អ៊ុយក្រែន

អាមេរិក សន្យាផ្តល់អាវុធទៅ អ៊ុយក្រែន ចំទិ​វា​ឯករាជ្យ​អតីត​សាធារណ​រដ្ឋ​សូ​វៀត​

រដ្ឋមន្ត្រីការពារជាតិអាមេរិកាំង  Jim Mattis
រដ្ឋមន្ត្រីការពារជាតិអាមេរិកាំង Jim Mattis REUTERS/Francois Lenoir

រដ្ឋមន្ត្រីការពារជាតិអាមេរិកាំង Jim Mattis បានអះអាងជាថ្មីថា អាមេរិក​នឹង​ផ្តល់​អាវុធ​សម្រាប់​ជួយ​កងទ័ពអ៊ុយក្រែន។ ដ្បិត​សង្គ្រាមជាង៣ឆ្នាំមកហើយ ដែល​អ៊ុយក្រែន​ខិតខំ​បង្ក្រាប​ពួក​ផ្តាច់​ទឹក​ដី​រុស្ស៊ី​និយម​ នៅតំបន់ខាង​កើតអ៊ុយក្រែន។ អាមេរិក​មិនកាត់ផ្តាច់ឡើយ លទ្ធភាព​ផ្តល់​ជា​អាវុធ​ដែល​អាចសម្លាប់។ នេះការ​ថ្លែង​របស់​លោក Jim Mattis នៅថ្ងៃ២៤សីហា ក្នុង​ក្រុងគៀវ ចំ​ទិវា​ខួប២​៦​ឆ្នាំ​នៃឯករាជ្យរដ្ឋអ៊ុយក្រែន។​

ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីការពារជាតិអាមេរិកាំង បានទៅដល់ក្រុងគៀវ​ដើម្បី​បញ្ជាក់​ជាថ្មីពីការគាំទ្រ​របស់​ក្រុង​វ៉ាស៊ីនតោន ដល់​អ៊ុយ​ក្រែន សម្រាប់ប្រឈមនឹងរុស្ស៊ី ដោយ​ជ្រើស​យក​ចំថ្ងៃ​ប្រកាស​ឯករាជ្យ​របស់​អ៊ុយក្រែង​តែម្តង។

ក្នុងសន្និសីទសារព័ត៌មាន រួមជាមួយប្រធានាធិបតីអ៊ុយក្រែន ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិកាំង​ បាន​ប្រើ​សម្តីមុតមាំទល់នឹងរុស្ស៊ី ដែលជាប់ចោទក្នុង”ការកាត់ចៀរ ឡើងវិញ​ព្រំដែន​អន្តរ​ជាតិ​តាម​ផ្លូវ​ប្រើ​កម្លាំង”។ លោក Jim Mattis ព្រមានថា ទណ្ឌកម្មប្រឆាំងម៉ូស្គូ នឹងនៅរក្សាទុកដដែល រហូត​ដល់​ពេល ​ដែល​រុស្ស៊ីសុខចិត្តបំពេញតាមកិច្ចព្រមព្រៀងក្រុងមិនស្ក៍ សម្រាប់តំបន់ខាងកើតអ៊ុយក្រែន។ 

រហូតមកទល់ឥឡូវ អាមេរិកតែងជួយកងទ័ពអ៊ុយក្រែន ជាយុទ្ធបរិក្ខារ ដែលមិនអាចបង្ក មរណភាព ឡើយ។ ក្រុងគៀវ ម្តងហើយម្តងទៀត បានសុំពួកប្រទេសខាងលិចសម្ព័ន្ធមិត្តខ្លួន ឲ្យ​ផ្តល់​ត្រង់​ភ្លឹង​ទៅខ្លួន គឺសព្វាវុធ។ ស្តីអំពីអាវុធការពារដែលអាចសម្លាប់ លោក Jim Mattis បានប្រកាសថា៖ ក្រុងវ៉ាស៊ីនតោន កំពុងពិនិត្យ មើលបញ្ហានេះយ៉ាងសកម្ម។ តាមសម្តីគាត់ អ៊ុយក្រែន មិនមែនជាប្រទេសឈ្លានពានទេ អ៊ុយក្រែនច្បាំងតែនៅលើដែនដីខ្លួនប៉ុណ្ណោះ។

ចំណែក​ប្រធានាធិបតីអ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ បានទម្លាយឲ្យដឹងថា កិច្ចសន្ទនារបស់គាត់ ជាមួយ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិអាមេរិកាំង បានប្រព្រឹត្តទៅរស់រវើកក្រៃ ហើយមិនគ្រាន់តែប៉ះលើការផ្តល់ ឲ្យ​អ៊ុយក្រែននូវ សព្វាវុធដែលអាចសម្លាប់ប៉ុណ្ណោះទេ។ តែក៏ប៉ះលើបរិក្ខាយោធា ជាពិសេសផ្នែក អេឡិកត្រូនិក​ ទាំងនៅរង់ចាំ ការអនុម័តដាច់ស្រេចជាស្ថាពរ សេចក្តីសម្រេចជុំវិញរឿងនេះ។

អ្វីជាការកត់សម្គាល់ នៅមិនឆ្ងាយប៉ុន្មានពីទីលាន ដែលប្រព្រឹត្តទៅ ក្បួនព្យុហយាត្រាកងទ័ព ឧទ្ទិស​ដល់​ទិវា​ឯករាជ្យនោះ នៅចំកណ្តាលក្រុងគៀវតែម្តង ស្រាប់តែមានលាន់សូរផ្ទុះ បណ្តាល​ឲ្យ​របួស​មនុស្សអស់ពីរនាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI