អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី​-អាមេរិក

វិបត្តិអ៊ុយក្រែន ៖ អាមេរិក អឺរ៉ុប អ៊ុយក្រែន រុស្ស៊ី បើក​ជំនួប​កំពូល​ចតុភាគី

បាតុករ​គាំទ្រ​រស្ស៊ី នាំ​គ្នា​សម្រុក​ចូល​អាគារ​រដ្ឋបាល​ក្រុង Khrakiv ថ្ងៃទី​៦ មេសា ២០១៤
បាតុករ​គាំទ្រ​រស្ស៊ី នាំ​គ្នា​សម្រុក​ចូល​អាគារ​រដ្ឋបាល​ក្រុង Khrakiv ថ្ងៃទី​៦ មេសា ២០១៤ REUTERS/Stringer
ដោយ៖ អៀង សុខម៉ិញ
១៥ នាទី

ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​បាតុករ​ស្និទ្ធ​នឹង​ក្រុង​ម៉ូស្គូ និង​កង​សមត្ថិកិច្ច​អ៊ុយក្រែន នៅ​តែតាន​តឹង​ ! ការ​គំរាម​កំហែង​របស់​រុស្ស៊ី​នៅ​តែសន្ធោសន្ធៅ ! ល្ងាច​ថ្ងៃ​ពុធ​នេះ​លោក​ពូទីន បាន​ព្រមាន​ទារ​លុយ​ថ្លៃ​ហ្កាស​ពី​អ៊ុយក្រែន... ​ប៉ុន្តែ​ដំណោះស្រាយ​ការទូត ហាក់​មាន​ការ​ជឿន​លឿន​ទៅមុខ​បន្តិច។ ជំនួប​ចតុ​ភាគី​ ដែល​មាន​តំណាង​សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប អ៊ុយក្រែន និង​រុស្ស៊ី ចូល​រួម​ គ្រោង​រៀប​ចំ​ធ្វើ​ឡើងនៅ​​ថ្ងៃ​ទី ១៧ មេសា ​សប្តាហ៍​ក្រោយ​នេះ។ ខ្លឹមសារ​​លម្អិត​នៃ​កិច្ចពិភាក្សា​នឹង​​ត្រូវ​កំណត់​នៅ​ក្នុង​ពេល​ប្រជុំ ប៉ុន្តែ​ ចំណុច​ចម្រូង​ចម្រាស់​មាន​លេច​ចេញ​ខ្លះៗ​ទៅ​ហើយ។

ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការបរទេស បាន​បញ្ជាក់​អំពី​វត្តមាន​រុស្ស៊ី ក្នុង​ជំនួប​ប្រជុំ​តុ​​មូល ចតុ​ភាគី អឺរ៉ុប ​អាមេរិក ​រុស្ស៊ី​ និង​អ៊ុយក្រែន​ហើយ ប៉ុន្តែពុំ​ទាន់​ឃើញ​មាន​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ​ទេ។ ប្រមុខ​ការទូត​រុស្ស៊ី នឹង​ត្រូវ​ជួប​​ដោយ​ផ្ទាល់​ ជា​លើក​ទីមួយ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន។ កន្លង​មក​រដ្ឋមន្ត្រី​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​​តាម​​ទូរស័ព្ទ​។ គៀវ​និង​ម៉ូស្គូ មិន​បានកាត់​ផ្តាច់​ទាំងស្រុង​​ទំនាក់ទំនង​គ្នា​នោះ​ទេ។

បើ​តាម​លោក​ប្រមុខ​ការទូត​រុស្ស៊ី លោកពូទីនសុខ​ចិត្ត​ចូល​រួម​ប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​ជាមួយ​នឹង​ក្រុង​គៀវមែន ព្រោះ​​គ្មាន​ជម្រើស​ភាគី​ផ្សេង​ទៀតប៉ុន្តែមិន​​ទទួល​ស្គាល់​ជា​និច្ច​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​អ៊ុយក្រែន​។ ចំណែក​ខាង​អ៊ុយក្រែន ដែល​ប្រកាស​ត្រៀម​ខ្លួន​ចូល​ចរចា​ថ្នាក់អន្តរជាតិ​វិញ​ ត្រូវ​ការ​ឃើញ​រុស្ស៊ី​បញ្ឈប់​រាល់​សកម្មភាព​ជ្រៀត​ជ្រែកកិច្ច​ការ​ផ្ទៃក្នុង​អ៊ុយក្រែន និង​សម្រួល​ស្ថានភាព​ជាក់​ស្តែង​ឱ្យ​បាន​ធូរ​ស្រាល​ឡើងវិញ។ ក្រុង​គៀវចង់​ឱ្យ​កិច្ច​ចរចា​ដោះស្រាយ​វិបត្តិ​​ ប្រព្រឹត្ត​ទៅ​រវាង​តំណាង​ផ្លូវការ​​របស់​ប្រទេស ឯ​ម៉ូស្គូ​ចង់​ឱ្យ​តំណាង​ក្រុម​បះបោរ​នៅ​ភាគ​ខាង​កើត និង​ខាង​ត្បូង​ចូល​រួម​ដែរ។

ជាង​នេះ​ទៅ​ទៀត ម៉ូស្គូ​មិន​ចង់​បើក​ជំនួប​ចតុភាគី មុន​ថ្ងៃទី ១៥ មេសា ២០១៤​ ថ្ងៃ​ដែល​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​អ៊ុយក្រែន​ត្រូវ​បង្ហាញ​ផែនការ​កំណែទម្រង់​រដ្ឋធម្មនុញ្ញទេ។ ហេតុផល​របស់រុស្ស៊ី គឺ​ ជំនួប​ចតុភាគី​មាន​របៀប​វារៈ​តែ​មួយ ស្តី​ពី​ រដ្ឋ​សហព័ន្ធ​ និង​អព្យាក្រិត​របស់​អ៊ុយក្រែន។

មក​ដល់​ដំណាក់ការ​នេះ ដំណោះស្រាយ​ការ​ទូត​អាច​ចាត់​ទុក​ថា​មាន​ដំណើរ​ការ​​ប្រសើរ​ជាង​មុន​បាន ប៉ុន្តែ​នៅ​ផ្ទាល់​នឹង​កន្លែង​វិញ ស្ថានភាព​តាន​តឹង​ខ្លាំង​បំផុត​ រវាង​ក្រុម​បាតុករ​អ្នក​គាំទ្រ​រុស្ស៊ី និង​កង​កម្លាំង​ប៉ូលិស។ ឯ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​វិញ បង្កើន​សេចក្តី​ថ្លែងការណ៍​ព្រមាន​ឥត​ដាច់ គំរាម​ទាមទារ​ថ្លៃ​ឧស្ម័ន​ហ្គាស​ពី​ក្រុង​គៀវ​ផង គំរាម​មិន​ឱ្យ​ធ្វើ​សកម្មភាព​អ្វី​ដែលឃ្នើស​ចិត្ត​ដល់​ម៉ូស្គូ ប្រសិន​បើ​ចង់​ឃើញ​កម្លាំង​ការទូត​បាន​ផ្លែផ្កា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ