អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​ស្វែង​យល់​ពី​ប្រវត្តិ​អ៊ុយក្រែន ៖ ​ពី​បដិវត្តនៅ​ក្រុង​គៀវ ទៅ​ការ​សើ​រើ​ប្រវត្តិ​គ្រីមេ

សំឡេង ០៤:៤៦
បុរស​ម្នាក់​ឈរ​គ្រវី​ទង់ជាតិ​រុស្ស៊ី​ នៅ​មុខ​សភា​គ្រីមេ
បុរស​ម្នាក់​ឈរ​គ្រវី​ទង់ជាតិ​រុស្ស៊ី​ នៅ​មុខ​សភា​គ្រីមេ REUTERS/David Mdzinarishvili
ដោយ៖ អៀង សុខម៉ិញ
៣១ នាទី

ចរន្ត​ការ​ទូត​កំពុង​មាន​សកម្មភាព​យ៉ាង​មមាញឹក​ នៅទីក្រុង​ប៉ារីស ដើម្បី​រក​ច្រក​ដោះស្រាយ​​វិបត្តិ​អ៊ុយក្រែន។ វិបត្តិ​ដែល​បាន​ផ្ទុះ​ឡើង​ជា​បឋម​ ដោយ​ចលនា​បាតុកម្មរបស់​ពលរដ្ឋ​ប្រឆាំង​នឹង​រដ្ឋាភិបាល ! ប្រធានាធិបតី​ចាស់​ខ្ទាត​ពី​តំណែង រដ្ឋាភិបាល​ថ្មី​បាន​បង្កើត ប៉ុន្តែ​ស្ថានភាព​អ៊ុយក្រែន​បាន​ផុង​ខ្លួន​កាន់​តែ​ជ្រៅ​មួយ​កំរិត​ទៀត​ ស្ទើ​រ​ក្លាយ​ជា​សង្គ្រាម ព្រោះ​តែ​រុស្ស៊ី​បាន​ប្រើ​កម្លាំង​​ទ័ព​នៅ​​​តំបន់ស្វយ័ត​គ្រីមេ​។ហេតុ​អ្វី​បានជា​អ៊ុយក្រែន​ធ្លាក់​ខ្លួន​ដល់​កំរិត​នេះ ? តើ​ហេតុ​អ្វី​បាន​ជា​តំបន់​គ្រីមេ​មាន​លក្ខន្តិកៈ​រដ្ឋ​ដោយ​ឡែក ?

ផ្សាយពាណិជ្ជកម្ម

ប្រវត្តិសាស្ត្រ​ បានបង្ហាញ​ឱ្យ​ឃើញ​ថា​អ៊ុយក្រែន រស់​ក្រោម​ឥទ្ធិពល​នៃមហា​អំណាច​ជិត​ខាង​  ! ទន្លេ​ ឌីយៀប ហូរ​កាត់​ប្រទេស​ពី​ជើង​ទៅ​ត្បូង ប្រៀប​បាន​ទៅ​នឹង​បន្ទាត់​ខណ្ឌ​ចែក​អ៊ុយក្រែន​ជា​ពីរ​ភាគ។ ត្រើយ​ខាង​លិច ស្ថិត​ក្រោម​ឥទ្ធិពល​ ប៉ូឡូញ លីទុយអានី លេតូនី ហុងគ្រីដែល​បច្ចុប្បន្ន​ជា​សមាជិក​សហភាព​អឺរ៉ុប។ ត្រើយ​ខាង​កើត​វិញ ជា​ដែន​ឥទ្ធិពល​​រុស្ស៊ី ជា​ច្រក​សម្រាប់រុស្ស៊ីឆ្លង​កាត់​មក​សមុទ្ទ​ខ្មៅ។

 
ប៉ុន្តែ​នៅ​សតវត្សរ៍​ទី​១៨ រុស្ស៊ីបាន​​ត្រួត​ត្រា​​​អ៊ុយក្រែន​ស្ទើរ​តែ​ស្រុង​។ រហូត​ដល់​ឆ្នាំ​១៩១៧ ពេលដែល​ចក្រភព​រុស្ស៊ី​ដួល​រលំទៅ អ៊ុយក្រែន​បាន​ប្រកាស​ឯករាជ្យ​ មួយ​​រយៈ​។ ៥០ឆ្នាំ​ក្រោយ​ អ៊ុយក្រែន​បាន​បញ្ជូល​ខ្លួន​ជា​រដ្ឋ​រណប​​សហភាព​សូវៀត​ និង​ក្លាយ​ជា​សមរភូមិ​មុខ​ និង​បាន​ស្គាល់​ការ​វាយប្រហារ​យ៉ាង​សាហាវ​បំផុត​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ (៨​លាន​នាក់​បាន​ស្លាប់)។ ក្រោយ​សហភាព​សូវៀត ដួល​រលំ​ទៅ អ៊ុយក្រែន​បាន​ស្គាល់​ឯករាជ្យ​ជា​ថ្មី បើ​ទោះ​បី​ជា​ប៉ុន្មាន​ឆ្នាំ​ដំបូង​ ក្រុង​គៀវ បន្ត​ទទួល​ឥទ្ធិពល​ពីរុស្ស៊ី​ក៏ដោយ។

គឺ​ចាប់​ពី​ឆ្នាំ​២០០៤​មក ដែល​ស្ថានការណ៍​នយោបាយ​អ៊ុយក្រែន​បាន​ស្គាល់​ការ​ប្តូរ​ផ្លាស់​ ​ខ្លាំង។ លោក វិចទ័រ យ៉ានូកូវិច បាន​ទទួល​ជោគជ័យ​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​ ដែល​មាន​ការ​លួច​បន្លំ​ច្រើន។ បដិវត្ត​លឿង​ទុំ បាន​ផ្ទុះ​ឡើង ​​នាំ​អ៊ុយក្រែន​ឱ្យ​ស្គាល់​រស​ជាតិ​សេរី​និយម ទីផ្សារ​បើក​ចំហ​ ... ថ្វី​បើ​​មេ​ដឹកនាំ​សម័យ​នោះ​ងាក​មក​ស្និទ្ធ​នឹង​អឺរ៉ុប​ខាង​លិច ប៉ុន្តែ​ឥទ្ធិពល​រុស្ស៊ី​មិន​សាប​រលាប​ឡើយ !

លើ​ផ្នែក​វប្បធម៌ ម៉ូស្គូ​ ចាត់​ទុក ក្រុង​គៀវ​ជា​រដ្ឋធានី​របស់​រុស្ស៊ី​ក្នុង​យុគ​សម័យ​កណ្តាល។ ប្រជាជន​អ៊ុយក្រែន​ ១៧% មាន​ដើម​កំណើត​រុស្ស៊ី ហើយ​នៅ​ភាគ​ខាង​កើត​ រាប់​ទាំង​ក្រុង​គៀវ​ផង ប្រជាជន​ភាគ​ច្រើន​ជា​អ្នក​និយាយ​ភាសា​រុស្ស៊ី​​​។ ​ផ្នែក​យុទ្ធសាស្ត្រ​ អ៊ុយក្រែន​មាន​ប្រយោជន៍​ខ្លាំង​ណាស់សម្រាប់​រុស្ស៊ី​ភ្ជាប់​ទំនាក់ទំនង​មក​កាត់​តំបន់​ផ្សេង​ទៀត​ តាម​រយៈ​សមុទ្ទ​ខ្មៅ ជាពិសេស​តំបន់​ស្វយ័ត​ គ្រីមេ !
សេដ្ឋកិច្ច ៖ អ៊ុយក្រែន​ស្រូប​ថាមពល​ឧស្ម័ន​រុស្ស៊ី​ចំនួន​៥៦% ដែល​ជា​ហេតុ​ធ្វើ​រុស្ស៊ី​ងាយ​ដាក់​គំនាប​លើ​ក្រុង​គៀវ​បាន​យ៉ាង​ងាយ។

នៅ​​ឆ្នាំ​២០១០ ក្រោយ​ការ​វិល​ត្រលប់​មក​កាន់​អំណាច​របស់​លោក វិចទ័រ យ៉ានូកូវិច អ៊ុយក្រែន​ប្រទាញ​ប្រទង់​យ៉ាង​ខ្លាំង​ រវាង​អ្នកគាំទ្រ​លោក​ខាង​លិច ជា​ដៃគូ​ពាណិជ្ជកម្ម​ដែល​ហៀប​ឈាន​ដល់ ការ​ចុះ​កិច្ចព្រមព្រៀង​ដៃគូ​យុទ្ធសាស្ត្រ​ខាង​កើត បង្កើត​ការ​ផ្តោះប្តូរ​សេរី និង​ម្ខាង​ទៀត​​ បន្ត​ពឹង​លើ​​ឥទ្ធិពល​រុស្ស៊ី​របស់​លោក​ពូទីន ដែល​ចង់​ស្ថាបនា​ចក្រ​ភព​រុស្ស៊ី​ឡើង​វិញ​ ដោយ​យក​អ៊ុយក្រែន​ជា​គន្លឹះ​សំខាន់​សម្រាប់​បង្កើត​តំបន់​ពន្ធគយ​ពិសេស​ អឺរ៉ាស៊ី ដែល​មាន​ប្រទេស​ជា​សមាជិក​សុទ្ធ​សឹង​ជាអតីត​រដ្ឋ​រណប​សហភាពសូវៀត។​​ ដើម្បី​​​ប្រយោជន៍​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច លោក យ៉ានូកូវិច ជ្រើសរើស​អោប​រុស្ស៊ី តែ​ចលនា​បះបោរ​គាំទ្រ​អឺរ៉ុប​​ដ៏​ខ្លាំង​ក្លា ​រុញ​ច្រាន​លោក​ប្រធានាធិបតី​បាន​ខ្ទាត​ចេញ​ពី​តំណែងបាន។

គ្រីមេតំបន់​ស្វយ័ត​ 

ដោយ​មិន​និយាយ​អំពី​ប្រយោជន៍​ដ៏​ធំធេង​នៃ​​​មូលដ្ឋាន​ទ័ព​រុស្ស៊ី​ តំបន់​យុទ្ធសាស្ត្រ​គ្រី​មេ ដែល​មាន​លក្ខន្តិកៈ​ដាច់​ដោយ​ឡែក​​ពី​រដ្ឋបាល​ក្រុង​គៀវ មានស្វ័យភាពហិរញ្ញវត្ថុ មាន​រដ្ឋាភិបាល​ផ្ទាល់​ខ្លួន និង​ជាពិសេស​មាន​ប្រជាជន​ភាគ​ច្រើន​ជា​រុស្ស៊ី ឬ​ដើម​កំណើត​រុស្ស៊ី និង​និយាយ​ភាសា​រុស្ស៊ី។ ដោយ​ហេតុ​លក្ខណៈ​ពិសេស​ និង​ប្រវត្តិសាស្ត្រ​ ប្រជាពល​រដ្ឋ​​គ្រីមេ​មួយ​ចំនួន​មាន​អារម្មណ៍​ជា​ជន​ជាតិ​រុស្ស៊ី​ច្រើន​ ជាង​អ៊ុយក្រែន ព្រោះ​គ្រីមេ ជា​តំបន់​ឧបទ្វីប​​សំបូរ​ទៅ​ឱ្យ​អ្នក​មាន​រស់​នៅ និង​ធ្លាប់​ការ​ត្រួត​ត្រា​របស់​អធិរាជ្យ​ម៉ុងហ្គោល ហ្សាន់ស៊ីខាន់ និង​ចក្រភព​អូតង់ម៉ង់​រហូត​មកទល់​នឹង​សតវត្សរ៍​ទី​១៨ មុន​ក្លាយ​ជា​តំបន់​កាន់​កាប់​របស់​ចក្រភព​រុស្ស៊ី​នៅ​ឆ្នាំ​១៧៨៣។​

ក្នុង​សម័យ​សង្គ្រាម​លោក តំបន់​គ្រីមេនេះ​ គឺ​ជា​ឋាន​សួគ៌ា​លោកី​យ៍​របស់​បណ្តាជន​រុស្ស៊ី​អ្នកមានៗ។ គ្រីមេ បាន​ប្រគល់​ឱ្យ​អ៊ុយក្រែន​នៅ​ឆ្នាំ​១៩៥៤ ដើម្បី​ជា​ការ​ឧទ្ទិស​ដល់​ខួប​បីរយ​ឆ្នាំ​ដែល​អ៊ុយក្រែន​ព្រម​ធ្វើ​ជា​រណប​ក្រុង​ម៉ូស្គូ។ គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​១៩៩១ ពេល​រលំ​របប​សហភាព​សូវៀត ទើប​អាច​ដឹង​អំពី​ផល​វិបាកនៃ​ការ​ភ្ជាប់​​​គ្រីមេ​ជា​របស់​អ៊ុយក្រែន និង​ស្ថិត​ក្រោម​រដ្ឋបាល​ក្រុង​គៀវ តែមាន​ប្រវត្តិ​រួម​គ្នា​តិច​តួច​បំផុត។

វិបត្តិ​នៅពេល​នេះ​បាន​ត្រឹម​តែ​រុញ​ច្រាន​តំបន់​ស្វយ័ត​គ្រីមេ ដែល​មាន​សភា  មាន​​រដ្ឋាភិបាល មាន​រដ្ឋធម្មនុញ្ញ ផ្ទាល់​ខ្លួន​ចូល​ជា​ធរមាន តាំង​ពី​ឆ្នាំ​១៩៩៩​មក ឱ្យ​កាន់​តែ​ចង់​ពង្រីក​​​អំណាច​គ្រប់គ្រង​ ឬ​ចង់​ផ្តាច់​ខ្លួន​ចេញ​​ពី​ក្រុង​គៀវ។ ប្រជាមតិ​មួយ​ទំនង​ជា​នឹង​ត្រូវ​រៀប​ចំ​ឡើង​ នៅ​ថ្ងៃ​ទី ៣០​មីនា​ខាង​មុខនេះ។ តើ​ការ​ធ្វើ​ប្រជាមតិ​លើ​ស្វយ័ភាព​តំបន់​គ្រីមេ ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​ការ​ផ្តាច់​ខ្លួន​ពី​ក្រុង​គៀវ និង​ងាក​ទៅ​រក​រុស្ស៊ី​វិញ​ឬ ?! នេះ​ជា​ការ​ព្រួយ​បារម្ភ​របស់​ក្រុម​ជនជាតិ តាតារ ជន​ជាតិ​ដើម​មួយ​​ក្រុម​នៅ​​​គ្រីមេ កាន់​សាសនា​អ៊ីស្លាម ដែល​ទើប​អនុញ្ញាត​ឱ្យ​មករស់​នៅគ្រីមេ​វិញ ក្រោយ​ការ​ដួល​រលំ​របប​សហភាព​សូវៀត។ ពលរដ្ឋ​គ្រីមេ​មួយ​ក្រុម​នេះ ប្រឆាំង​ដាច់​ខាត​នឹង​ការ​ឈ្លានពាន​រុស្ស៊ី ប៉ុន្តែ​គ្មាន​ស្ថាប័ន​ស្រប​ច្បាប់​ទេ មាន​ត្រឹមតែ​តំណាង​​សំរាប់​ទាក់ទង​ជាមួយ​ក្រុង​គៀវ​តែ​ប៉ុណ្ណោះ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ