ថៃ

សកម្មជន​ចលនា​អាវក្រហម​ថៃ​មួយ​រូប​ ជាប់​ទោស​ពីរ​ឆ្នាំ​ក្នុង​ពន្ធនាគារ​ ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ

ព្រះ​មហាក្សត្រ​ថៃ​ Bhumibol Adulyadej
ព្រះ​មហាក្សត្រ​ថៃ​ Bhumibol Adulyadej Reuters / Royal household

តុលាការ​ឧក្រិដ្ឋ ​​ក្រុង​​បាងកក​ថៃ​ បាន​សំរេច​ដាក់​ទោស​ សកម្មជន​​ចលនា​អាវ​ក្រហម​ថៃ​មួយ​រូប ឈ្មោះ Yosawaris Chuklom ហៅ​ Jeng Dokchik អោយ​​ជាប់​​ពន្ធនាគារ​ រយៈ​ពេល​ពីរ​ឆ្នាំ ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​​ថៃ ធ្វើ​ឡើង​កាល​ពី​ជាង​ពីរ​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ មេធាវី​របស់​ លោក Jeng Dokchik ប្រាប់​អោយ​ដឹង​ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​​នេះ។ លោក​ Jeng មាន​អាយុ ៥៤​ ឆ្នាំ ជា​អតីតសិល្បករ ​​ មួយ​រូប​​ នៅ​ថៃ ធ្លាប់​បាន​​​ធ្វើ​សេចក្តី​ថ្លែង​ការ​ នយោបាយ ដែល​ឈាន​ទៅ​ដល់​ការ​ប្រមាថ ព្រះ​មហាក្សត្រ កាល​ពី​ឆ្នាំ ២០១០ នៅ​ពេល​ដែល​ ចលនា​អាវ​ក្រហម​ថៃ​ ​កាន់​កាប់​ទី​ក្រុង អស់​​​រយៈ​ពេល ពីរ​ខែ។ លោក​ ក៏​ត្រូវ​ជាប់​​ប្រកាន់ ក្នុង​សំណុំរឿង​​​​ដាច់​ដោយ​ឡែក​​មួយ​ទៀត​ ពី​បទ​​​ថា​បាន​បង្ក​ភេរវកម្ម​ ក្នុង​ស្រុក​ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ថៃ​នេះ លោក​ ចឹង​ ដុក​ជីក ធ្លាប់​បាន​ទទួល​ទោស​រួច​ម្តង​មក​ហើយ អោយ​ជាប់​ពន្ធនាគារ​ រយៈ​ពេល​ បី​ឆ្នាំ។ ប៉ុន្តែ​ តុលាការ​ថៃ​ បាន​បន្ថយ​ទោស​ មក​នៅ​ត្រឹម​តែ​ ពីរ​ឆ្នាំ​វិញ ដោយ​សារ​ តែ​លោក​បាន​​សហការ​ជាមួយ​តុលាការ។ លោក​ ចឹង​ បាន​​ប្តឹង​តវ៉ា​ដល់​សាលា​ឧទ្ធរណ៍ ហើយ​បាន​សុំ​​នៅ​ក្រៅ​ឃុំ ដោយ​យល់​ព្រម​បង់​ប្រាក់​ធានា។

អតីត​សិល្បករ​​​​ថៃ​ រូប​នេះ​ ជា​សកម្ម​ជន​នៃ​ចលនា​អាវ​ក្រហម​ថៃ​ ដែល​គាំ​ទ្រ​ដល់​នយោបាយ​ របស់​អតីត​​នាយក​រដ្ឋមន្ត្រី​​​ ថាក់​ស៊ីន​ ស៊ីណាវ៉ាត្រា។ លោក​ ចឹង​ ធ្លាប់​បាន​​​ធ្វើ​សេចក្តី​ថ្លែង​ការ​​នយោបាយ ​​ឈាន​ទៅ​ដល់​ការ​ប្រមាថ​ព្រះ​មហក្សត្រ​ថៃ​ កាល​ពី​ឆ្នាំ ២០១០ នៅ​ពេល​ដែល​ ចលនា​អាវ​ក្រហម​ថៃ​ ​កាន់​កាប់​ទី​ក្រុងបាងកក​ អស់​​​រយៈ​ពេល ពីរ​ខែ មុន​នឹង​យោធា​ថៃ​​ធ្វើ​ការ​​បង្ក្រាប។ វិបត្តិ​នយោបាយ​ នៅ​ពេល​នោះ​ បាន​បង្ក​អោយ​មាន​មនុស្ស​ស្លាប់ ៩០​នាក់ និង​របួស​ ១​៩០០​នាក់។ លោក ចឹង​ ក៏​ត្រូវ​ជាប់​​ប្រកាន់ ក្នុង​សំណុំរឿង​​​​ដាច់​ដោយ​ឡែក​​មួយ​ទៀត​ ពី​បទ​​​ថា​បាន​បង្ក​ភេរវកម្ម​ ក្នុង​ស្រុក​ផង​ដែរ។

នៅ​ចំពោះ​មុខ​នយោបាយ​​ក្នុង​ប្រទេស ដែល​មាន​លក្ខណៈ​ប្រែប្រួល មិន​ទៀង​ទាត់​ រាជវង្ស​ថៃ​​ ​​​​​​បាន​ក្លាយ​ជា​ប្រធានបទ​មួយ ដែល​ឆាប់​ទទួល​​រង​នូវ​ការ​ប៉ះពាល់ ​​​ផ្នែក​អារម្មណ៍។
ចាប់​​តាំង​​​​​ឆ្នាំ ២០០៦ មក ក្រោយ​​ពី​មាន​រដ្ឋ​ប្រហារ​ទំលាក់ អតីត​នាយក​រដ្ឋមន្ត្រី​​​ ថាក់​ស៊ីន​ ស៊ីណាវ៉ាត្រា ដែល​​​​បញ្ញវន្ត​ថៃ​ ចាត់​ទុក​​ថា​ ជា​តំណាង​​​​​គ្រោះ​ថ្នាក់​​ដល់​​​រាជានិយម​​ ការ​​ដាក់​ទោស​​​លើ​​ អ្នក​ដែល​​​ប្រមាថ​​ព្រះ​​មហាក្សត្រ ​​ ​កាន់​តែ​មាន​ច្រើន​ឡើង​។ 

បើ​ទោះ​ជា​​​រដ្ឋាភិបាល​ថៃ​​បច្ចុប្បន្ន ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង របស់​​ប្អូន​ស្រី​ លោក​ ថាក់​ស៊ីន ជាង​​មួយ​ឆ្នាំ​ កន្លះ​មក​ហើយ​ក៏​ដោយ ក៏​ស្ថានការណ៍​ក្នុង​ស្រុក​​ ហាក់​មិន​បាន​វិវត្តន៍​ទៅ​មុខ​នៅ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI