អានតួអត្ថបទ
តួកគី-អាមេរិក

តួកគី​បដិសេធ​មិន​បញ្ជូន​ទ័ព​ទៅ​ចូលរួម​ជាមួយ​កម្លំាងអន្តរជាតិ​ដើម្បី​កម្ទេច​ពួកជីហាត​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី

លោក​ប្រមុខ​ការទូតអាមេរិក​ចន ឃ៊ែរី និង​លោក​ប្រធានាធិបតី​តួកគី
លោក​ប្រមុខ​ការទូតអាមេរិក​ចន ឃ៊ែរី និង​លោក​ប្រធានាធិបតី​តួកគី REUTERS/Brendan Smialowski
១៤ នាទី

ដូច​ដែល​បាន​គ្រោង​ទុក ប្រទេស​តួកគី​នឹង​មិន​រួមចំណែក​ជា​កម្លំាងទ័ព​ជាមួយ​កម្លំាង​អន្តរជាតិ​ដែល​នំា​មុខ​ដោយ​អាមេរិក​ដើម្បី​វាយប្រហារ​ពួក​ជីហាត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី​ទេ។ នេះ​ជា​លទ្ធផល​នៃ​កិច្ចសន្ទនា​រយៈពេល ២ម៉ោងកន្លះ​រវាង​លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ចន ឃ៊ែរី និង​សមភាគី​តួកគី​លោក​មេវលូ សាហ្វ៊ូសូគ្លូ ព្រម​ទំាង​លោក​នាយករដ្ឋមន្រ្តី និង​លោក​ប្រធានាធិបតី​តួកគី​ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

 

សម្រាប់​ទីក្រុង​អង់ការ៉ា​គឺ​ច្បាស់​ណាស់ តួកគី​ត្រូវ​ធ្វើ​អ្វីៗ​ដោយ​ប្រយ័ត្នប្រយែង​ជា​បំផុត​ដើម្បី​ការពារ​ជីវិត​ចំណាប់ខ្មំាង​របស់​ខ្លួន​ចំនួន ៤៩នាក់​ដែល​កំពុង​ស្ថិត​ក្នុង​កណ្តាប់ដៃ​ពួកជីហាត​តំាង​ពី ៣ខែ​មក​ហើយ។ តែ​តួកគី​នៅ​តែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម​ដដែល។ ប្រភព​ព័ត៌មាន​ច្បាស់​ការ​ឲ្យ​ដឹង​ថា តួកគី​នឹង​បន្ត​ពង្រឹង​បន្ថែម​ទៀត​នៅ​ក្នុង​ផ្នែក​ចែកចាយ​ព័ត៌មាន និង​កិច្ចការ​សម្ងាត់​ផ្សេងៗ​ទៀត​ក្នុង​គោលដៅ​ត្រួតពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​នូវ​ចរាចរណ៍​អាវុធ​ដោយខុស​ច្បាប់​នៅ​តាម​ព្រំដែន។ ក្នុង​ន័យ​នេះ អាមេរិក​បាន​បបោសអង្អែល​តួកគី​ឲ្យ​ចាត់​វិធានការ​ទប់ស្កាត់​នូវ​ចរាចរណ៍​ចេញ ចូល​របស់​ក្រុម​សកម្មជន​អ៊ីស្លាមនិយមជ្រុល​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់ ពិសេស​គឺ​ស៊ីរី។

យ៉ាង​ណា​ក៏​ដោយ គេ​មិន​អាច​ដឹង​ព័ត៌មាន​លំអិត​ជុំវិញ​ប្រធានរឿង​ដែល​អាមេរិក​បាន​លើក​យក​ទៅ​ជជែក​ជាមួយ​តួកគី​ឡើយ ពិសេស​មិន​ដឹង​ថា តើ​អាមេរិក​បាន​និយាយ​រឿង​អ្វី​ខ្លះ​ជាមួយ​សម្ព័ន្ធមិត្ត​យុទ្ធសាស្រ្ត​ដែល​ជា​សមាជិក​របស់​អង្គការ​អូតង់​ម្នាក់​នេះ​ទេ។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​ចង់​ដឹង​នោះ​គឺ​ថា តើ​អាមេរិក​មាន​បាន​ស្នើ​តួកគី​ឲ្យ​ផ្តល់​ឆ្នេរមេឌីទែរ៉ាណេ​នៅ​ក្នុង​ស្រុក​អ៊ីនសៀលីក​ធ្វើ​ជា​មូលដ្ឋាន​ទ័ពអាកាស​សម្រាប់​កម្លំាងអន្តរជាតិ​ក្នុង​ការ​វាយប្រហារ​ពួ​ជីហាត​នៅ​អ៊ីរ៉ាក់ ឬ​នៅ​ស៊ីរី ឬ​អត់។ អ្វី​ដែល​គេ​ដឹង ទីក្រុង​អង់ការ៉ា​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ពី​ការ​គំាទ្រ​របស់​ខ្លួន​ផ្នែក​ស៊ីវិល​ចំពោះ​កម្លំាងអន្តរជាតិ​នំា​មុខ​ដោយ​សហរដ្ឋអាមេរិក និង​ថា ខ្លួន​បន្ត​បញ្ជូន​ជំនួយមនុស្សធម៌​ទៅ​ឲ្យ​ប្រជាជន​ស៊ីរី​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ពួកឧទ្ទាម​ស្ថិត​ប៉ែក​ខាង​ជើង​ស៊ីរី។

ឃើញ​ថា​ពេល​នេះ តួកគី​មិន​ចង់​លែងល្បែង​ប្រថុយប្រថាន​មួយ​ដែល​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ចំណាប់​ខ្មំាង​របស់​ខ្លួន​ទេ។ ទីក្រុង​អង់ការ៉ា​មិន​ចង់​និយាយ​ពី​ជំនួយ​យោធា​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ឬ​ស៊ីរី​ទេ តែ​ទន្ទឹម​គ្នា​នេះ តួកគី​ក៏​ចង់​បន្ត​រក្សា​មិត្តភាព និង​ភាព​ស្មោះត្រង់​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ