អ៊ុយក្រែន-​រុស្ស៊ី

វិបត្តិ​អ៊ុយក្រែន ៖ ពូទីន​​ការពារ​​សំណើ​​ធ្វើ​​ប្រជាមតិ​​នៅ​​គ្រីមេ

ក្រុម​អ្នក​ចង់​ក្លាយ​ជា​រុស្ស៊ី​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅមុខ​ទីស្នាក់ការ​រដ្ឋបាល​ក្រុង​ Donetsk ខាង​កើត​អ៊ុយក្រែន ថ្ងៃ​ទី ៩ មីនា ២០១៤
ក្រុម​អ្នក​ចង់​ក្លាយ​ជា​រុស្ស៊ី​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅមុខ​ទីស្នាក់ការ​រដ្ឋបាល​ក្រុង​ Donetsk ខាង​កើត​អ៊ុយក្រែន ថ្ងៃ​ទី ៩ មីនា ២០១៤ REUTERS/Konstantin Chernichkin

ជា​សប្តាហ៍​ប្រកប​ដោយ​ភាព​តាន​តឹង​បំផុត​នៅគ្រីមេ ! អ្នក​ចង់​ក្លាយ​ជា​រុស្ស៊ី និង​អ្នក​ចង់​នៅ​ជា​អ៊ុយក្រែន គង់​តែ​នឹង​ប៉ះទង្គិច​គ្នា​ដោយ​ចៀស​មិន​ផុត។ ទាហាន​ និង​ក្រុម​ប្រដាប់​អាវុធ​ស្និទ្ធ​នឹង​រុស្ស៊ី​​ បន្ត​ប្រើ​អំណាច​នៅ​គ្រីមេ ឯ​យោធា​​អ៊ុយក្រែន​ ក៏​មិន​​ចុះ​ចាញ់ ... លើ​ផ្នែក​ការទូត​វិញ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន បាន​ជួប​ពិភាក្សា​ ជាមួយ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ដេវីត កាមឺរោន។ តាម​ទូរស័ព្ទ​ លោកពូទីន បាន​ការពារ​សំណើ​ធ្វើ​ប្រជាមតិ​នៅគ្រីមេ ជាមួយ​នឹង​ចេតនា​ចង់​ដំណោះស្រាយ​វិបត្តិ​អ៊ុយក្រែន​តាម​ផ្លូវ​ការ​ទូត។

ផ្សាយពាណិជ្ជកម្ម

ខ្សែ​ទូរ​ស័ព្ទ​បាន​ភ្ជាប់រវាង​ម៉ូស្គូ និង​ឡុងដ៍ និងបែរឡាំង​ ! ​ ប៉ុន្តែ​​​ដូច​ជា​ស្តាប់​គ្នា​មិន​យល់​សោះ មិនដឹង​ថា​មកពី​ភាសា​ខុស​គ្នា ឬ​​មក​ពី​ប្រព័ន្ធ​មិន​ល្អ ... សម្រាប់​លោក​ពូទីន អាជ្ញាធរ​គ្រីមេ បច្ចុប្បន្ន ដែល​មាន​និន្នាការ​ស្និទ្ធ​នឹង​រុស្ស៊ី ជា​​រដ្ឋាភិបាល​ស្រប​ច្បាប់ ! លោកពូទីន​បាន​ប្រាប់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស និង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​​អាល្លឺម៉ង់​ដោយ​ផ្ទាល់​មាត់។ ម៉ូស្គូ​បាន​ថែម​ទាំង​អះអាង​ថា “វិធានការ​ដែល​អាជ្ញាធរ​គ្រី​មេ​បាន​សម្រេច​ឡើង គឺ​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង​ដោយ​ឈរ​លើ​ទស្សនៈ​វិស័យ​ការពាំរផលប្រយោជន៍​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ក្នុង​ឧបទ្វីប”

“ខ្ញុំ​មិន​យល់​ស្រប​ជាមួយ​ទេ” ! នេះ​ជា​ចម្លើយ​តប​របស់​លោកស្រី​អង់ហ្គឺឡា មែរគែល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​ទំនង​ជា​មនុស្ស​ខ្លាំង​ជាង​គេ នៅ​អឺរ៉ុប​ មាន​សមត្ថភាព​អាច​និយាយ​ទៅ​ចូល​ត្រចៀក​លោកពូទីន។ លោកស្រី​បាន​បង្ហាញ​ជំហរ​អាល្លឺម៉ង់​តប​វិញ ដោយ​បញ្ជាក់​ថា គម្រោង​ធ្វើ​ប្រជាមតិ​នៅ​ថ្ងៃទី​១៦​មីនា “មិន​ស្រប​ច្បាប់ ផ្ទុយ​ស្រឡះ​នឹង​រដ្ឋធម្មនុញ្ញ​អ៊ុយក្រែន និង​ច្បាប់​អន្តរជាតិ”។
ចំណែក​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​វិញ លោក​បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី​ ឱ្យ​គាំទ្រ​ដំណើរ​ការ​​បង្កើត​ក្រុម​អន្តរការី​ទទួល​បន្ទុក​ចរចា ដែល​អាច​នាំ​រដ្ឋាភិបាល​រុស្ស៊ី​និង​អ៊ុយក្រែន ដោយ​បាន​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​ ដើម្បី​ដោះស្រាយ​វិបត្តិ​ចំពោះ​មុខ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រេមឡាំង លោក ពូទីន បាន​ទាញ​ចំណាប់​អារម្មណ៍​​ ដៃគូអឺរ៉ុប​ទាំង​ពីរ​ អំពី​អសកម្មភាព​​របស់​អាជ្ញាធរ​អ៊ុយក្រែន ក្នុង​ចំណាត់​ការ​ទប់​ស្កាត់​ការ​ប្រើ​កម្លាំង​របស់​ពួក​អ្នក​ជ្រុល​និយម។ ប៉ុន្តែ​ម៉ូស្គូ បាន​គូស​បញ្ជាក់​អំពី​ភាព​ចាំ​បាច់ និង​ការ​ព្រមព្រៀង​រួម​គ្នា រុស្ស៊ី អាល្លឺម៉ង់ និង​អង់គ្លេស​ អំពី​ប្រយោជន៍​រួម​ ក្នុង​ការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ និង​រក​ដំណោះស្រាយ​នាំ​គ្រីមេ​ឱ្យ​បាន​ស្គាល់​ស្ថានភាព​ស្ងប់​ស្ងាត់​ដូច​ដើម​វិញ ឱ្យ​បាន​ឆាប់​តាម​ដែ​ល​អាច​ធ្វើ​ទៅ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI