អានតួអត្ថបទ
ជនភៀសខ្លួន​

ឧត្តមស្នងការ​​អ.ស.ប​ ទទួល​បន្ទុក​​ជនភៀសខ្លួន​​បារម្ភពី​​ទំនោរ​​​​ស្អប់​​ជនបរទេសនៅ​​​​អឺរ៉ុប​​​

ជនភៀសខ្លួន​ស៊ីរី
ជនភៀសខ្លួន​ស៊ីរី REUTERS/Ali Jarekji
ដោយ៖ ព្រំ សឿន សូលីណា
១៤ នាទី

ថ្ងៃចន្ទ​​២០មិថុនា​នេះ ជា​ទិវា​ពិភពលោក​នៃ​ជនភៀសខ្លួន។ ឧត្តមស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន លោក​ហ្វ៊ីលីប៉ូ ហ្ក្រង់ឌី ​Filippo Grandi បាន​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ជនភៀសខ្លួន​នៅ​អឺរ៉ុប។ គំនិត​ជាតិនិយម​ស្អប់ជនបរទេស​ហាក់កំពុង​​គ្របដណ្តប់​ទឹកដី​អឺរ៉ុប រាល់​ថ្ងៃ។ លោក​ហ្ក្រង់ឌី​ចាត់ទុក​បរាជ័យ​ក្នុង​ដំណោះស្រាយ​​​បញ្ហា​ជនភៀសខ្លួន ថា​ជា​បរាជ័យផ្នែក​នយោបាយ​ មិនមែន​ជា​បរាជ័យ​ផ្នែក​​ជំនួយទេ។

ផ្សាយពាណិជ្ជកម្ម

សម្រាប់​​​លោក​ហ្ក្រង់ឌី ជា​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ​​អឺរ៉ុប​មិនបាន​អនុវត្ត​ដំណោះស្រាយ​លំហូចូល​​ជនភៀសខ្លួន ស្រប​តាម​​​ការ​សម្រេច​របស់​​សមាជិក​ខ្លួន​​​ កាលពី​ឆ្នាំមុនទេ។ មូលហេតុ​គឺថា ជាជាង​​សហការគ្នា​ រួបរួមគ្នា​​ដោះស្រាយ​បញ្ហា ប្រទេស​​និមួយៗ​ដោះស្រាយ​តាម​តែ​​នយោបាយ​ជាតិ​ផ្ទាល់ខ្លួន រៀងៗខ្លួន។

ផលវិបាក​គឺថា មាន​ប្រទេស​តិចតួច​ណាស់ ដែល​​យល់ព្រម​ទទួល​​យក​ជនភៀសខ្លួន។ ប្រទេ​ស​អឺរ៉ុប​ជាច្រើន​បាន​បិទព្រំដែន​មិនអោយ​ជនភៀសខ្លួន​ចូលទឹកដីខ្លួន។ ​

​លោក​ហ្ក្រង់ឌី លើកឡើង​ថា អ្នកនយោបាយ​អឺរ៉ុប​ត្រូវតែ​ពន្យល់​គ្រប់គ្នា​ថា អន្តោប្រវេសន៍ ​ក៏​ចូលរួម​​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ដែរ។ អ្នកនយោបាយ​អឺរ៉ុប​ត្រូវពន្យល់ថា ជនភៀសខ្លួន​មិនមែន​ជា​គ្រោះថ្នាក់​សម្រាប់​​​​អឺរ៉ុបទេ។ ផ្ទុយទៅវិញ ពួកគេ​​ត្រូវការ​​ការការពារ​ ព្រោះ​ពួកគេ​​រត់គេច​ពី​តំបន់​គ្រោះថ្នាក់ ដើម្បី​ការពារ​អាយុ​ជីវិត។​

ឧត្តមស្នងការ​អសប​ទទួលបន្ទុក​ជនភៀសខ្លួន​ក៏បារម្ភ​ផងដែរ ពី​ប្រជាជន​ស៊ីវិល​នៅតាម​ប្រទេស​សង្គ្រាម​ ពិសេស​នៅ​តំបន់​ដើមបូព៌ា។ ប្រជាជន​ទាំងនោះ ​កំពុង​ភៀសខ្លួន​ពី​ផ្ទះសម្បែង ជាប់ផុងខ្លួន​ក្នុង​តំបន់​គ្រោះថ្នាក់ ដែល​ក្រុមសង្គ្រោះ​ពិបាក​​​ចូលទៅជួយពួកគេ។

ម្សិលមិញ ក្នុងដំណើរ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់ លោក​ហ្ក្រង់ឌី បាន​លើកសរសើរ​ពី​អ៊ីរ៉ង់​ និង​ប៉ាគីស្ថាន ដែល​ជា​ប្រទេស​ជាប់របង​ជាមួយ​អាហ្វហ្កានីស្ថាន ថា​ជា​ប្រទេស​​គាំទ្រ​ខ្លាំងក្លា​ដល់​ជនភៀសខ្លួនអាហ្វហ្កានីស្ថាន។ បច្ចប្បន្ន​ អ៊ីរ៉ង់​មា​នជនភៀសខ្លួន​អាហ្វហ្កានីស្ថាន ​ជិត​១លាន​នាក់។ ឆ្នាំ២០១៥​កន្លងទៅ ប្រមុខ​ដឹកនាំ​សាសនា​ ខាមេណី ថែមទាំង​បាន​ចេញ​ក្រិត្យ​ច្បាប់​ជួយអោយ​កុមារ​អាហ្វហ្កានីស្ថា​ន អាច​បានចូល​សាលារៀន​របស់​អ៊ីរ៉ង់​ទៀតផង។

ក្រោយ​ពី​ទស្សនកិច្ច​អ៊ីរ៉ង់ថ្ងៃអាទិត្យ​ម្សិលមិញ នៅ​ថ្ងៃចន្ទ​២០មិថុនានេះ ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ លោក​ហ្ក្រង់ឌី ​ចូលរួម​ប្រារព្ធទីវា​ពិភពលោក​ជនភៀសខ្លួន នៅ​អាហ្វហ្កានីស្ថាន។ លោក​សម្រេច​រើសយកតំបន់​នេះ ជា​​កន្លែង​ប្រារព្ធទិវា​ ក៏ដោយសារ​តែ​​ក្នុង​តំបន់ អាជ្ញាធរ​​​​កំពុង​ប្រឈម​នឹង​វិបត្តិ​ជនភៀសខ្លួន​​ជាពលរដ្ឋ​​អាហ្វហ្កានីស្ថាន៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ