កងទ័ពអ៊ុយក្រែនឆ្ពោះដំណើរទៅតំបន់ដូណេត ក្រោយដណ្តើមបានទីតាំងមួយចំនួនពីក្រុមបះបោរ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តាំងពីថ្ងៃអាទិត្យម្សិលមិញ កងទ័ពអ៊ុយក្រែនបានធ្វើដំណើរទៅមុខ ឆ្ពោះទៅវាយយកតំបន់ដូណេត ពីកណ្តាប់ដៃក្រុមផ្តាច់ទឹកដីនិយម។ កាលពីថ្ងៃសៅរ៍ កងទ័ពបានដំណ្តើមតំបន់ស្លាវីយ៉ង់ និងក្រាម៉ាតស ពីក្រុមផ្តាច់ទឹកដីនិយមនៅភាគខាងកើតអ៊ុយក្រែន។ ការដណ្តើមបានទីតាំងមួយចំនួនពីក្រុមបះបោរ កាន់តែធ្វើអោយរដ្ឋាភិបាលក្រុងគៀវចាប់អារម្មណ៍តែលើសកម្មភាពយោធា និងហាក់បំភ្លេចចោលដំណោះស្រាយចរចាបែបការទូត ដែលអឺរ៉ុបនិងរុស្ស៊ីកំពុងទទូចចង់បាននោះ។
ក្រោយវាយបានតំបន់ស្លាវីយ៉ង់ និងក្រាម៉ាតស ពីក្រុមបះបោរអ៊ុយក្រែន នៅថ្ងៃអាទិត្យម្សិលមិញ កងទ័ពអ៊ុយក្រែនបានបន្តដំណើរឆ្ពោះទៅតំបន់ដូណត នៅចំងាយជាង១០០ គីឡូម៉ែត្រពីតំបន់ស្លាវីយ៉ង់។ តំបន់ដូណេតស្ថិតក្នុងតំបន់ធំឈ្មោះថា ដុនបាស ជាតំបន់ សេដ្ឋកិច្ចសំខាន់របស់អ៊ុយក្រែន។ ក្រោយចាញ់ប្រតិបត្តិការយោធារបស់កងទ័ពអ៊ុយក្រែន មេក្រុមបះបោរគាំទ្ររុស្ស៊ី បានបោះបង់តំបន់ស្លាវីយ៉ង់ និងក្រាម៉ាតស និងបាននាំគ្នារត់ទៅជ្រកនៅដូណេត។
យោងតាមអាជ្ញាធរអ៊ុយក្រែន នៅតាមផ្លូវឆ្ពោះទៅតំបន់ដូណេត កងទ័ពអ៊ុយក្រែនបានកាន់កាប់ទីតាំងមួយចំនួន ក្នុងនោះ មានក្រុងអារតេមីស និងក្រុងឌ្រូចគីវកា។ ប្រធានាធិបតីប៉ូរ៉ូឆិនកូ បានបង្ហាញបំណងបន្តប្រតិបត្តិការប្រឆាំងក្រុមបះបោរ ដើម្បីដណ្តើមយកតំបន់ដូណេត និងលូហ្កង់ នៅភាគខាងកើតមកវិញ។
ពេលរសៀល ថ្ងៃអាទិត្យម្សិលមិញ មនុស្សជាង២ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្ម បង្ហាញការគាំទ្រចំពោះតំបន់ដូណេត មិនចង់អោយធ្លាក់ក្នុងដៃអាជ្ញាធរក្រុងគៀវទេ។ នៅក្រុងស្លាវីយ៉ង់វិញ ស្ថានភាពថ្ងៃអាទិត្យម្សិលមិញ ហាក់ស្ងប់ស្ងាត់។ ឡានកាំម្ញ៉ុងបានចុះចែកនំប៉័ងដល់ប្រជាជននៅទីនោះ។
ជោគជ័យរបស់កងទ័ពអ៊ុយក្រែនដណ្តើមយកបានទីតាំងមួយចំនួនពីក្រុមបះបោរគាំទ្ររុស្ស៊ី ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ហាក់ធ្វើអោយរដ្ឋាភិបាលលោកប៉ូរ៉ូឆិនកូ ភ្លេចគិតដល់កិច្ចចរចារវាងអ៊ុយក្រែន ជាមួយរុស្ស៊ី ជាមួយអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប រួមទាំងជាមួយក្រុមឧទ្ទាម ដែលខ្លួនធ្លាប់សន្យាចរចាកន្លងមក ដើម្បីរកដំណោះស្រាយវិបត្តិអ៊ុយក្រែន។ ប្រមុខការទូតរុស្ស៊ី ស៊ែរហ្កី ឡាវ្រ៉ូវ បានទូរសព្ទទំនាក់ទំនងជាមួយប្រមុខការទូតបារាំង និងអាល្លឺម៉ង់ ទទូចអោយមានកិច្ចប្រជុំនេះឡើង។
នៅថ្ងៃចន្ទនេះ ប្រមុខការទូតអាល្លឺម៉ង់ Frank-Walter Steinmeier បានអំពាវនាវអោយរដ្ឋាភិបាលអ៊ុយក្រែន ចរចាជាមួយក្រុមផ្តាច់ទឹកដីនិយម ស្វែងរកបទឈប់បាញ់។ ប្រមុខការទូតអាល្លឺម៉ង់ព្រមានថា ទោះស្ថានភាពភាគខាងកើតអ៊ុយក្រែនប្រសើរឡើងវិញចំពោះកងទ័ព ក៏គេមិនអាចយកសកម្មភាពយោធាសុទ្ធសាធ មកដោះស្រាយវិបត្តិបានដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ