ការគំរាម និងសម្លាប់អ្នកកាសែតផ្ទុះឡើងវិញ
មានករណីធ្វើទុក្ខបុកម្នេញទៅលើអ្នកកាសែត២ករណីនៅដើមខែកញ្ញានេះ។ ក្នុងនោះមានអ្នកកាសែតម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតត្រូវបានគំរាមតាមទូរស័ព្ទ។ ទាំងនេះគឺជាស្ថានភាពដ៏គួរអោយព្រួយបារម្ភសម្រាប់អ្នកកាសែត។ សមាគម និងក្លឹបអ្នកកាសែតកម្ពុជាបានថ្លែងការណ៍ព្រួយបារម្ភ និងអំពាវនាវអោយអាជ្ញាធរស៊ើបអង្កេត និងចាប់ជនដៃដល់មកផ្តន្ទាទោស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកហង្ស សិរីឧត្តម អាយុ៤៤ឆ្នាំ ជាភ្នាក់ងារឆ្លើយឆ្លងព័ត៌មានរបស់កាសែតវរជនខ្មែរ ប្រចាំភាគឦសានបានបាត់ខ្លួនពីយប់ថ្ងៃអាទិត្យ ហើយត្រូវបានរកឃើញថាត្រូវគេធ្វើឃាតនៅថ្ងៃអង្គារម្សិលមិញនេះ។ សាកសពរបស់អ្នកកាសែតត្រូវបានឃាតករលាក់នៅក្នុងឃ្លុបខាងក្រោយនៃរថយន្តរបស់ខ្លួន ហើយដែលរថយន្តនោះត្រូវគេយកទុកក្នុងចំការស្វាយចន្ទីក្នុងស្រុកអូរជុំខេត្តរតនគិរី។និពន្ធនាយករបស់កាសែតវរជនខ្មែរលោក រិន រតនៈបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFPថា សហការីរបស់លោកបានសរសេរអត្ថបទច្រើនអំពីការកាប់ឈើប្រណិតខុសច្បាប់ដែលទាក់ទងនឹងមន្ត្រីអ្នកមានអំណាចនៅក្នុងខេត្តរតនៈគិរីនោះ។
មានករណីគំរាមកំហែងអ្នកកាសែតមួយរូបទៀតមកពីអង្គភាពកម្ពុជាថ្ងៃនេះ ដែលបានទទួលការគំរាមតាមទូរស័ព្ទកាលពីថ្ងៃទី៣កញ្ញាពីប្រធានអង្គការការពារព្រៃឈើ និងសត្វព្រៃប្រចាំខេត្តកំពត បន្ទាប់ពីកាសែតកម្ពុជាថ្ងៃនេះបានចុះផ្សាយអត្ថបទរិះគន់អង្គការមួយនេះ អំពី សកម្មភាពដាក់កុងត្រូលចាំយកលុយពីអ្នកប្រព្រឹត្តបទល្មើសព្រៃឈើតំបន់ តាកែន កោះស្លា ខេត្តកំពត។
ព្រឹត្តិការណ៍ធ្វើទុក្ខបុកម្នេញទៅលើអ្នកកាសែតបែបនេះ បានតម្រូវអោយក្លឹបអ្នកកាសែតកម្ពុជាថ្លែងការណ៍ប្រតិកម្មយ៉ាងខ្លាំងនៅថ្ងៃពុធនេះ។ ក្លឹបអ្នកកាសែតកម្ពុជាអត្ថាធិប្បាយថា នេះគឺជាការគំរាមគំហែងធ្ងន់ធ្ងរដល់ស្មារតីអ្នកសារព័ត៌មាន ដែលកំពុងបំពេញបេសកកម្មតាមវិជ្ជាជីវៈ ហើយថានេះក៏ជាចេតនារារាំង និងបន្ទុចបង្អាក់ដំណើរការនៃការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មាន ការបញ្ចេញមតិនិងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
ក្លឹបអ្នកកាសែតកម្ពុជា បានថ្កោលទោសឃាតករដែលសម្លាប់លោក ហង្ស សិរីឧត្តម និង អំពាវនាវដល់អាជ្ញាធរខេត្តរតនគីរី និងខេត្តកំពតអោយស្រាវជ្រាវរកជនល្មើសទាំងពីរករណី ដើម្បីនាំយកពួកគេមកផ្តន្ទាទោស។
ការជួញដូរឈើប្រណីត បើទោះវាជាបទល្មើសឧក្រិដ្ឋក៏ដោយ សកម្មភាពជួញដូរនេះកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងពេញផ្ទៃប្រទេស។ រាល់ថ្ងៃសារព័ត៌មានបានចេញផ្សាយករណីបង្ក្រាបការជួញដូរឈើប្រណីតដែលជនល្មើសបានប្រើប្រាស់មធ្យោបាយផ្សេងៗជាច្រើនមិនគួរអោយជឿ ដើម្បីលាក់បាំងពីភ្នែកសមត្ថកិច្ច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ