អានតួអត្ថបទ
អ៊ុយក្រែន-​រុស្ស៊ី

​ភាគ​ខាង​កើត​អ៊ុយក្រែន​កំពុងផ្តើម​​អង្រួញ​ ​ទាមទារ​ឯករាជ្យ​តាម​គ្រីមេ

បាតុករ​អ្នកគាំទ្រ​រុស្ស៊ី​នាំ​គ្នា​គ្រវី​ទង់ជាតិ​រុស្ស៊ី​ នៅ​លើ​អគារ​រដ្ឋាភិបាល​តំបន់​ Donetsk ភាគ​ខាងកើត​អ៊ុយក្រែន
បាតុករ​អ្នកគាំទ្រ​រុស្ស៊ី​នាំ​គ្នា​គ្រវី​ទង់ជាតិ​រុស្ស៊ី​ នៅ​លើ​អគារ​រដ្ឋាភិបាល​តំបន់​ Donetsk ភាគ​ខាងកើត​អ៊ុយក្រែន REUTERS/Mikhail Maslovsky
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

សកម្មជន​ស្និទ្ធ​នឹង​រុស្ស៊ី ជាង​មួយ​រយ​នាក់​បាន​នាំ​គ្នា​ចូល​កាន់​កាប់​ការិយាល័យ​ស្ថាប័ន​រដ្ឋាភិបាល​តំបន់​Donestsk និង​ស្រែក​ទាមទារ​បង្កើត​រដ្ឋ​ឯករាជ្យ​ផ្តាច់​ខ្លួន​ពី​អ៊ុយក្រែន។ ក្រុង​ Donetsk ​ស្ថិត​នៅ​ប៉ែក​ខាង​កើត​ប្រទេស​ និង​មាន​ព្រំប្រទល់​ជាប់​រុស្ស៊ី មាន​បណ្តាជន​រស់​នៅ​ភាគ​ច្រើន​និយាយ​ភាសា​រុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

បាតុករ​កាន់​តែ​ច្រើន​ឡើងៗ បាន​នាំ​គ្នា​ចូល​កាន់​កាប់​ស្ថាប័ន​រដ្ឋ​ តាំង​ពី​ថ្ងៃល្ងាច​ថ្ងៃអាទិត្យ​មក។ ហើយ​បាន​ប្រកាស​នៅថ្ងៃចន្ទ​ទី ៧ មេសានេះ​​ ស្នើ​សុំ​រៀប​ចំ​ប្រជាមតិ​ យ៉ាង​យូរ​នៅ​ថ្ងៃ​ ១១ ឧសភា​ខាង​មុខ។ ជា​ប្រជាមតិ​ ផ្តាច់​ខ្លួន​ពី​អ៊ុយក្រែន បង្កើត​ជា​រដ្ឋ​ឯករាជ្យ​ក្រោម​ឈ្មោះ​ថា “សាធារណរដ្ឋ​ប្រជាមានិត Donetsk”។ មិន​តែ​ប៉ុណ្ណោះ​ក្រុម​បាតុករ​បាន​ស្នើ​​សុំ​រុស្ស៊ី​ឱ្យ​បញ្ជូន​ទ័ព​មក​ជួយ​ការពារ​សន្តិភាព​តំបន់​ ទប់​​ទល់​នឹង​ការ​​គំរាមកំហែង​របស់​អាជ្ញាធរ​ក្រុង​គៀវ​ជា​យថាហេតុ​ណាមួយ។

ចលនា​​ចង់​ផ្តាច់ទឹក​ដី ស្និទ្ធ​នឹង​​រុស្ស៊ី ក៏​បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​ នៅ​តាម​ខេត្ត​ក្រុង​​ ភាគ​ខាង​កើត​ជាប់​ព្រំដែន​រុស្ស៊ី​ផ្សេងទៀត ដូច​ជា នៅក្រុង​​ Louhansk និង​ក្រុង​Kharkiv។
សម្រាប់​នាយករដ្ឋមន្ត្រី​​អ៊ុយក្រែន សកម្មភាព​ប៉ះបោរ​នេះ គឺ​ជា​ផែនការ​របស់​រុស្ស៊ី​ដែល​ចង់​បង្ក​អស្ថិរភាព​​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន។ លើស​ពី​នេះ​ទៅ​ទៀត លោកប្រធានាធិបតី​ស្តីទី​ បាន​ចោទ​ប្រកាន់​ម៉ូស្គូ​ថា​កំពុង​​ផ្តើម​យុទ្ធនាការ​ឈ្លានពាន​ លេប​ទឹក​ដី​អ៊ុយក្រែន​ភាគ​ទីពីរ បន្ទាប់​ពី​បាន​ទទួ​លជោគជ័យ​នៅ​គ្រីមេ។


សូមអាន ៖ គ្រីមេធ្វើ​ប្រជាមតិ​ភ្ជាប់​ខ្លួន​នឹង​រុស្ស៊ី

ថ្វី​ដ្បិត​តែ​ចលនា​បាតុកម្ម​នៅមាន​ទំហំ​តូច​នៅ​ឡើយ ហើយ​ម្យ៉ាង​ទៀត​អត្រា​អ្នក​​និយាយ​ភាសា​រុស្ស៊ី​មាន​កំរិត​ជាង​គ្រីមេ​ក៏​ពិត​មែន ប៉ុន្តែហានិភ័យ​នៅ​តែ​ខ្ពស់ ៖ ការ​ដក​កងទ័ព​រុស្ស៊ី​ចេញ​តំបន់​ព្រំដែន​ មាន​សកម្មភាព​យឺត​យ៉ាវ​បំផុត។ អូតង់​វិញ បាន​អះអាង​ថា​គ្មាន​ឃើញ​ការ​ប្តូរ​ផ្លាស់​អ្វី​មួយ​គួរ​ឱ្យ​កត់​សម្គាល់​ ក្នុងរុះ​​រើ​ទីតាំង​ឈរ​ជើង​យោធា​រុស្ស៊ី​ទេ។ ​

សហគមអន្តរជាតិ ជាពិសេស​អាល្លឺម៉ង់ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជា​ស្រេច​នៅ​ថ្ងៃ​នេះ ដោយ​បា​នប្រកាស​តាម​ដាន​ព្រឹត្តិការណ៍​នៅ​Donetsk​ យ៉ាង​កៀកកិត​បំផុត និង​បាន​អំពាវនាវ​ឱ្យ​មាន​ការ​សហការ​រួម​ ដើម្បី​រក្សា​ស្ថិរភាព​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន បញ្ចៀស​ឱ្យ​បាន​ការ​ប៉ះទង្គិច​ហិង្សា៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ