សភាអ៊ុយក្រែនគ្រោងបើកសម័យប្រជុំវិសាមញ្ញដើម្បីនិយាយអំពីជោគវាសនារដ្ឋាភិបាល
ចុះផ្សាយនៅថ្ងៃ៖
វិបត្តិអ៊ុយក្រែន បានឈានដល់របត់ថ្មី ! បន្ទាប់ពីមានការបង្ក្រាបហិង្សាស្លាប់មនុស្ស៥នាក់របួសជាច្រើននាក់ ពីសំណាក់ប៉ូលិស កាលពីថ្ងៃពុធ ប្រមុខបក្សប្រឆាំងបានដាក់ឱសានវាទផ្អាកចលនាបាតុកម្មមួយថ្ងៃ ដើម្បីជួយចរចាជាមួយនឹងប្រធានាធិបតី លោក Ianoukovitch។ ប្រឈមមុខនឹងស្ថានការណ៍ដែលអាចផ្ទុះហិង្សាបានគ្រប់ពេលវេលាដូច្នេះ សភាអ៊ុយក្រែន បានកោះប្រជុំវិសាមញ្ញ នៅសប្តាហ៍ក្រោយ។
“រំលាយរដ្ឋាភិបាល” ដែលជាការចង់បានរបស់ក្រុមបាតុករតាំងពីជាងពីរខែមក នឹងត្រូវយកទៅពិភាក្សានៅក្នុងសភា សប្តាហ៍ក្រោយនេះ។ ប្រធានសភាអ៊ុយក្រែន បន្ទាប់ពីបានជួបជាមួយប្រធានាធិបតី បានចេញលិខិតកោះហៅសមាជិកសភា បើកសម័យប្រជុំវិសាមញ្ញ ដើម្បីត្រួតពិនិត្យលើសំណើចង់រំលាយរដ្ឋាភិបាល និងច្បាប់បាតុកម្មដែលទើបអនុម័តដោយលើកដៃកាលពីសប្តាហ៍មុន និងដែលជាប្រភពនាំឱ្យចលនាបាតុកម្មផ្ទុះឡើងជាថ្មីកាន់តែខ្លាំង។
បាតុកម្ម ដែលត្រូវបានរដ្ឋាភិបាលបង្ក្រាបយ៉ាងហិង្សា នៅល្ងាចថ្ងៃពុធ បង្កឱ្យមានស្លាប់៥នាក់ និងរបួសជាច្រើននាក់។ ថ្វីបើប្រធានាធិបតីបានអះអាងថាគ្មានគម្រោងនឹងចេញក្រិត្យដាក់ប្រទេសក្នុងភាពអាសន្នមែន ប៉ុន្តែនាយករដ្ឋមន្ត្រីបានប្រកាសថាចលនាបាតុកម្មរបស់ក្រុមប្រឆាំង មានចេតនាធ្វើរដ្ឋប្រហារដោយពិតៗ។
ទាំងរុស្ស៊ី ទាំងអឺរ៉ុប តាមដានស្ថានភាពអ៊ុយក្រែនយ៉ាងកៀកកិត។ បន្ទាប់ពីប្រតិកម្មរបស់ប្រធានគណៈកម្មការអឺរ៉ុប ដល់វេនលោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ម្តង ដែលខកចិត្តនឹងស្ថានភាពនៅអ៊ុយក្រែន។
“យើងសុំឱ្យរដ្ឋាភិបាលក្រុងគៀវ គោរពសេរីភាពប្រជាធិបតេយ្យ មានជាអាទិ៍សេរីភាពធ្វើបាតុកម្ម ហើយសន្តិសុខបាតុករត្រូវបានធានា គ្មានការប្រើអំពើហិង្សាបង្ក្រាប។ យើងព្រួយបារម្ភខ្លាំងណាស់ នៅពេលឃើញមានច្បាប់បាតុកម្មអនុម័តយ៉ាងបន្ទាន់។ យើងសូមឱ្យមានការចរចា។ យើងចាត់ទុកថា ក្នុងដំណាក់កាលនេះ មិនទាន់ដល់ពេលត្រូវដាក់ទណ្ឌកម្មលើអ៊ុយក្រែនទេ។ ជាបឋមត្រូវបញ្ចៀសឱ្យបានអំពើហិង្សា។”
នៅថ្ងៃនេះ ស្ថានភាពហាក់ស្ងប់ស្ងាត់បន្តិច ដោយប្រមុខបក្សបានប្រកាសដាក់ឱសានវាទផ្អាកបាតុកម្មមួយថ្ងៃ ជួបចរចាជាមួយប្រធានាធិបតីសិន តែបានព្រមានថាបើគ្មានសម្បទានអ្វីទេ នោះនឹងចលនាបាតុកម្មនឹងមានសន្ទុះថ្មី ដើម្បីឈានដល់ការបញ្ចប់វិបត្តិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ