អានតួអត្ថបទ
កម្ពុជា

ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១០៥​៖ ​អ.ស.ប​ ជំរុញ​ការ​គោរព​សិទ្ធិ​ស្ត្រី​ជន​បទ​

មុខរបរតូចតាចរបស់​ស្ត្រី នៅតាមជនបទ។
មុខរបរតូចតាចរបស់​ស្ត្រី នៅតាមជនបទ។ @RFI
១៦ នាទី

ស្រប​ទៅ​នឹង​ខួប​លើក​ទី១០៥ នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០១៦ គណៈកម្មាធិការ​ទទួល​បន្ទុក​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ (ស៊ី.ដ) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​មាន​ការ​ផ្តោត ការ​គោរព​សិទ្ធិ និង​លើក​កម្ពស់​ស្ថានភាព​ស្ត្រី និង​កុមារី​នៅ​តាម​ទី​ជនបទ។ ស្ត្រី និង​កុមារី​ជនបទ ដែល​អ្នក​ជំនាញ​ការ​អង្គការ​សហប្រជាជាតិ នៅ​តែ​មើល​ថា កំពុង​តែ​ប្រឈម​នឹង​ការ​រើសអើង និង​មិន​ទទួល​បាន​សិទ្ធិ​គ្រប់គ្រាន់។

ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​សន្និសីទ​អង្គការ​សហប្រជាជាតិ​ជា​ច្រើន បាន​ទទួល​ស្គាល់​ការ​រួម​ចំណែក​ដ៏​សំខាន់​របស់​ស្ត្រី​ជនបទ ក្នុង​ការ​អភិវឌ្ឍ​ជនបទ ស្បៀង​អាហារ និង​អាហារ​រូបត្ថម្ភ ព្រម​ទាំង​កាត់​បន្ថយ​ភាព​ក្រីក្រ​ក៏​ដោយ ប៉ុន្តែ​ស្ត្រី និង​កុមារី នៅ​តាម​ទី​ជនបទ ដែល​មាន​ចំនួន ១​ភាគ​៤​នៃ​ចំនួន​ប្រជាជន​សរុប​លើ​ពិភពលោក​​ បាន​បន្ត​ជួប​ប្រទះ​បញ្ហា​ប្រឈម​ជា​ច្រើន រាប់​ទាំង​របាំង​ដ៏​រឹងរុស និង​ជា​ប្រព័ន្ធ ដល់​ការ​អនុវត្ត​សិទ្ធិ​ស្ត្រី​ឲ្យ​បាន​ពេញ​លេញ។

តាម​ការ​ឃ្លាំ​មើល​របស់​គណៈកម្មាធិការ​ទទួល​បន្ទុក​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ ហៅ​កាត់​ថា​ស៊ី. ដ នៅ​ប្រទេស​ជា​ច្រើន​ តម្រូវ​ការ​ជាក់​លាក់​របស់​ស្ត្រី​ មិន​ត្រូវ​បាន​ដោះស្រាយ​ត្រឹម​ត្រូវ ក្នុង​ច្បាប់​ គោល​នយោបាយ​ថវិកា​ជាតិ និង​ថវិកា​មូលដ្ឋាន​​ឡើយ​​។ ហើយ​ពួក​គេ ថែម​ទាំង​ត្រូវ​បាន​ផាត់​ចេញ​ពី​ភាព​ជា​អ្នក​ដឹកនាំ និង​មុខ​តំណែង​ធ្វើការ​សម្រេច​នៅ​គ្រប់​កម្រិត​ទៀត​ផង​។

នៅ​កម្ពុជា​វិញ រដ្ឋាភិបាល ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ស្ត្រី​ក្នុង​តំបន់​ទាំង​នេះ នៅ​តែ​ទទួល​បាន​ការ​រើស​អើង ការ​រំលោភ​បំពាន​សិទ្ធិ​ជា​មូលដ្ឋាន​គ្រឹះ​។ ពួកគេ នៅ​តែ​ត្រូវ​បាន​បុរស​ ដែល​ជា​ប្តី ឬ​ជា​សង្សារ ប្រើ​អំពើ​ហិង្សា​ធ្វើ​បាប ហើយ​ក្នុង​នោះ មាន​ទាំង​ការ​រំលោភ រួច​សម្លាប់​ចោល ផង​ដែរ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​ថា ទាំង​នេះ ជា​កង្វះ​សីលធម៌​សង្គម​ធ្ងន់ធ្ងរ ដែល​ត្រូវ​ការ​ការ​ចូលរួម​ទាំង​អស់​គ្នា ដើម្បី​លើកស្ទួយ​ស្ត្រី ជា​ពិសេស​ស្ត្រី​ទន់​ខ្សោយ​ នៅ​តាម​ទី​ជន​បទ​នានា។​

ចំពោះ​បញ្ហា​ទាំង​នេះ (ស៊ី ដ) បាន​ជម្រុញ​ឲ្យ​សហគមន៍​អន្តរជាតិ រួម​ទាំង​រដ្ឋាភិបាល​ផង ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ តាម​រយៈ​ការ​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​ស្ត្រី​ និង​កុមារី នៅ​តាម​ជនបទ។ សិទ្ធិ​អំណាច ចំនួន ១០​ដែល​(ស៊ី ដ) ចង់​ឲ្យ​ស្ត្រី​ជនបទ ទទួល​បាន​រួម​មាន ការ​អនុម័ត​ក្របខ័ណ្ឌ​គតិ​យុត្តិ​ដែល​មិន​រើស​អើង និង​ការ​ផ្តល់​ភាព​ងាយ​ស្រួល ព្រម​ទាំង​លទ្ធភាព​សមរម្យ​ដល់​ស្រី្ត​ជន​បទ ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​។ ត្រូវ​ផ្តោត​លើ​តម្រូវការ​ពិសេស​របស់​ក្រុម​ស្ត្រី​បាត់បង់​ឱកាស​ និង​ដែល​គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​គិតគូ។ ក្នុង​នោះ ក៏​ត្រូវ​តែ​លុប​បំបាត់​ផ្នត់​គំនិត​អវិជ្ជមាន ទំនៀម​ទម្លាប់​ ការ​អនុវត្ត​ដែល​គ្រោះថ្នាក់ និង​ការ​បង្ខិត​បង្ខំ​អាពាហ៍ពិពាហ៍​។ លើស​ពី​នេះ (ស៊ី ដ) បាន​​អំពាវនាវ​ផង​ដែរ ឲ្យ​ផ្តល់​លទ្ធភាព ដល់​ស្ត្រី និង​កុមារី​ជន​បទ ​ទទួល​បាន​ការ​អប់រំ សម្ភារៈ​បរិក្ខារ និង​សេវា​គាំពារ​សុខភាព ដែល​មាន​គុណភាព និង​តម្លៃ​សមរម្យ សម្រាប់​ជីវិត៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ