ក្រុមហ៊ុនដែកថែបយក្សរុស្ស៊ីNLMK គំរាមលុបចោលការងាររាប់ពាន់នៅអឺរ៉ុប ករណីមានទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៊ី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមហ៊ុនដែកថែបដ៏ធំរបស់រុស្ស៊ី ហៅកាត់ថា NLMK បានគំរាមលុបចោលការងាររាប់ពាន់នៅអឺរ៉ុប ករណីមានទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៊ី។ ក្រុមហ៊ុនដែកថែបរុស្ស៊ីបានសរសេរលិខិតព្រមានបែបនេះ ទៅគណៈកម្មការអឺរ៉ុប។ សារព័ត៌មានបែលហ្ស៊ិកមួយ បានចុះផ្សាយលិខិតនេះ នៅថ្ងៃពុធនេះ។
ក្រុមហ៊ុនដែកថែបរុស្ស៊ី NLMK បានសរសេរលិខិតទៅកាន់គណៈកម្មការអឺរ៉ុបក្រុងព្រុចសែល គម្រាមលុបចោលការងារធ្វើចំនួនរាប់ពាន់នៅអឺរ៉ុប ព្រមានអោយសហភាពអឺរ៉ុបធ្វើការប្រុងប្រយ័ត្ន ករណីមានទណ្ឌកម្មសេដ្ឋកិច្ចណាមួយប្រឆាំងរុស្ស៊ី។ លិខិតព្រមាននេះ ក៏ត្រូវបានផ្ញើអោយរដ្ឋាភិបាលបែលហ្ស៊ិក បារាំង អ៊ីតាលី និងដាណឺម៉ាកផងដែរ។ ក្នុងលិខិតនោះ ក្រុមហ៊ុនដែកថែបរុស្ស៊ី NLMK លើកឡើងពីបញ្ហានៃការផ្គត់ផ្គង់ដែកថែបសម្រាប់អ្នកប្រើប្រាស់ចុងក្រោយ នៅអឺរ៉ុប និងពីការបិទទ្វារទីតាំងផលិត ជាបណ្តោះអាសន្ន រឺក៏ជាប្រចាំតែម្តង នៅអឺរ៉ុប។
ក្រុមហ៊ុនដែកថែបរុស្ស៊ី NLMK ដឹកនាំដោយសេដ្ឋីជនជាតិរុស្ស៊ី Vladimir Lissine។ ក្នុងប្រទេសចំនួន៤នៅអឺរ៉ុប គឺបារាំង អ៊ីតាលី ដាណឺម៉ាក និងបែលហ្ស៊ិក មានមនុស្ស២៥០០នាក់ បម្រើការអោយក្រុមហ៊ុនដែកថែបរុស្ស៊ី NLMK ។ នៅបែលហ្ស៊ិក អ្នកធ្វើការអោយក្រុមហ៊ុនរុស្ស៊ីមួយនេះ មានប្រមាណមួយពាន់នាក់ ហើយនៅបារាំង មានអ្នកបម្រើការ១៦៧នាក់។ ការផលិតដែកថែបនៅអឺរ៉ុប បានជួបការធ្លាក់ចុះជាប្រចាំ។ ប្រសិនបើក្រុមហ៊ុនដែកថែបរុស្ស៊ី បញ្ឈប់ការគាំទ្រហិរញ្ញវត្ថុទៀតនោះ នោះមនុស្សរាប់ពាន់នៅអឺរ៉ុបដែលបម្រើការងារក្នុងផ្នែកដែកថែបនេះ នឹងបាត់បង់ការងារធ្វើជាមិនខាន។ គួររំលឹកថា ប្រាក់ខែសម្រាប់គ្រប់អ្នកបម្រើការងារអោយក្រុមហ៊ុនរុស្ស៊ីមួយនេះ នៅអឺរ៉ុប គិតក្នុងឆ្នាំ២០១៣ មានដល់ទៅ១៦១លានអឺរ៉ុឯណោះ។
លោកស្រីការ៉ូលីន ម៉ារលែរ ជាអ្នកនាំពាក្យក្រុមហ៊ុនដែកថែបរុស្ស៊ី នៅអឺរ៉ុប បានលើកឡើងថា លិខិតនេះមិនមែនជាការគម្រាមទេ វាជាសកម្មភាពបង្ហាញពីការត្រៀមការពារ ដើម្បីអោយមានការយកចិត្តទុកដាក់ចំពោះផលវិបាកបង្កឡើងដោយទណ្ឌកម្ម ប្រឆាំងរុស្ស៊ី។ គណៈកម្មការអឺរ៉ុបបានតបទៅក្រុមហ៊ុនដែកថែបរុស្ស៊ីវិញថាគណៈកម្មការ កំពុងវាយតម្លៃលើផលប៉ះពាល់បង្កឡើងដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងរុស្ស៊ី ហើយពាក្យពេចន៍អ្នកផ្សេងៗទាក់ទងនឹងរឿងនេះ មិនបានប៉ះពាល់គណៈកម្មការអឺរ៉ុបនោះទេ។
គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៊ី អាចសម្រេចបានលុះត្រាតែមានការយល់ព្រមពីគ្រប់ប្រទេសសមាជិកសហភាព អឺរ៉ុបទាំង២៨។ ប្រទេសសមាជិកទាំងនេះតែងមានការយល់ឃើញផ្ទុយគ្នាលើទណ្ឌកម្មប្រឆាំង រុស្ស៊ី។ ក្នុងទណ្ឌកម្មបង្កកទ្រព្យសម្បតិ្ត រឺក៏ផ្អាកទិដ្ឋាការធ្វើដំណើរកន្លងមក សហភាពអឺរ៉ុបគ្រាន់តែបានបន្ថែម ឈ្មោះថ្នាក់ដឹកនាំរុស្ស៊ី និងថ្នាក់ដឹកនាំអ៊ុយក្រែនដែលគាំទ្ររុស្ស៊ី អោយឡើងដល់ចំនួន៣៣នាក់ប៉ុណ្ណោះ ពោលគឺមិនទាន់មានអ្វីធំដុំនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ