អានតួអត្ថបទ
កូរ៉េ​ខាងជើង-អ.ស.ប

អ.ស.ប​ចង់ឲ្យ​តុលាការ​ក្រុង​ឡាអេ​ស៊ើបអង្កេត​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង

បាតុកម្ម​ប្រឆាំង​របប​កុម្មុយនិស្ត​កូរ៉េ​ខាងជើង កាល​ពីថ្ងៃ​អាទិត្យ ១៦ កុម្ភៈ ក្នុង​ទីក្រុង​សេអ៊ូល កូរ៉េ​ខាង​ត្បូង
បាតុកម្ម​ប្រឆាំង​របប​កុម្មុយនិស្ត​កូរ៉េ​ខាងជើង កាល​ពីថ្ងៃ​អាទិត្យ ១៦ កុម្ភៈ ក្នុង​ទីក្រុង​សេអ៊ូល កូរ៉េ​ខាង​ត្បូង REUTERS/Kim Hong-Ji
ដោយ៖ សេង ឌីណា
1 នាទី

នៅថ្ងៃ​ចន្ទ​នេះ ក្រុម​ស៊ើបអង្កេត​របស់​អ.ស.ប បាន​ចេញផ្សាយ​លទ្ធផល​នៃ​ការ​​ស៊ើបអង្កេត​លើ​ករណី​រំលោភ​សិទ្ធិមនុស្ស នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង ដោយ​បាន​ធ្វើការ​សន្និដ្ឋាន​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​គួរតែ​ត្រូវ​ប្រឈមមុខ​នឹង​ការជំនុំជម្រះ​ នៅ​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជុំវិញ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ប្រព្រឹត្ត​ទៅលើ​ប្រជាជន​ខ្លួនឯង។

ផ្សាយពាណិជ្ជកម្ម

“ការរំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ទូលំទូលាយ និង​មានលក្ខណៈ​ជា​ប្រព័ន្ធ បាន និង​កំពុង​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​ស្ថាប័ន និង​មន្រ្តី​កូរ៉េ​ខាងជើង” នេះ​គឺ​ជា​សេចក្តីសន្និដ្ឋាន របស់​គណៈកម្មការ​ស៊ើបអង្កេត​លើ​កូរ៉េ​ខាងជើង ដែល​ត្រូវ​បាន​បង្កើត​ឡើង ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣​កន្លងទៅ។

នៅ​ក្នុង​ដំណើរការស៊ើបអង្កេត​ក្នុងរយៈពេល​ជិត​មួយ​ឆ្នាំ​កន្លងទៅនេះ ក្រុម​ស៊ើបអង្កេត​អ.ស.ប ដែល​អាជ្ញាធរ​ក្រុង​ព្យុងយ៉ាង​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​​ស៊ើបអង្កេត​ដល់​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង បាន​ប្រមែរប្រមូល​ភស្តុតាង តាមរយៈ​ការ​សាកសួរ​ជនភៀសខ្លួន​កូរ៉េ​ខាង​ជើង ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន។

គណៈកម្មការ​ស៊ើបអង្កេត​បាន​បង្ហាញ​នូវ​លទ្ធផល​ស៊ើបអង្កេត​របស់​ខ្លួន ក្នុង​របាយការណ៍​មួយ ចេញផ្សាយ នៅថ្ងៃ​ចន្ទ ដោយ​​បានសន្និដ្ឋាន​ថា មាន​ករណី​​រំលោភសិទ្ធិមនុស្ស​ជាច្រើន នៅ​កូរ៉េ​ខាង​ជើង ដែល​គេ​អាច​រាប់បញ្ចូល​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ រួមមាន ឃាតកម្ម ការ​សម្លាប់​ផ្តាច់ពូជ ការ​ធ្វើ​ទារុណកម្ម​ ការធ្វើ​ទុក្ខបុកម្នេញ​ដោយ​ហេតុផល​នយោបាយ សាសនា ឬ​ជាតិសាសន៍ ការ​បង្អត់អាហារ ព្រមទាំង​ទង្វើ​អមនុស្សធម៌​ជាច្រើន​ផ្សេងទៀត។

កូរ៉េ​ខាងជើងវិញ តាមរយៈ​ស្ថានទូត ​ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ​ បាន​បដិសេធ​​យ៉ាង​ដាច់​អហង្ការ​​នូវ​អ្វី ដែល​មាន​ចែង​ក្នុង​របាយការណ៍​ស៊ើបអង្កេត​នេះ។

នៅ​ក្នុង​របាយការណ៍​នេះ គណៈកម្មការ​ស៊ើបអង្កេត​​អ.ស.ប​ក៏​​បាន​លើកឡើង​ជា​អានុសាសន៍​ផងដែរ​ថា ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប គួរតែ​ចេញ​សេចក្តីសម្រេច​មួយ​បញ្ជូន​សំណុំរឿង​កូរ៉េ​ខាងជើង​ទៅ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុងឡាអេ ឬ​ក៏​បង្កើត​តុលាការ​អន្តរជាតិ​ពិសេស​មួយ ដើម្បី​ស៊ើបអង្កេត និង​ជំនុំជម្រះ​លើ​ករណី​រំលោភសិទ្ធិមនុស្ស​ នៅ​កូរ៉េ​ខាងជើង។

ក៏ប៉ុន្តែ មន្រ្តី​ការទូត​អ.ស.ប​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ថា ការ​បញ្ជូន​សំណុំរឿង​កូរ៉េ​ខាងជើង​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺ​ជា​រឿង​ដែល​ពិបាក​នឹង​ធ្វើ​ទៅរួច ដោយសារ​តែ​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េ​ខាងជើង ជា​សមាជិក​អចិន្រ្តៃយ៍ ដែល​មាន​សិទ្ធិវ៉េតូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ