឡើងវិញ ដោយបណ្តេញទាហានរាប់រយនាក់ពីជួរកងទ័ព។ អាមេរិកកំពុងបារម្ភថា ការបោសសំអាតផ្ទៃក្នុងតួកគី អាចផ្តល់ផលអវិជ្ជមានដល់កិច្ចសហការរវាងតួកគីនិងអាមេរិក ក្នុងការកំចាត់ក្រុមជីហាតរដ្ឋអ៊ីស្លាម។ សកម្មជនប្រឆាំងហ្វេទូឡា ហ្គូឡិន បានចោទលោកអ៊ែរដូហ្កាន ថាឈ្លក់នឹងអំណាច។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សាយោធាជាន់ខ្ពស់តួកគី បានដំឡើងឋានន្តរសក្តិ ដល់វរសេនីយ៍ឯក៩៩រូប ក្នុងជួរសេនាប្រមុខរឺឧត្តមនាវី។ សេនាប្រមុខ៤៨នាក់ ត្រូវបានដាក់អោយចូលនិវត្តន៍។ តួកគីសម្រេចរក្សាតំណែងអគ្គមេបញ្ជាការធំៗ។
ជិត២សប្តាហ៍ ក្រោយរដ្ឋប្រហារមិនបានសម្រេច មន្ត្រីទាហានជិត១៧០០នាក់ គ្រប់ជាន់ថ្នាក់ ត្រូវបានបណ្តេញចេញពីតំណែង។ ថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រី ប៊ីណាល់លី យៀលឌីរីម បានប្រកាសបិទបន្ទាយទាហានមួយចំនួន និងមូលដ្ឋានទ័ពអាកាសនៅជិតក្រុងអង់ការ៉ា។ រដ្ឋាភិបាលតួកគីចោទលោកហ្វេទូឡា ហ្គូឡិន ដែលកំពុងភៀសខ្លួននៅអាមេរិក ថាជាអ្នកនៅពីក្រោយខ្នងរដ្ឋប្រហារថ្ងៃ១៥កក្កដា។
ក្រសួងការបរទេសតួកគីលើកឡើងថា ពេលតួកគីបោសសំអាតចលនាក្រុមហ្គូឡិនចប់សព្វគ្រប់ កងទ័ពនឹងមានភាពរឹងមាំជាងមុន។ ពេលនេះ ប្រធានាធិបតីអ៊ែរដូហ្កាន ចង់អោយកងទ័ពនិងភ្នាក់ងារចារកិច្ចជាតិស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីផ្ទាល់។ តាមធម្មតា គឺនាយករដ្ឋមន្ត្រីជាអ្នកគ្រប់គ្រងកងទ័ពនិងភ្នាក់ងារចារកិច្ច។
សកម្មភាពបោសសំអាតផ្ទៃក្នុងតួកគី ធ្វើអោយអាមេរិកបារម្ភ ថាអាចប៉ះពាល់កិច្ចសហការរវាងប្រទេសទាំង២ ក្នុងការកំចាត់ក្រុមជីហាត។ មូលហេតុដោយសារតែមន្ត្រីតួកគីមួយចំនួនដែលចរចាកិច្ចការកំចាត់ក្រុមជីហាតជាមួយអាមេរិក ត្រូវបានចាប់ខ្លួន។
ក្នុងយុទ្ធនាការកំចាត់ក្រុមជីហាត អាមេរិកប្រើមូលដ្ឋានទ័ពអាកាសតួកគីមួយកន្លែង ឈ្មោះថា Incirlik។ ក្រោយរដ្ឋប្រហារមិនបានសម្រេច តួកគីបានបិទលំហអាកាសបណ្តោះអាសន្ន ធ្វើអោយអាមេរិកពិបាកប្រតិបត្តិការយន្តហោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ