អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Jean Claude Junker បុរស​ដែល​ធ្វើ​ឲ្យ​អង់គ្លេស​​ឯកោ​នៅ​ក្នុង​​សហភាព​អឺរ៉ុប

សំឡេង ០៧:៤៧
លោក​Jean Claude Junker ជាបេក្ខជន​ដ៏ចម្រូងចម្រាស​សម្រាប់​តំណែង​ប្រធាន​គណៈកម្មការ​អឺរ៉ុប
លោក​Jean Claude Junker ជាបេក្ខជន​ដ៏ចម្រូងចម្រាស​សម្រាប់​តំណែង​ប្រធាន​គណៈកម្មការ​អឺរ៉ុប ©REUTERS/Francois Lenoir
ដោយ៖ ឈាង បុប្ផា
៤៦ នាទី

នៅថ្ងៃព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​ទី ២៧ មិថុនា ប្រមុខដឹកនាំ​ប្រទេស​សមាជិក​អឺរ៉ុប ត្រូវ​ជួប​ពិភាក្សា​គ្នា នៅក្នុង​ជំនួប​កំពូល​អឺរ៉ុប​ដែល​ត្រូវរៀបចំ​ឡើង នៅ​ទីក្រុង​Ypres ភាគពាយ័ព្យ​របស់​ប្រទេស​ប៊ែលហ្សិក។ បរិយាកាស​នៅក្នុង​ជំនួប​កំពូល​អឺរ៉ុប​លើកនេះ​អាច​ត្រូវ​បំពុល​ដោយ​រឿង​មិន​ចុះ​សម្រុង​គ្នា ទាក់ទង​បេក្ខជន​ដែល​នឹង​ត្រូវ​ក្លាយ​ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប។ ​អង់គ្លេស ដែល​ជា​សមាជិក​សំខាន់​មួយ​របស់​សហភាព​អឺរ៉ុប​កំពុង​ប្រឆាំង​ដាច់ខាត មិន​ចង់​ឲ្យ​គេ​តែងតាំង​លោក​ Jean Claude Junker​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប។ 

ផ្សាយពាណិជ្ជកម្ម

លោក​Jean Claude Junker អាយុ ៥៩​ឆ្នាំ ​ជា​អតីត​នាយក​រដ្ឋមន្រ្តី​របស់​លុចសំបួរ។ បច្ចុប្បន្ន​លោក​ជាប្រធានក្រុម​គណបក្ស​ប្រជាជន​អឺរ៉ុប ដែល​បាន​ឈ្នះឆ្នោត​ធំធេង នៅក្នុង​ការបោះ​ឆ្នោត​​សភា​អឺរ៉ុប កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។ ដោយ​មក​ពី​​ប្រជាប្រិយភាព​នេះ ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក​Herman Van Rompuy បាន​មើល​ឃើញ​ថា លោក​ Jean Claude Junker ​ជា​បេក្ខជន​សក្តិសម​ជាងគេ សម្រាប់​ដឹកនាំ​គណៈកម្មការ​អឺរ៉ុប បន្ត​ពី​លោក ពីលោក​Barroso ដែល​ត្រូវ​បញ្ចប់​អាណត្តិ​នៅ​ខែ​តុលា​ខាងមុខ។ លោក​Herman Van Rompuy បាន​ស្នើ​បេក្ខភាព​របស់​លោក​ Jean Claude Junker ជូន​ក្រុមប្រឹក្សា​អឺរ៉ុប ជា​អ្នកជ្រើសរើស​ជាផ្លូវការនៅ​ថ្ងៃ​សុក្រ​ស្អែក មុន​នឹង​បញ្ជូន​ទៅ​អនុម័ត ជាចុង​ក្រោយ នៅ​សភាអឺរ៉ុប នៅ​ពាក់​កណ្តាល​ខែ​កក្កដា​ខាងមុខ។

 
ទៅតាម​កិ្រតក្រម គឺ​ក្រុមប្រឹក្សា​អឺរ៉ុប ដែល​មាន​ប្រមុខរដ្ឋ​របស់​ប្រទេស ទាំង​២៨ ​ ជា​សមាជិក ដែល​ជា​អ្នកជ្រើសរើស​ប្រធាន​គណៈកម្មការ​អឺរ៉ុប។ ប្រទេស​ដឹកនាំ​ដោយ​បក្ស​សង្គមនិយម នៅ​អឺរ៉ុប​គាំទ្រ​ភា្លម​បេក្ខភាព​លោក​ Jean Claude Junker ប៉ុន្តែ លោក នាយករដ្ឋមន្រ្តី​អង់គ្លេស ​ដាវីដ កាមឺរូន​វិញ​បាន​ធ្វើ​យុទ្ធនាការ ជាង​ពីរសប្តាហ៍​មកហើយ ដើម្បី​គៀងគរ​ប្រទេស​ផ្សេង​ទៀត ឲ្យ​គាំទ្រ​ខ្លួន ដើម្បី​ប្រឆាំង​កុំ​ឲ្យ​លោក​ Jean Claude Junker​អាច​ក្លាយ​ជា​ប្រធាន​គណៈកម្មការ​​អឺរ៉ុប។

តាម​ការបកស្រាយ​របស់​អង់គ្លេស​មាន​ហេតុផល​ជាច្រើន​ដែលលោក​ Jean Claude Junker​មិន​គួរ​ក្លាយ​ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប។ ទីមួយ គឺ​លោក​ Jean Claude Junker​មាន​និន្នាការ​នយោបាយ​ចង់​ពង្រឹង​អំណាច ឥទ្ធិពល​សហភាព​អឺរ៉ុប ចង់សហភាព​អឺរ៉ុប​ក្លាយ​ជាម្ចាស់​អំណាច​កណ្តាល គ្រប់គ្រង​ប្រទេស​សមាជិក​ផ្សេងទៀត ដូចក្នុង​ករណី​សហរដ្ឋអាមេរិក ដែល​ផ្គុំ​ចូល​ដោយ​រដ្ឋ​ជាច្រើន​ដូច្នោះដែរ។ គំនិត​នេះ ផ្ទុយ​ពីការចង់​បាន​របស់​អង់គ្លេស​ដែល​គ្រាន់​តែ​ចង់​ឲ្យ​សហភាព​អឺរ៉ុប​ដើរតួនាទី​ត្រឹម​ជា​ទីផ្សារ​តែមួយ ដែល​មាន​ប្រយោជន៍​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​ជា​សមាជិក​តែប៉ុណ្ណោះ។ តាម​អង់គ្លេស បើសិន​លោក​ Jean Claude Junker​ឡើង​កាន់​ជា​ប្រធានគណៈកម្មការ​អឺរ៉ុប នោះ សហភាព​អឺរ៉ុប​នឹង​ស្រូប​យក​អំណាច​ពី​ប្រទេស​ជាសមាជិក។ នេះ​ជាក្តី​បារម្ភ​ចំបង​របស់​អង់គ្លេស ព្រោះ​ថា អង់គ្លេស​មិន​ចង់បាត់បង់​អំណាច​គ្រប់គ្រង​ប្រទេស​របស់ខ្លួន​ទៅ​ឲ្យ​សហភាព​អឺរ៉ុប។

ទីពីរ​ទៀត បើសិន​ជា​លោក​ Jean Claude Junker​ក្លាយ​ជា​ប្រធានគណៈកម្មការ​អឺរ៉ុប នោះ នាយករដ្ឋមន្រ្តី​អង់គ្លេស​មិន​សង្ឃឹមថា Jean Claude Junker​នឹង​មិន​ធ្វើ​កំណែទម្រង់ ស៊ីជម្រៅ ដែល​ជា​ការទាមទារ​រហូតមក​របស់​អង់គ្លេសទេ។ និយាយ​រួម ក្នុង​កែវភ្នែក​របស់​អង់គ្លេស លោក​ Jean Claude Junker​នឹង​ក្លាយ​ជា​បន្លា​ក្នុង​កែវភ្នែក ឬជាអ្នក​ចាំតែ​យក​ដៃ​រាទឹក​ទៅវិញទេ។

ចំណុច​ចុងក្រោយ​មួយទៀត ដែល​ធ្វើ​ឲ្យ​​នាយករដ្ឋមន្រ្តី​អង់គ្លេស​ប្រឆាំង​ដាច់ខាត នោះ​គឺ​របៀប​ជ្រើសរើស​បេក្ខជន​សម្រាប់តំណែង​ប្រធាន​គណៈកម្មការ​អឺរ៉ុប។ ប្រទេស​ភាគច្រើន​គាំទ្រ​បេក្ខភាព​លោក​ Jean Claude Junker​ព្រោះ​តែ​លោក​ Jean Claude Junker​មាន​ការគំាទ្រ​ច្រើន​ពី​សភា​អឺរ៉ុប។ គឺ​ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​នាយករដ្ឋមន្រ្តី អង់គ្លេស​ប្រឆាំង​ខ្លាំង។ តាម​អង់គ្លេស គឺ​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​២៨​ដែល​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​អឺរ៉ុប ដែល​ជា​អ្នកមាន​សិទ្ធិ​ជ្រើសរើស​ប្រធានគណៈកម្មការ​អឺរ៉ុប ពោល​គឺ​អំណាច​ប្រតិបត្តិ​ដែល​មាន​សិទ្ធិ​សម្រេច ដោយ​គ្មាន​រងឥទ្ធិពល​អ្វី​ពី​សភា​អឺរ៉ុប ដែល​ជា​អំណាច​និតិប្រតិបត្តិ​នោះទេ។ នាយក​រដ្ឋមន្រ្តី​អង់គ្លេស ផ្តោត​លើ​ចំណុច​នេះ ព្រោះ​នៅក្នុង​ប្រទេស​អង់គ្លេស​ផ្ទាល់ រដ្ឋសភា ក៏​កំពុង​ពង្រីកដែន​ឥទ្ធិពល ទៅលើ​រដ្ឋាភិបាល​ដែរ។

តាំងពី​ដំបូងទី អង់គ្លេស​សង្ឃឹម​ថា មាន​ហូឡង់ ស៊ុយអែត ដែល​ជា​ប្រទេស​សេរី ឬ​ប្រទេស​ហុងគ្រី​ដែល​សំបូរ​ដោយ​ក្រុមអ្នកនយោបាយ​ជាតិនិយម គាំទ្រ។ ប៉ុន្តែ តាំងពី​ថ្ងៃ​ម្សិលមិញ ទាំង​ហូឡង់ និង​ស៊ុយអែត​បាន​បញ្ចេញ​ជំហរ​គាំទ្រ​បេក្ខភាព​របស់​លោក​ Jean Claude Junker ​ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈកម្មការអឺរ៉ុប។ អង់គ្លេស​កំពុង​រង់ចាំ​មើល​ជំហរ​ចុងក្រោយ​របស់​ហុងគ្រី។

ក្នុង​អតីតកាល អង់គ្លេស​ក៏ធ្លាប់​បាន​គាំទ្រ​ពី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ដែល​ធ្លាប់​ជំទាស់ មិន​ចង់​ឲ្យ​លោក​ Jean Claude Junker​ក្លាយ​ជា​ប្រធានគណៈកម្មការ​អឺរ៉ុប។ ប៉ុន្តែ នៅក្រោយ​លទ្ធផល​បោះឆ្នោត​សភា​អឺរ៉ុប​ដែល​បង្ហាញ​ពី​ការកើនឡើង​នៃ​ក្រុមគណបក្ស​ប្រជាជន​អឺរ៉ុប​របស់​លោក​ Jean Claude Junker លោកស្រី​នាយករដ្ឋមន្រ្តី​អង់ហ្គែឡា មែរគែល​ក៏​បាន​ផ្លាស់ប្តូរ​ជំហរ​វិញ។ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ លោកស្រី​បាន​និយាយ​ទៅកាន់​សភា​អាល្លឺម៉ង់ថា វា​នឹង​មិន​ជា​សោកនាដកម្ម​អ្វីទេ បើសិន​ជា​លោក​ Jean Claude Junker​អាច​ជាប់​ជា​ប្រធានគណៈកម្មការ​អឺរ៉ុប ដោយ​មិន​មាន​សំឡេង​គាំទ្រ​លើសលប់​នោះ។ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ចង់​សំដៅ​ថា លោក​ Jean Claude Junker​នឹងក្លាយ​ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប បើទោះបី​ជា​អង់គ្លេស មិន​គាំទ្រ ក៏ដោយ។

យ៉ាងណាក៏ដោយ អាល្លឺម៉ង់​មិន​បាន​បោះបង់​ចោល​អង់គ្លេស ទាំងស្រុងទេ។ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​យល់ព្រម​ឲ្យ​មាន​ការបោះឆ្នោត ជ្រើសរើស​ប្រធានគណៈកម្មការអឺរ៉ុប នៅថ្ងៃ​ស្អែក​ទៅតាម​ការទាមទារ​របស់​អង់គ្លេស។ ដោយសារ​តែ​ប្រឆាំង​នឹង​បេក្ខភាព​របស់​លោក​ Jean Claude Junker អង់គ្លេស​ត្រូវ​ទទួល​ភាព​ឯកោ កាន់តែខ្លាំង នៅក្នុង​សហភាព​អឺរ៉ុប។ នេះមិនមែន​ជា​លើកទីមួយ​ទេ ដែល​អង់គ្លេស​ត្រូវ​ប្រទេស​សមាជិក​អឺរ៉ុប​ផ្សេងទៀត ទុក​ឲ្យ​ឯកោរ។ រហូតមក អ្វីដែល​អង់គ្លេស​ស្នើឡើង តែងតែ​ត្រូវ​ក្រុមប្រឹក្សា​អឺរ៉ុប បដិសេធ ជានិច្ច។ នាយករដ្ឋមន្រ្តី​អង់គ្លេស​បាន​ព្យាយាម​តវ៉ា ឲ្យ​គេ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ជាពិសេស រឿង​ចាយវាយ​ត្បិតត្បៀត ថវិកា​របស់​អឺរ៉ុប។ តាម​អ្នកវិភាគ​មួយចំនួន អង់គ្លេស ចូល​ជាសមាជិក​របស់​អឺរ៉ុប ដើម្បី​គិត​តែ​ប្រយោជន៍​សម្រាប់​​ខ្លួនតែប៉ុណ្ណោះ គឺ​ចង់​បាន​ចំណេញពី​ទីផ្សារ​តែមួយ​របស់​អឺរ៉ុប  ប៉ុន្តែ​មិន​ចង់​ចែក​រំលែក ជួយ​យឹតយោង​ប្រទេស​សមាជិក​ក្រីក្រ​ផ្សេងទៀត​របស់​អឺរ៉ុប​ទេ។

បរាជ័យ​លើក​នេះ​អាច​បញ្ជាក់ថា អង់គ្លេស កាន់តែ​មាន​ទឹកមាត់​សាប និយាយ​អ្វី​ក៏​គេ​មិនស្តាប់​ដែរ នៅ​ក្នុង​ក្រុមប្រឹក្សា​អឺរ៉ុប។ បើ​ដូច្នេះ តើអង់គ្លេស​នឹង​មាន​ប្រយោជន៍​អ្វី​ត្រូវ​ស្ថិតនៅក្នុង​សហភាព​អឺរ៉ុប​តទៅទៀត។ ត្រង់​ចំណុចនេះហើយ ដែល​គេ​គិត​ថា បរាជ័យ​របស់​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​លើកនេះ​នឹង​អាច​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​ដូរ​ជំហរ​នយោបាយ។ ពីមុន​ រដ្ឋាភិបាល​ព្យាយាម​​ទប់​ប្រជាជន​អង់គ្លេស កុំ​ឲ្យ​បោះឆ្នោត ដើម្បី​ធ្វើ​ឲ្យ​អង់គ្លេស​ដើរ​ចេញ​ពី​អឺរ៉ុប។ ប៉ុន្តែ ស្ថានការណ៍​លើកនេះ​អាច​ធ្វើ​រដ្ឋាភិបាល​អង់គ្លេស​ចូលរួម ធ្វើ​ឲ្យ​ប្រជាជន​អង់គ្លេស​យល់ព្រម​ទាំងអស់​គ្នា ដើម្បី​ធ្វើ​ឲ្យ​អង់គ្លេស​ដើរចេញ​ពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​ការស្តាយក្រោយ។

បេក្ខភាព​របស់​Jean Claude Junker អាច​ធ្វើ​ឲ្យ​អង់គ្លេស​ដកខ្លួន​ចេញពី​សហភាពអឺរ៉ុប
គ្មាននរណា​ចង់​ឲ្យ​អង់គ្លេស​ដើរចេញ​ពី​សហភាពអឺរ៉ុបទេ។ ដើម្បី​ឃាត់​ទុក អង់គ្លេស​ឲ្យ​នៅក្នុង​អឺរ៉ុប លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ផ្ទាល់​ធ្លាប់​បាន​សន្យា​ទៅ​នាយករដ្ឋមន្រ្តី​អង់គ្លេស ថា នឹង​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​បន្ថែម​ទៀត នៅក្នុង​សហភាពអឺរ៉ុប។ ពោល​គឺ​ដើម្បី​ជួយ​លោក​ដាវីដ កាមឺរូន បញ្ចុះបញ្ចូល​ប្រជាជន​អង់គ្លេស ដែល​មួយចំនួន​ចង់​ឲ្យ​អង់គ្លេស​ដកខ្លួន​ពី​អឺរ៉ុប។ ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី​ដែល​មិន​សូវទុកចិត្ត​លើ​សមត្ថភាព​អឺរ៉ុប លោក​ដាវីដ កាមឺរូនធ្លាប់​បាន​សន្យា​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ នៅ​ឆ្នាំ ២០១៧ ដែល​នៅក្នុង​នោះ ប្រជាជន​​អង់គ្លេស​នឹង​សម្រេច​ថា តើ​ត្រូវ​នៅ ឬ​ចាកចេញ​ពី​សហភាព​អឺរ៉ុប។

គ្រប់គ្នា​មិន​ចង់ឃើញ​អង់គ្លេស​ដើរចេញ​ពី​អឺរ៉ុប ប៉ុន្តែ គេ​ក៏​មិន​អាច​ធ្វើ​ទៅតាម​ការស្នើសុំ​របស់​អង់គ្លេស ដែល​មាន​លក្ខណៈ​ដូច​កូនក្មេង​នោះដែរ។ មានន័យថា បើ​មិន​ពេញចិត្ត​បុគ្គល​ណា​ម្នាក់ ក៏​ប្រឆាំង​ភ្លាម ទៅតាម​ការចង់បាន​របស់ខ្លួន ប៉ុន្តែ មិនមែន​សម្រេច​ដោយ​សុភវិនិច្ឆ័យ និង​ពឹងផ្អែក​លើ​មូលដ្ឋាន​ច្បាប់។

តាម​សន្ធិសញ្ញា​លីស្បូន ប្រធាន​គណៈកម្មការ​អឺរ៉ុប​ត្រូវ​ជ្រើសតាំង ដោយ​ពឹង​ផ្អែក​ទៅលើ​លទ្ធផល​បោះឆ្នោត​សភា​អឺរ៉ុប គឺ​គេត្រូវស្តាប់ការចង់​បាន​របស់​ប្រជាជន។ គេ​ត្រូវ​ជ្រើសរើស​មេដឹកនាំ​គណៈកម្មការ​ណា​ដែល​បាន​ទទួល​ការចូលចិត្ត គំាទ្រ​ពី​ប្រជាជន។ ដូច្នេះ លោក​ Jean Claude Junker​ត្រូវ​បាន​គេ​មើលឃើញថា ជា​បេក្ខជន​សក្តិសម​បំផុត ព្រោះលោក​មាន​ទស្សនវិស័យ​បង្រួបបង្រួម នឹង​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​មាន​អំណាច​កាន់តែខ្លាំង ដើម្បី​ទប់ទល់​នឹង​មហាអំណាច​ដទៃទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ