អានតួអត្ថបទ
ស៊ីរី

មួយឆ្នាំ​​ក្រោយការ​​ងើបបះបោរ​​ បាស្ហារ​​អាល-អាស្សា​ដ​​នៅតែ​​ពុំព្រម​​ចុះចាញ់​​

ប្រធានាធិបតី​​ផ្តាច់ការ​​ស៊ីរី​ ​បាស្ហារ ​អាល-អាស្សាដ​​
ប្រធានាធិបតី​​ផ្តាច់ការ​​ស៊ីរី​ ​បាស្ហារ ​អាល-អាស្សាដ​​ REUTERS
ដោយ៖ សៀក សារិន
២៩ នាទី

នៅខណៈពេល​ដែល​ចលនា​ងើបបះបោរ​ប្រឆាំង​បាន​កើតមាន​នៅ​ក្នុង​ប្រទេស​អារ៉ាប់​មួយចំនួន​ ​ ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​បាន​ថ្លែងថា​ រដ្ឋាភិបាល​ស៊ីរី​មាន​ការគាំទ្រ​ពី​ប្រជាជន​របស់ខ្លួន។​ ប៉ុន្តែ​ ប៉ុន្មាន​សប្តាហ៍​ក្រោយមក​ ​ ប្រជាជន​ស៊ីរី​ទូទាំង​ប្រទេស​បាន​នាំគ្នា​ងើបបះបោរ​ទាមទារ​ឲ្យ​បាស្ហារ​អាល-អាស្សាដ​ចាកចេញ​ពី​មុខតំណែង។

ផ្សាយពាណិជ្ជកម្ម

ក្រោយពី​មាន​ចលនា​ងើបបះបោរ​ទាមទារ​សិទ្ធិ​សេរីភាព​នយោបាយ​ប្រឆាំង​ទម្លាក់​អ្នកដឹកនាំ​ផ្តាច់ការ​នៅក្នុង​ប្រទេស​អារ៉ាប់​មួយ​ចំនួន​រួចមក​ ​ ចលនា​ប្រឆាំង​ទាមទារ​សិទ្ធិ​សេរីភាព​នយោបាយ​ក៏​បាន​ផ្ទុះកើតមាន​នៅទូទាំង​ប្រទេស​ស៊ីរី។​ ទាំងនេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​វាយ​បង្ក្រាប​និង​ការ​វាយ​ប្រហារ​បង្ហូរឈាម​យ៉ាង​សែន​ឃោរឃៅ​ពី​សំណាក់​ទាហាន​របស់​បាស្ហារ​អាល-អាស្សាដ​ទៅលើ​ប្រជាជន​ស៊ីរី។​ ហើយក៏​ជា​ការ​វាយ​ប្រហារគ្នា​ដែល​មាន​រយៈពេល​យូរ​វែងឆ្ងាយ​ជាង​នៅ​ប្រទេស​អារ៉ាប់​ដទៃទៀត។

 
បដិវត្តន៍​និទិឃរដូវ​អារ៉ាប់​បាន​ទម្លាក់​អ្នកដឹកនាំ​ផ្តាច់ការ​អារ៉ាប់​បួន​ប្រទេស​ ដែលក្នុងនោះ​មាន​ប្រទេស​ទុយនីស៊ី​មុនគេ​ ​ បន្ទាប់មក​មាន​ប្រទេស​អេហ្ស៊ីប​ ​ ប្រទេស​លីប៊ី​ ​ និង​ប្រទេស​យេម៉ែន។​ ចំណែកឯ​អ្នកដឹកនាំ​ផ្តាច់ការ​ស៊ីរី​ ​ បាស្ហារ​អាល-អាស្សាដ​ ដែលមាន​អាយុ​៤៦ឆ្នាំ​នៅតែ​បន្ត​ធ្វើការ​វាយ​បង្ក្រាប​ទៅលើ​ប្រជាជន​របស់ខ្លួន។​ ​ បាស្ហារ​អាល-អាស្សាដ​ ពុំរួញរា​ឡើយ​នឹង​បញ្ជូន​​រថក្រោះ​ ​ កាំភ្លើងធំ​ ​ និង​ទ័ពស្រួច​របស់ខ្លួន​ទៅ​វាយ​ប្រហារ​ប្រជាជន​ស៊ីរី​ដែលហ៊ាន​ងើបបះបោរ​ទាមទារ​សិទ្ធិ​សេរីភាព​នយោបាយ។

ការវាយ​ប្រហារ​ដ៏​សែន​ឃោរឃៅ​របស់​ទាហាន​បាស្ហារ​អាល-អាស្សាដ​ទៅលើ​បាតុករ​និង​ប្រជាជន​ស៊ីវិល​ស៊ីរី​នេះ​ ​ បើយោង​តាម​អ.ស.ប.​ បានបណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជាង​ ៨ ០០០នាក់​ ​ ដែលទាំងនេះ​បាន​បណ្តាល​ឲ្យ​ប្រទេស​លោកខាងលិច​និង​ប្រទេស​អារ៉ាប់​មួយ​ចំនួន​នាំគ្នា​ធ្វើការ​ថ្កោលទោស​របប​គ្រប់គ្រង​ផ្តាច់ការ​ស៊ីរី​ ​ ហើយបាន​ទាមទារ​ឲ្យ​ប្រធានាធិបតី​បាស្ហារ​អាល-អាស្សាដ​ចុះចេញ​ពី​មុខ​តំណែង។

មកទល់​ពេលនេះ​ ​ ការទាមទារ​របស់​ប្រទេស​លោកខាងលិច​និង​ប្រទេស​អារ៉ាប់​ពុំបាន​ហុចចេញ​ជា​ផ្លែផ្កា​ដូចបំណង​ឡើយ​ ​ ផ្ទុយទៅវិញ​ ​ បាស្ហារ​អាល-អាស្សាដ​ នៅតែ​កាន់កាប់​អំណាច​នៅ​ស៊ីរី​ ​ ហើយបាន​ទាំង​វាយប្រហារ​កំទេច​ទីក្រុង​ហូម្ស​ដែល​កាន់កាប់​ដោយ​ក្រុមអ្នក​ប្រឆាំង​ស៊ីរី​ផងទៀត។​ នៅ​ពេល​ថ្មី​នេះទៀត​ ​ មួយភាគធំ​នៃ​ទីក្រុង​ Idlib ​បាន​ធ្លាក់​ទៅក្នុងដៃ​របស់​ទាហាន​បាស្ហារ​អាល-អាស្សាដ។

នៅចំពោះមុខ​ស្ថានភាព​បែបនេះ​ ​ សហគមន៍​អន្តរជាតិ​ដែលគាំទ្រ​ពួកប្រឆាំង​ស៊ីរី​នៅ​តែ​ពុំ​ទាន់​ចុះ​សម្រុង​គ្នា​ក្នុងការ​រិះរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី។​ ប្រទេស​លោកខាងលិច​សំខាន់ៗ​មាន​ដូចជា​សហរដ្ឋ​អាមេរិក​ ​ ប្រទេស​បារាំង​និង​ប្រទេស​អង់គ្លេស​បាន​ទាមទារ​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​សហគមន៍​អន្តរជាតិ​តាមរយៈ​អ.ស.ប.​ទៅលើ​របប​គ្រប់គ្រង​ផ្តាច់ការ​របស់​បាស្ហារ​អាល-អាស្សាដ។​ ក៏​ប៉ុន្តែ​ ការទាមទារ​ទាំងនេះ​ បាន​ត្រូវ​ខាឃាំង​ដោយ​សិទ្ធិ​វេតូ​របស់​មហាអំណាច​រុស្ស៊ី​និង​មហាអំណាច​ចិន។

គួរបញ្ជាក់ថា​ ​ ក្រុមប្រឆាំង​ស៊ីរី​ពុំអាច​យកជោគជ័យ​លើ​ទាហាន​របស់​បាស្ហារ​អាល-អាស្សាដ​ឡើយ​ ​ ដោយហេតុតែ​កងកម្លាំង​យោធា​ស៊ីរី​នៅមាន​កម្លាំង​ខ្លាំងក្លា​ ​ ហើយ​ធ្វើការ​វាយ​ប្រហារ​ទៅលើ​ប្រជាជន​ដោយ​គ្មាន​ញញើតដៃ​ឡើយ។​ ក៏​ប៉ុន្តែ​ យ៉ាងណា​ក៏​ដោយ​ ​ មិនយូរ​មិនឆាប់​ ​ បាស្ហារ​អាល-អាស្សាដ​ត្រូវតែ​ចុះចេញ​ពី​មុខ​តំណែង​ ​ ដោយហេតុតែ​ បាស្ហារ​អាល-អាស្សាដ​លែងមាន​ធម្មានុរូបភាព​ជា​ប្រធានាធិបតី​ស៊ីរី​ពេញច្បាប់​ទៀតហើយ។

រីឯ​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​ (CNS) ​ដែលជា​កម្លាំង​ប្រឆាំង​មួយ​ដ៏​សំខាន់​ហើយ​ដែល​បាន​ទទួល​កាគាំទ្រ​និង​ការ​ទទួល​ស្គាល់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ហាក់​បី​ដូចជា​កំពុង​បាត់​បង់​ឥទ្ធិពល​របស់​ខ្លួន​​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ​ ។​ នៅ​ថ្ងៃអង្គារ​កន្លងទៅ​នេះទៀត​ ​ សមាជិក​សំខាន់ៗ​បីរូប​​នៃ​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​ (CNS) ​បាន​លាចាកចេញ​ ​ ដែលក្នុងនោះ​មាន​លោក​ Haitham al Maleh ​ដែលជា​អ្នក​ប្រឆាំង​ស៊ីរី​ជើងចាស់​ម្នាក់​បាន​ទិតៀន​ថា​ ​ ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​ (CNS) ​មាន​កង្វះ​តម្លាភាព។

ទោះបីជា​ប្រជាជន​ស៊ីរី​រងគ្រោះ​បាន​ស្រែក​ទាមទារ​ឲ្យ​មាន​អន្តរាគមន៍​យោធា​យ៉ាងណា​ក៏​ដោយ​ ​ ក៏​ប្រទេស​លោក​ខាងលិច​នៅ​ពេលនេះ​ពុំព្រម​ឲ្យមាន​អន្តរាគមន៍​យោធា​ក្រោម​​ការ​ដឹកនាំ​របស់​អូតង់​ដូច​នៅ​ប្រទេស​លីប៊ីឡើយ។

ចំណែកឯ​ក្រុម​ប្រឆាំង​ស៊ីរី​វិញ​បាន​ប្រកាសថា​ ​ ថ្ងៃអង្សា​របស់​ បាស្ហារ​អាល-អាស្សាដ​ ខិត​កាន់តែ​ជិតមក​ដល់ហើយ​ ​ ​ដោយហេតុថា​៖​
-ទី១​ ស្ថានភាព​សេដ្ឋកិច្ច​ចេះតែ​ធ្លាក់ចុះ​ដុនដាប។
-ទី២​ រដ្ឋប្រហារ​អាចកើត​ចេញ​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ឬ​ចេញ​ពី​រង្វង់​យោធា​ជាន់ខ្ពស់​ស៊ីរី។

យើងងាក​ទៅមើល​ស្ថានភាព​ផ្ទៃក្នុង​របស់​ប្រទេស​ស៊ីរី​វិញម្តង​ ​ បាស្ហារ​អាល-អាស្សាដ​ ទទួលបាន​ការគាំទ្រ​ពី​សំណាក់​សហគមន៍​ Alaouite ​ដែលជា​សហគមន៍​របស់​ខ្លួន​ ​ ហើយនិង​ពី​សំណាក់​សហគមន៍​ភាគតិច​ឯទៀតៗ​ជាច្រើន​ដូចជា​ ​ អ្នកកាន់​គ្រិស្តសាសនា​ ​ ឬ​ពួក​ druze ​ជាដើម​ដែល​ពុំហ៊ាន​គាំទ្រ​ក្រុម​ប្រឆាំង​ស៊ីរី​ដែល​ភាគច្រើន​ចេញពី​សហគមន៍​អ៊ីស្លាម​ sunnite ​ដែលជា​សហគមន៍​សំខាន់​ជាងគេ​នៅ​ប្រទេស​ស៊ីរី។​ ដូច្នេះ​ឃើញថា​ ​ វិបត្តិ​នៅ​ប្រទេស​ស៊ីរី​ពិតជា​វិបត្តិ​មួយ​ដ៏​ស្មុគស្មាញ​ ​ ពិបាក​នឹង​រក​ដំណោះ​ស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ