អ៊ុយក្រែនចុះហត្ថលេខាកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រជាមួយសហភាពអឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:២៤
នៅថ្ងៃសុក្រ២៧មិថុនានេះ ដូចសហភាពអឺរ៉ុបបានគ្រោងទុក ប្រធានាធិបតីអ៊ុយក្រែនបានមកដល់ក្រុងព្រុចសែល និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រជាមួយសហភាពអឺរ៉ុប។ កិច្ចព្រមព្រៀងនេះ ធ្លាប់ត្រូវបានអតីតប្រធានាធិបតីយ៉ានូកូវិច ដែលលំអៀងទៅរករុស្ស៊ី ទាត់ចោល ធ្វើអោយអ៊ុយក្រែនធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ។ នៅម៉ោង១០យប់ ក្នុងស្រុកអ៊ុយក្រែន ថ្ងៃសុក្រនេះដែរ បទឈប់បាញ់ឯកតោភាគី នឹងត្រូវផុតកំណត់។ បទឈប់បាញ់នេះ អាចពន្យារពេលបន្ត ប្រសិនកិច្ចពិភាក្សារវាងក្រុមបះបោរផ្តាច់ទឹកដីនិយម និងរដ្ឋអំណាចក្រុងគៀវ ស្តីពីការបិទបញ្ចប់ជម្លោះ ទទួលបានជោគជ័យ។ យប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមផ្តាច់ទឹកដីនិយមបានដោះលែង ដោយគ្មានលក្ខខណ្ឌ នូវសមាជិកអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប ៤រូប ដែលពួកគេបានចាប់ខ្លួនកាលពីថ្ងៃ២៦ឧសភា។
ក្រុុងម៉ូស្គូបញ្ចេញប្រតិកម្មចំពោះកិច្ចព្រមព្រៀងដៃគូរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប
រុស្ស៊ីនិងសហភាពអឺរ៉ុបតែងប្រទាញប្រទង់អ៊ុយក្រែន អោយចូលមកខាងខ្លួនរៀងៗខ្លួន។ លោកពូទីនលើកឡើងថា ការបង្ខំអោយអ៊ុយក្រែនជ្រើសយករវាងសហភាពអឺរ៉ុបនិងរុស្ស៊ី គឺមានតែជំរុញអ៊ុយក្រែនអោយបែកបាក់តែប៉ុណ្ណោះ។ សូមបញ្ជាក់បន្តិចថា នៅថ្ងៃសុក្រនេះ ប្រធានាធិបតីអ៊ុយក្រែន ពេត្រូ ប៉ូរ៉ូឆិនកូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូ លើឯកសារទាក់ទងផ្នែកពាណិជ្ជកម្ម ដែលមានទិសដៅលុបរបាំងពន្ធរវាងសហភាពអឺរ៉ុប និងអ៊ុយក្រែន។ និយាយរួមមកវិញ កិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រជាមួយសហភាពអឺរ៉ុបដែលចុះហត្ថលេខាថ្ងៃសុក្រនេះ ធ្លាប់បានសហភាពអឺរ៉ុបគ្រោងចុះហត្ថលេខាជាមួយអតីតប្រធានាធិបតី វិចទ័រ យ៉ានូកូវិច តាំងតែពីខែវិច្ឆិកា ឆ្នាំ២០១៣ម្ល៉េះ។ តែកាលណោះ លោកយ៉ានូកូវិច បានសម្រេចងាកទៅរករុស្ស៊ីវិញ ដោយមិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ ដើម្បីអាចអោយរុស្ស៊ីផ្តល់ជំនួយសេដ្ឋកិច្ចអោយអ៊ុយក្រែន ជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចអ៊ុយក្រែន។ ការបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូជាមួយអឺរ៉ុបនេះហើយ ដែលធ្វើអោយក្រុមប្រឆាំងបះបោរតវ៉ាទម្លាក់លោកយ៉ានូកូវិច។
ក្រោយមកទៀត ក្រុមគាំទ្ររុស្ស៊ីនៅភាគខាងកើតប្រទេស ក៏ងើបបះបោរប្រឆាំងនឹងរដ្ឋអំណាចថ្មី ដែលទំលាក់លោកយ៉ានូកូវិចពីតំណែងនោះ ហើយបន្តមកទៀត រុស្ស៊ីភ្ជាប់តំបន់គ្រីមេចូលទឹកដីរុស្ស៊ី កាលពីខែមិនា។
ចំពោះកិច្ចព្រមព្រៀងដៃគូរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុបនេះ រុស្ស៊ីពិតជាជំទាស់ ប្រាកដណាស់ ព្រោះថា រុស្ស៊ីមិនចង់អោយអ៊ុយក្រែនដែលធ្លាប់ជាអតីតសាធារណរដ្ឋសហភាពសូវៀត ដើរតាមសហភាពអឺរ៉ុបទេ។ រុស្ស៊ីដឹងច្បាស់ថា អឺរ៉ុបចង់យកកិច្ចព្រមព្រៀងនេះ គាបរុស្ស៊ីក្នុងដំណោះស្រាយសំណុំរឿងអ៊ុយក្រែន។
លើសពីនេះទៀត នៅថ្ងៃសុក្រនេះដែរ អតីតប្រទេសសហភាពសូវៀត២ទៀត គឺប្រទេសម៉ុលដាវី និងហ្ស៊កហ្ស៊ី ក៏ចុះហត្ថលេខាកិច្ចព្រមព្រៀងដៃគូ ជាមួយសហភាពអឺរ៉ុបដូចអ៊ុយក្រែនដែរ។ ដូច្នេះ រុស្ស៊ីពិតជាមិនសប្បាយចិត្តទេ។ រដ្ឋាភិបាលក្រុងម៉ូស្គូលើកឡើងថា កិច្ចព្រមព្រៀងរវាងអ៊ុយក្រែននិងសហភាពអឺរ៉ុប នឹងទទួលផលវិបាក។ កាលពីថ្ងៃពុធ រុស្ស៊ីធ្លាប់ព្រមានហើយថា រុស្ស៊ីនឹងចាត់វិធានាការការពារខ្លួន ប្រសិនបើកិច្ចព្រមព្រៀងដៃគូរវាងអ៊ុយក្រែនជាមួយអឺរ៉ុប ប៉ះពាល់សេដ្ឋកិច្ចរបស់រុស្ស៊ី។ នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលក្រុងម៉ូស្គូក៏បានលើកឡើងដដែលៗទៀតថា នឹងចាត់វិធានការការពារខ្លួនប្រឈមកិច្ចព្រមព្រៀងនេះ។ រុស្ស៊ី សហភាពអឺរ៉ុប និងអ៊ុយក្រែន នឹងជួបគ្នា នៅថ្ងៃ១១កក្កដាខាងមុខនេះ ដើម្បីពិភាក្សាពីការអនុវត្តន៍កិច្ចព្រមព្រៀងនេះ។
បទឈប់បាញ់របស់ប្រធានាធិបតីប៉ូរ៉ូឆិនកូ នឹងត្រូវផុតពេលកំណត់ នៅម៉ោង១០យប់ថ្ងៃសុក្រនេះ
មេដឹកនាំអឺរ៉ុបនិងរុស្ស៊ី ចង់អោយពន្យារពេលបទឈប់បាញ់នេះទៀត។ ប៉ុន្តែ រដ្ឋអំណាចក្រុងគៀវប្រាប់ហើយថា បទឈប់បាញ់នេះអាចពន្យារពេលបាន លុះត្រាតែកិច្ចចរចាស្តីពីការបិទបញ្ចប់ជម្លោះជាមួយក្រុមបះបោរគាំទ្ររុស្ស៊ី សម្រេចបានលទ្ធផលស្របតាមការចង់បានស្របតាមផែនការសន្តិភាពរបស់រដ្ឋអំណាចអ៊ុយក្រែន។ ក្រុមបះបោរគាំទ្ររុស្ស៊ីក៏ចង់បន្តបទឈប់បាញ់នេះដែរ ដោយបានប្រកាសម្សិលមិញ ថាយល់ព្រមចរចាជាថ្មីទៀត ជាមួយអាជ្ញាធរក្រុងគៀវ។
តែបើមើលពីស្ថានការណ៍ គិតពីពេលបទឈប់បាញ់នេះ បានដាក់ចេញតាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក ថ្វីបើក្រុមគាំទ្ររុស្ស៊ីប្រកាសទទួលយកបទឈប់បាញ់នេះក៏ពិតមែន តែហិង្សានៅតែបន្តមាន នៅអ៊ុយក្រែន។ កាលពីថ្ងៃអង្គារ ទាហានអ៊ុយក្រែន៩នាក់ បានស្លាប់ក្នុងការបាញ់ប្រហារឧទ្ធម្ភាគចក្រមួយគ្រឿង ហើយនៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះទៀត ក្រុមបះបោរ២០០នាក់ បានវាយប្រហារបន្ទាយកងយោមួយកន្លែង នៅក្រុងដូណេត តែត្រូវយោធាវាយរុញថយទៅវិញ។ មានមនុស្សជាង៤០០នាក់ហើយដែលបាត់បង់ជីវិតក្នុងហិង្សារវាងក្រុមផ្តាច់ទឹកដីនិយម និងកងទ័ពអ៊ុយក្រែន។ អាមេរិកនិងអឺរ៉ុបនៅតែចោទថា រុស្ស៊ីមិនបានចូលរួមជំរុញអោយក្រុមគាំទ្ររុស្ស៊ីទំលាក់អាវុធចុះ ហើយតែងគំរាមដាក់ទណ្ឌកម្មរុស្ស៊ីជានិច្ច។ រុស្ស៊ីក៏តែងបរិហារតបវិញថា អាមេរិកនិងអឺរ៉ុប ចូលចិត្តទំលាក់កំហុសលើរុស្ស៊ី។
ទោះយ៉ាងនេះក្តី ប្រធានាធិបតីប៉ូរ៉ូឆិនកូ បានប្រកាសថា ត្រៀមខ្លួនដើម្បីសម្រេចអោយបានកិច្ចព្រមព្រៀងសន្តិភាពជាមួយលោកពូទីន។ យើងឃើញថា ថ្វីបើលោកប៉ូរ៉ូឆិនកូគាំទ្រអ៊ុយក្រែនអោយដើរទៅរកសហភាពអឺរ៉ុបក្តី តែលោកបានព្យាយាមយកចិត្តរុស្ស៊ី ចៀសវាងភាពតានតឹងជាមួយលោកពូទីន។
ដើម្បីបន្ថយភាពតានតឹង លោកប៉ូរ៉ូឆិនកូ គ្រោងផ្តល់អំណាចបន្ថែមដល់តំបន់នានា នៅអ៊ុយក្រែន តាមរយៈ ការពង្រីកការប្រើប្រាស់ភាសារុស្ស៊ីអោយបានទូលំទូលាយ ឬការបោះឆ្នោតតែងតាំងតំណាងគ្រប់គ្រងតាមស្រុក ដោយមិនចាំបាច់អោយអាជ្ញាធរក្រុងគៀវតែងតាំងនោះទេ។ លោកប៉ូរ៉ូឆិនកូនឹងលើកគំរោងនេះឡើងទៅសភា។ ទោះយ៉ាងនេះក្តី គំរោងបែងចែកអំណាចតាមស្រុកនេះ មិនធ្វើដល់ថ្នាក់រហូតបង្កើតអោយមានរចនាសម្ព័ន្ធបែបសហព័ន្ធ តាមការចង់បានរបស់រុស្ស៊ីទេ ព្រោះលោកប៉ូរ៉ូឆិនកូ ចង់រក្សាឥទ្ធិពលរដ្ឋាភិបាលក្រុងគៀវ នៅតាមតំបន់ដែលគាំទ្ររុស្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ