ដំណើររឿងស្តីពីការចាប់ខ្លននិងសម្លាប់អ្នកកាសែត RFI នៅប្រទេសម៉ាលី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីយប់ថ្ងៃសៅរ៍ ក្រសួងការបរទេសបារាំងបានបញ្ជាក់ជាផ្លូវការថា អ្នកកាសែតពីររូបរបស់វិទ្យុបារាំងអន្តរជាតិ RFI ផ្នែកការផ្សាយជាភាសាបារាំង ត្រូវបានគេសម្លាប់ នៅក្នុងប្រទេសម៉ាលី។ ហេតុការណ៍បានកើតឡើង កាលពីរសៀលថ្ងៃសៅរ៍ម្សិលមិញ នៅក្នុងតំបន់ Kidal ប៉ែកខាងជើងប្រទេសម៉ាលី។ អ្នកកាសែតទាំងពីររូបត្រូវបានក្រុមជនប្រដាប់អាវុធចាប់ដាក់ឡាន រួចហើយសម្លាប់ចោល នៅប្រមាណជា ១០គីឡូម៉ែត្រពី Kidal។
ហេតុការណ៍បានកើតឡើង កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅវេលាម៉ោង ១រសៀល ម៉ោងនៅម៉ាលី (ត្រូវនឹងម៉ោង ៨យប់ ម៉ោងនៅកម្ពុជា)។ Ghislaine Dupont និង Claude Verlon ដែលត្រូវបានបញ្ជូនពីប៉ារីសឲ្យទៅយកការណ៍ជុំវិញការបោះឆ្នោតតំណាងរាស្រ្តម៉ាលី កំពុងស្ថិតនៅក្នុងទីក្រុង Kidal ប៉ែកខាងជើងប្រទេសម៉ាលី។ អ្នកកាសែត RFI ទាំងពីររូបទើបនឹងបញ្ចប់ការសម្ភាសន៍ជាមួយនឹងសមាជិកម្នាក់នៃក្រុមឧទ្ទាម MNLA ក៏ស្រាប់តែត្រូវជនប្រដាប់អាវុធមួយក្រុមចាប់ដាក់ឡាន ហើយបើកចេញទៅ។
១៥នាទីក្រោយមក កងទ័ពបារាំង ដែលមានគ្នាប្រមាណជា ២០០នាក់ កំពុងប្រចាំការ នៅ Kidal បានទទួលដំណឹងពីហេតុការណ៍នេះ។ សេនាធិការរដ្ឋានកងទ័ពបារាំងបានអះអាងថា ភ្លាមៗក្រោយពីទទួលដំណឹងនេះ ទាហានបារាំង ប្រមាណជា ៣០នាក់ រួមជាមួយនឹងរថពាសដែកផងក៏បានចេញតាមរកអ្នកកាសែតទាំងពីរ ហើយក្នុងពេលជាមួយគ្នា ឧទ្ធម្ភាគចក្រពីរគ្រឿង ត្រូវបានគេបញ្ជូនពីមូលដ្ឋានទ័ពបារាំងមួយទៀត ដែលស្ថិតនៅចម្ងាយប្រមាណជា ២៥០គីឡូម៉ែត្រពី Kidal។
ជិត ២ម៉ោងក្រោយមក នៅម៉ោង ២ និង ៥០នាទី កងទ័ពបារាំងក៏បានរកឃើញរថយន្តមួយគ្រឿង ដែលគេទុកចោល នៅចម្ងាយប្រមាណជាជាង ១០គីឡូម៉ែត្រពី Kidal ហើយនៅក្បែររថយន្តនោះ គេបានរកឃើញសាកសពរបស់ Ghislaine Dupont និង Claude Verlon។
រហូតមកទល់នឹងពេលនេះ គេអាចត្រឹមតែដឹងថា អ្នកកាសែតទាំងពីររូបត្រូវក្រុមជនប្រដាប់អាវុធចាប់ខ្លួន ហើយក្រោយមក គេបានរកឃើញសាកសពអ្នកទាំងពីរ នៅក្បែររថយន្ត ដែលគេបោះបង់ចោល។ ក៏ប៉ុន្តែ គេនៅតែមិនទាន់អាចដឹងលម្អិតច្បាស់នៅឡើយទេ អំពីហេតុការណ៍ជុំវិញការស្លាប់របស់អ្នកកាសែតទាំងពីររូបនេះ។ បើតាមលោកឡូរ៉ង់ ហ្វាប៊្យូស រដ្ឋមន្រ្តីការបរទេសបារាំង អ្នកកាសែតទាំងពីររូបត្រូវស្លាប់ដោយគ្រាប់កាំភ្លើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ