ព្យុះណារិ បង្កអោយមានភ្លៀងបង្គួរនៅថ្ងៃទី១៥ និង១៦តុលា
មានព្យុះចំនួន២ដែលកំពុងវាយប្រហារនៅក្នុងតំបន់អាស៊ី។ ទីមួយ គឺព្យុះសង្ឃរា ផៃលិន Phailin ដែលបានវាយប្រហារតំបន់ឆ្នេរប្រទេសឥណ្ឌា និងទី២ គឺព្យុះណារិ Nari ដែលបានវាយប្រហារហ្វីលីពីន និងបានកំពុងបន្តមកដល់តំបន់ឆ្នេរភាគកណ្តាល នៃប្រទេសវៀតណាម។ មន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់អោយដឹងថា ព្យុះសង្ឃរាផៃលិន មិនជះឥទ្ធិពលដល់កម្ពុជាទេ ប៉ុន្តែ ព្យុះណារិ នឹងបង្កអោយមានភ្លៀងធ្លាក់នៅខេត្តភាគខាងកើតក្នុងប្រទេសកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ភ្លៀងធ្លាក់នៅក្នុងបណ្តាខេត្តភាគខាងកើត ក្នុងប្រទេសកម្ពុជា ដូចជាព្រៃវែង ស្វាយរៀង កំពង់ចាមនៅពេលនេះ គឺជាឥទ្ធិពលប្រយោលពីព្យុះ ណារិ ដែលបានកើតឡើងក្នុងលំហសមុទ្រប៉ាស៊ីហ្វិក។
លោកអ៊ុំ រីណា អនុប្រធានក្តាប់រួមនាយកដ្ឋានឧតុនិយមនៃក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ឥទ្ធិពលនៃព្យុះណារិ នឹងបង្កអោយមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ រវាងពីថ្ងៃទី១៥ ដល់១៦តុលាខាងមុខនេះ នៅក្នុងបណ្តាខេត្តមួយចំនួនដូចជា ស្ទឹងត្រែង ក្រចេះ កំពង់ធំ កំពង់ចាម ព្រៃវែង និងស្វាយរៀងជាដើម។ បើតាមលោកអ៊ុំ រីណា ភ្លៀងធ្លាក់ដែលកើតឡើងដោយឥទ្ធិពលព្យុះណារិនោះ នឹងមិនបង្កអោយមានជំនន់ដូចក្នុងពេលកន្លងមកនោះឡើយ។
ព្យុះណារិបានវាយប្រហារប្រទេសហ្វីលីពីន ហើយបានធ្វើអោយមនុស្សស្លាប់១៣នាក់។ វាបានបន្តមកតំបន់ឆ្នេរភាគកណ្តាលនៃប្រទេសវៀតណាម ដែលបង្កអោយមានឥទ្ធិពលដល់កម្ពុជា។
ចំណែកព្យុះសង្ឃរាឈ្មោះ ផៃលិន Phailin ដែលបានវាយប្រហារតំបន់ឆ្នេរសមុទ្រឥណ្ឌានោះនឹងគ្មានឥទ្ធិពលមកដល់កម្ពុជាឡើយ។ នេះបើតាមការអះអាងរបស់មន្ត្រីជំនាញនៃក្រសួងធនធានទឹកដដែល ដែលពន្យល់ថា ព្យុះដែលកើតក្នុងមហាសមុទ្រឥណ្ឌាមិនដែលជះឥទ្ធិពលមកដល់កម្ពុជាឡើយ។ កម្ពុជារងឥទ្ធិពលនៃព្យុះណាដែលកើតក្នុងលំហសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បូងតែប៉ុណ្ណោះ។
គួររម្លឹកថា ដោយសារឥទ្ធិពលខ្យល់ព្យុះ និងភ្លៀងធ្លាក់នៅក្នុងប្រទេសជិតខាងកម្ពុជា ដូចជាថៃ និងវៀតណាមនេះហើយ បានជាកម្ពុជាត្រូវរងគ្រោះមហន្តរាយដោយទឹកជំនន់នៅពេលនេះ។ ទឹកជំនន់ដែលបានធ្វើអោយកម្ពុជាខាតបង់ប្រមាណ៣០០លានដុល្លារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ