កូរ៉េ​ខាងជើង​

អ្នក​​រាយការណ៍​​អង្គការ​​សហប្រជាជាតិ​​ចោទ​​កូរ៉េខាងជើង​​ពី​បទ​​ឧក្រិដ្ឋកម្ម​​ប្រឆាំង​មនុស្សជាតិ​​

លោក Marzuki Darusman អតីត​​ប្រមុខ​ការទូត​ឥណ្ឌូនេស៊ី និង​ជា​អ្នករាយការណ៍របស់​​អង្គការ​សហប្រជាជាតិ​ ​​​​​
លោក Marzuki Darusman អតីត​​ប្រមុខ​ការទូត​ឥណ្ឌូនេស៊ី និង​ជា​អ្នករាយការណ៍របស់​​អង្គការ​សហប្រជាជាតិ​ ​​​​​ REUTERS/Denis Balibouse

នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ លោក Marzuki Darusman ដែលជា​អ្នករាយការណ៍របស់​​អង្គការ​សហប្រជាជាតិ​ ​​​​​បាន​ចោទប្រទេស​​​កូរ៉េ​ខាង​ជើង​ ថា​បាន​បង្ក​នូវ​​បទ​ឧក្រិដ្ឋកម្មលើ​​មនុស្ស​ជាតិ។ លោក Marzuki Darusman ​បាន​លើក​ឡើង​នូវ​ការ​ចោទ​ប្រកាន់​ចំនួន​​៩​ចំនុច​សំខាន់ៗ មាន​ដូច​ជា ការ​រំលោភ​សិទ្ធិ​មនុស្ស​ ការឃុំឃាំង​​មនុស្ស ការ​​បង្អត់​អាហារ​ប្រជាជន ការ​ហាម​ឃាត់​មិន​អោយ​បញ្ចេញ​យោបល់​ជា​ដើម។ ​​ក្រុង​​ព្យុងយ៉ាង​​បាន​បដិសេធ​នូវ​ការ​ចោទ​ប្រកាន់​​នេះ​ ដោយ​​​វាយ​បក​ទៅ​វិញ​ថា លោក​ Marzuki Darusman គឺ​នៅ​ក្នុង​ក្រុម​តែ​មួយ​ជា​មួយ​នឹង​ជប៉ុន សហរដ្ឋអាមេរិក និង​​សហភាព​អឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ នៅ​​ក្នុង​​វេទិកា​អង្គការ​សហប្រជាជាតិ​​ ​នៅ​ក្រុង​ហ្សឺណែវ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ លោក Marzuki Darusman អតីត​​ប្រមុខ​ការទូត​ឥណ្ឌូនេស៊ី និង​ជា​អ្នករាយការណ៍របស់​​អង្គការ​សហប្រជាជាតិ​ ​​​​​បាន​ចោទប្រទេស​​​កូរ៉េ​ខាង​ជើង​ ថា​បាន​បង្ក​នូវ​​​ឧក្រិដ្ឋកម្មប្រឆាំង​​មនុស្ស​ជាតិ។

របាយការណ៍​ចោទ​ប្រកាន់​​​របស់​លោក Darusman ​​​​បាន​លើក​ឡើង​នូវ​បទ​​​ឧក្រិដ្ឋ​៩​ចំនុច​សំខាន់ៗ ក្នុង​នោះ​មាន​ដូច​ជា​ ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ការឃុំឃាំង​​មនុស្ស ការ​​បង្អត់​អាហារ​ប្រជាជន ការ​​ធ្វើ​​ទារុណកម្ម​​​មនុស្ស ការ​ហាម​ឃាត់​មិន​អោយ​បញ្ចេញ​​មតិ​យោបល់​ ព្រមទាំង​ការ​បាត់​ខ្លួន​របស់​ប្រជាជន​ជា​ច្រើន​​នាក់​ទៀតផង។ ​អ្នករាយការណ៍របស់​​អង្គការ​សហប្រជាជាតិ​​រូប​នេះ បាន​ទាម​ទារ​​អោយ​​បង្កើតនូវ​គណកម្មការ​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​​​​​អន្តរជាតិ​មួយ​​ នៅ​ប្រទេស​កូរ៉េ​ខាង​ជើង។

ក្រុង​ព្យុងយ៉ាង​បាន​បដិសេធ​​នូវ​ការ​ចោទ​​ប្រកាន់​របស់​​លោក Darusman ​ ដោយ​​​វាយ​បក​ទៅ​វិញ​ថា លោក​ Marzuki Darusman ​ស្ថិត​នៅ​​ក្នុង​ក្រុម​តែ​មួយ​ជា​មួយ​នឹង​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក និង​​សហភាព​អឺរ៉ុប។ លោក Kum Ju Song អ្នក​នាំ​ពាក្យ​កូរ៉េ​ខាង​ជើង​បាន​​ឆ្លើយ​បដិសេធ​​យ៉ាង​សង្ហា​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ​វិញ​ថា « គ្មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​កើតឡើង​​នៅ​កូរ៉េ​ខាង​ជើង ​ដូច​ជា​ការ​ដែល​បាន​ចោទ​ប្រកាន់​នៅ​​ក្នុង​របាយ​ការណ៍​នោះ​ទេ។ រដ្ឋាភិបាល​​សាធារណរដ្ឋកូរ៉េ​នឹង​បន្ត​ការពារ​សិទ្ធិ និង​សេរីភាព​​របស់​ប្រជាជន​ខ្លួន​តទៅ​ទៀត»។

ដោយ​ឡែក ប្រទេស​​ចិន​​​ដែល​ជា​មិត្ត​ជិតស្និទ្ធ​របស់​​កូរ៉េ​ខាង​ជើង បាន​លើក​ឡើង​ថា​​ការ​បង្កើត​​គណកម្មការ​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​​​​​អន្តរជាតិ​ នៅ​​​ក្នុង​ប្រទេស​នេះ អាច​នឹង​ធ្វើ​អោយ​ស្ថានការណ៍​នៅ​​ទ្វីប​កូរ៉េ​ កាន់​តែ​តានតឹង​ថែម​ទៀត។

ប្រទេស​​គុយបា និង​វេណេហ្ស៊ុយអេឡា បាន​រិះ​គន់​នូវ​គំរោង​​ចង់​បង្កើត​​​គណកម្មការ​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​​​​​អន្តរជាតិ​​​​នេះ។ ប្រទេស​​ទាំង​ពីរ​​​បាន​សំណូម​ពរ​អោយ​​​សំរេច​នូវ​​ដំណោះ​ស្រាយ​តាម​រយៈ​ការ​ចរចារ​ ជាជាង​​ការ​​បរិហារទៅ​​លើ​ក្រុង​​ព្យុងយ៉ាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI