អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​អ៊ុយក្រែន​ ៖ រុស្ស៊ី​បរិហារ​ពុត​ត្បុត​បស្ចឹម​លោក

សំឡេង ០៧:១០
សកម្មជន​គាំទ្រ​រុស្ស៊ី នៅ​ Slavianskប្រទេស​អ៊ុយក្រែន មិន​ចាក​ចេញ​ពី​ស្ថាប័ន​រដ្ឋ​ តាម​ឱសានវាទ​ប្រធានាធិបតី​ស្តីទី​ទេ។ រូបថត​ ថ្ងៃទី ១៣​មេសា ២០១៤
សកម្មជន​គាំទ្រ​រុស្ស៊ី នៅ​ Slavianskប្រទេស​អ៊ុយក្រែន មិន​ចាក​ចេញ​ពី​ស្ថាប័ន​រដ្ឋ​ តាម​ឱសានវាទ​ប្រធានាធិបតី​ស្តីទី​ទេ។ រូបថត​ ថ្ងៃទី ១៣​មេសា ២០១៤ REUTERS/Gleb Garanich
ដោយ៖ អៀង សុខម៉ិញ
៣៤ នាទី

ម្សិលមិញ ក្រោយ​ពី​បាន​បើក​ប្រតិបត្តិការ​​ប្រឆាំង​នឹង​ភេរវជន លោក​ប្រធានាធិបតី​ស្តី​ទី​អ៊ុយក្រែន បាន​ចេញ​បញ្ជា​ដាក់​ឱសានវាទ​ ឱ្យពួក​បះបោរ​ចង់​ផ្តាច់​ទឹកដី​​ស្និទ្ធ​នឹង​ម៉ូស្គូ ទម្លាក់​អាវុធ​ និង​ចាក​ចេញពី​ស្ថាប័ន​រដ្ឋ នៅ​ភាគ​ខាង​កើត​ប្រទេស ​ដែល​ពួក​គេ​ចូល​កាន់​កាប់ តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ លោក​ប្រធានាធិបតី​ក៏​បាន​ប្រកាស​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ភេរវជន​​ទ្រង់ទ្រាយ​ធំ​​ដោយ​អាច​មាន​ប្រើ​កម្លាំង​យោធា​ផង។ រុស្ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ បរិហារ​បញ្ជា​របស់​ប្រធានាធិបតី​ស្តីទី ថា​ជា​”បញ្ជា​ឧក្រិដ្ឋ​ប្រើ​កម្លាំង​យោធា​បង្ក្រាប​ការ​តវ៉ា” និង​បរិហារ​​​ពុត​ត្បុត​របស់​ក្រុម​បស្ចឹម​ប្រទេស ដែល​ស្ងប់​ស្ងាត់​ខ្លាំង​ចំពោះ​ហេតុការណ៍​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។

ផ្សាយពាណិជ្ជកម្ម

ក្រោម​ការ​ទាមទារ​របស់​រុស្ស៊ី ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ បាន​បើក​សម័យ​ប្រជុំ​បន្ទាន់​នៅ​យប់​មិញ។ ហើយ​ជា​ថ្មី​ម្តង​ទៀត ការ​ប្រជុំ​នោះ​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​តាន​តឹង​ និយាយ​ស្តាប់​គ្នា​មិន​យល់​ដូច​តម្លង់​៧​សណ្តាន​យ៉ាងដូច្នោះ។

 
កិច្ច​ប្រជុំ​គ្មាន​លទ្ធផល

បន្ទប់​ប្រជុំ​ក្រុមប្រឹក្សា​ ក្លាយ​ជា​សមរភូមិ​សង្គ្រាម​ត្រជាក់ ៖ ម្ខាង​ជា​រុស្ស៊ី ដែល​មាន​ជំហរ​រឹង​ដូច​ដែក​ថែប ប្រកប​ដោយ​ចរិត​គំរាម​កំហែង បាន​បរិហារ​ទង្វើ​ក្រុង​គៀវ ថា​ជា​កាយវិការ​បង្ក​ហេតុ​ និង​ព្រមាន​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​រីក​រាលដាល​​ជា​អំពើ​ហិង្សា​មិន​អាច​គ្រប់​គ្រង​បាន​ ក្លាយ​ជា​សង្គ្រាម​ស៊ីវិល នៅ​ពេល​ប៉ុន្មាន​ម៉ោង​ខាង​មុខ នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។ រុស្ស៊ី​បាន​ទាមទារ​ឱ្យ​អូតង់​បញ្ឈប់​ជំនួយ​ដល់​អ៊ុយក្រែន​ ដើម្បី​កុំ​ឱ្យ​ក្រុង​គៀវ​អាច​ប្រើ​កម្លាំង​យោធា​បាន និង​គំរាម​មិន​ទៅ​ចូល​ប្រជុំ​ចតុភាគី​នៅ​ទីក្រុង​ហ្សឺណែវ​ថ្ងៃ​ទី​១៧​មេសា​ទៀត។

ម្ខាង​ទៀត គឺ​ក្រុម​បស្ចឹម​លោក សហរដ្ឋ​អាមេរិក​និង​​​អឺរ៉ុប ជឿជាក់​ថា​គឺ​រុស្ស៊ី ជា​អ្នក​ពី​ក្រោយ​ខ្នង​អំពើ​ហិង្សា​​នៅ​ភាគ​ខាង​កើត​​អ៊ុយក្រែន នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិបាន​និយាយ​ថា​ “ម៉ូស្គូ​ជា​អ្នក​តាក់​តែង​អស្ថិរភាពនេះ​ឡើង"។ ចំណែក​អង់គ្លេស​បាន​បង្ហាញអង្គ​ប្រជុំ​នូវ​រូបថត​ផ្កាយ​រណប ឃើញ​ទាហាន​រុស្ស៊ី ជិត​បួន​ម៉ឺន​នាក់​កំពុង​ដាក់​ក្នុង​ស្ថានភាព​ត្រៀម​ចេញ​ធ្វើ​ប្រតិបត្តិការ។ សេណារីយោ​ចាស់​នៅ​គ្រីមេ អាច​នឹង​កើត​ឡើង​ជា​ថ្មី​នៅ​ភាគ​ខាង​កើត ព្រោះ រុស្ស៊ី​រៀប​​ឱកាស​សម្រាប់យក​មក​ធ្វើ​ជា​​សម្អាង​ការ​បញ្ជូន​​យោធាមក​ធ្វើ​អន្តរាគមន៍។​​
 
ក្តីព្រួយ​បារម្ភ​ជាទូទៅ
 
សេតវិមាន និង​ក្រសួង​ការបរទេស​អាមេរិក​​ មិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​មែន​ស្តី​ពី​ស្ថានភាព​នៅ​អ៊ុយក្រែន​ពេល​នេះ។ ការ​ព្រមាន​ដាក់​ទណ្ឌកម្មបន្ថែម​លើ​រុស្ស៊ី គឺ​បាន​ប្រកាស​ឡើង​តាំង​ពី​មុន​អ៊ុយក្រែន​ចេញ​ធ្វើ​ប្រតិបត្តិការ​នៅ​ភាគ​ខាង​កើត​ប្រទេស​ម្ល៉េះ។ អាមេរិក​បាន​ផ្ទុក​ផ្តាក់​ភារកិច្ច​ឱ្យ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ជា​អ្នក​ពន្យល់​អំពី​ជំហរ​អាមេរិក​ តាម​កញ្ចក់​ទូរទស្សន៍​អេប៊ីស៊ី ដែល​បាន​ត្រឹម​អះអាង​ ការ​វាយប្រហារ​របស់​ក្រុមប្រដាប់​អាវុធ​​នៅ​ភាគ​ខាង​កើត​មាន​សញ្ញា​បញ្ជាក់​ពី ការរួម​ដៃ​របស់​ម៉ូស្គូ។

ឯ​ខាង​អឺរ៉ុប​វិញ បារាំង អង់គ្លេស​ អាល្លឺម៉ង់ ក្រុមប្រឹក្សា​អឺរ៉ុប និង​សហភាព​អឺរ៉ុប សុទ្ធ​តែ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ ចាត់​ទុក​ស្ថានការណ៍​អ៊ុយក្រែន​ថា​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​បំផុត​ ស្នើ​សុំ​ឱ្យ​គ្រប់​ភាគី​អត់​ធ្មត់។ ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​រសៀល​នេះ​។

រុស្ស៊ី​បរិហារ​ពុត​ត្បុត​របស់​បស្ចឹម​លោក

ប៉ុន្តែ​រុស្ស៊ី​ច្រឡោត​ខ្លាំង​ណាស់ ! គេ​ក៏​បាន​ដឹង​ជា​មុន​ថា​រុស្ស៊ីនឹង​ខឹង​ខ្លាំង។ អ្នក​នាំ​ពាក្យ​ម៉ូស្គូ បាន​ហៅ​បញ្ជា​របស់ប្រធានាធិបតី​ស្តីទីអ៊ុយក្រែន ថា​ជា​ “បញ្ជា​ឧក្រិដ្ឋ​”​ប្រើ​ទាហាន​បង្ក្រាប​ចលនា​ប្រឆាំង​គួរ​ឱ្យ​ខ្មាសអៀន។ អ្វី​ដែល​រុស្ស៊ី​កាន់​តែ​ក្តៅ​ក្រហាយ និង​ចង់​បាន​ការ​ពន្យល់​បំភ្លឺ​ពី​បស្ចឹម​លោក​ ពិសេស​ពី​សហរដ្ឋ​អាមេរិក​នោះ គឺ​មាន​ព័ត៌មាន​ថា​ បញ្ជា​ឱ្យ​ធ្វើ​ប្រតិបត្តិការ​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ត្រូវ​បាន​សម្រេច​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​នាយក​ទីភ្នាក់ងារ​ស៊ើប​អង្កេត​អាមេរិក​ សេអ៊ីអា នៅ​ក្រុង​គៀវ។ តើ​នេះ​មិនមែន​ជា​ពុត​ត្បុត​របស់​ក្រុម​បស្ចឹម​លោកទេ​ឬ ?!​ សម្រាប់​រុស្ស៊ី បស្ចឹម​ប្រទេស​​បាន​ត្រឹម​តែ​អំពាវនាវ​ដដែល​ ឱ្យ​រុស្ស៊ី​ឈប់​លូក​ដៃ និង​ដក​ទ័ព​ចេញ​ពី ព្រំដែន ប៉ុន្តែ​មិន​និយា​យ​ស្តី​អ្វី​សោះ​ទាក់ទង​នឹង​ទង្វើ​វាយប្រហារ​របស់​រដ្ឋាភិបាល​ក្រុង​គៀវ​នៅ​ភាគ​ខាង​កើត​​ម្សិលមិញ ដើម្បី​បង្ក្រាប​ចលនា​បះបោរ។

អតីត​ប្រធានាធិបតី​អ៊ុយក្រែន វិចទ័រ យ៉ាណូកូវិច​ ដែលនិរទេស​ខ្លួន​ទៅ​ជ្រក​ក្រោន​នៅ​រុស្ស៊ី​ក្រោយ​ធ្លាក់​ពី​អំណាច បាន​បញ្ចេញ​ប្រតិកម្ម​ដែរ ថា​ អ៊ុយក្រែន​កំពុង​ផុង​ជើង​ម្ខាង​ក្នុង​សង្គ្រាម​ស៊ីវិល ! រដ្ឋាភិបាល​ក្រុង​គៀវ​បាន​ប្រើ​កម្លាំង​ទាហាន​​មក​ប្រឆាំង​នឹង​ប្រជាជន​ស៊ីវិល ដែល​លោក​មិនដែល​ធ្វើ​ទាល់​តែ​សោះ​សូម្បី​តែ​ជាមួយ​ក្រុម​ជ្រុល​និយម​។ លោក​គំរាម​​នាំ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​នេះ​ទៅ​តុលាការ​​។

យុទ្ធសាស្ត្រ​ខោក​ផង អង្អែល​ផង

​តើ​ប្រធានាធិបតី​ស្តីទីអ៊ុយក្រែន និង​អ្នកទទួល​ខុស​ត្រូវ​ក្រុង​គៀវ​​ មាន​បំណង​ពិត​ចង់​នឹង​ប្រើ​កម្លាំង​យោធា​នៅ​ភាគ​ខាង​កើត​ប្រទេស ដើម្បីការពារ​បណ្តា​ជន​អ៊ុយក្រែន​និយាយ​ភាសា​រុស្ស៊ី​មែន​ឬ​យ៉ាង​ណា បើ​រុស្ស៊ី​គំរាម​កំហែង​ខ្លាំង​មែន។ ប៉ុន្តែ​តាមការ​ពិត​ទៅ​នោះ ប្រធានាធិបតី​អ៊ុយក្រែន​ពេល​នេះ មិន​អាច​នៅ​សៀម​ឈរ​អោប​ដៃ​មើល​តំបន់​ភាគ​ខាង​កើត របូត​ដាច់​ខ្លួច​ចេញ​ពី​អ៊ុយក្រែន ដូច​ករណី​គ្រីមេ ហើយ​ជំងឺ​ឆ្លង​នេះ​អាច​រីករាល​ដាល់​ពេញ​ផ្ទៃ​ប្រទេស​បាន​ទៀត​ឡើយ។ លោក​ត្រូវ​តែ​ហ៊ាន​ប្រថុយ ធ្វើ​សកម្មភាព​អ្វី​មួយ។ ជាមួយ​នឹង​ការ​ប្រកាស​ប្រើ​កម្លាំង​បង្ក្រាប​​ពួក​បះបោរ លោក​ទួកឈីណុះ ចង់​ដាក់​សម្ពាធ​លើ​ក្រុម​បស្ចឹម​លោក​ ឱ្យ​ចូល​ជួយ​ កាន់​តែ​មាន​ប្រសិទ្ធភាព​រក្សា​បូរណភាព​ដែន​ដី​អ៊ុយក្រែន ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ ទន្ទឹម​នឹង​ការ​ប្រើ​កម្លាំង អំបាញ់​មិញ​នេះ​ទៀត លោក​ប្រធានាធិបតី​បាន​សាកល្បង​បើក​ច្រក​ផ្លូវ​មួយ​ទៀត ដែល​ទន់​ភ្លន់​ជាង​ ដោយ​​បាន​ប្រកាស​អំពី​លទ្ធភាព​ធ្វើប្រជាមតិ​ជាតិ ស្តី​អំពី​លក្ខន្តិកៈ​ប្រទេស​អ៊ុយក្រែន​ ទន្ទឹម​គ្នា​នឹងការ​បោះឆ្នោត​ប្រធានាធិបតី​​ ថ្ងៃ ២៥​ឧសភា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ