ស៊ីរី-អ.ស.ប

អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ ស្នើ​ឈ្មោះ​បេសកជន​ដឹកនាំ​ប្រតិបត្តិការ​កម្ទេច​អាវុធ​គីមី​នៅ​ស៊ីរី​

លោក​បាន​គីមូន អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​អាទិត្យ ទី​១៣​តុលា ម្សិលមិញ​នេះ បាន​ស្នើ​ឈ្មោះ​​លោក​ស្រីSigrid Kaag ជា​ប្រេសិត​ដឹក​នាំ​បេសកកម្ម​​កម្ទេច​អាវុធ​គីមី​នៅ​ស៊ីរី។ បើ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បោះ​ឆ្នោត​ជ្រើស​តាំង លោក​ស្រី Kaag នោះ​លោក​ស្រី​នឹង​ត្រូវ​​ដឹក​នាំ​ក្រុម​ការងារ​ប្រមាណ​១០០​នាក់ ទៅ​បំពេញ​បេសកកម្ម​នៅ​​ទីក្រុង​ដាម៉ាស ប្រទេស​ស៊ីរី ក្នុង​ពេល​ឆាប់​ៗ​នេះ។

Sigrid Kaag បេស​ក​ជន​ដឹក​នាំ​ប្រតិបត្តិការ​កម្ទេច​អាវុធ​គីមី​ដែល​ស្នើ​ដោយ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​
Sigrid Kaag បេស​ក​ជន​ដឹក​នាំ​ប្រតិបត្តិការ​កម្ទេច​អាវុធ​គីមី​ដែល​ស្នើ​ដោយ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ UNICEF
ផ្សាយពាណិជ្ជកម្ម

លោក​ស្រី Kaag ដែល​ជា​ជំនួយ​ការ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​បាន​គីមូន ត្រូវ​បាន​ស្នើ​ឈ្មោះ​ដោយ​ចៅហ្វាយ​នាយ​របស់​ខ្លួន គឺ​លោក​បាន​គីមូន​ផ្ទាល់​តែ​ម្ដង ឲ្យ​ដឹក​នាំ​ប្រតិបត្តិការ​កម្ទេច​អាវុធ​គីមី នៅ​ស៊ីរី។ ជា​ប្រតិបត្តិការ​រួម​លើក​ដំបូង រវាង​អង្គការ​សហប្រជាជាតិ និង​អង្គការ​ហាម​ឃាត់​អាវុធ​គីមី ដែល​ទើប​តែ​ទទួល​រង្វាន់​ណូបែល​សន្តិភាព​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ គ្រោង​នឹង​បោះ​ឆ្នោត​លើ​សំណើខាង​លើ នៅ​ថ្ងៃ​ពុធ​ទី​១៦​តុលា ខាង​មុខ។

ក្រុមការងារ​អន្តរជាតិ​មួយ​ក្រុម ​ដែល​ចេញមក​ពី​ការរួមគ្នា​រវាង​អង្គការ​ហាមឃាត់​អាវុធគីមី និង​អង្គការ​សហប្រជាជាតិ​បាន​ទៅ​ដល់​ទីក្រុង​ដាម៉ាស​តាំង​ពី​ថ្ងៃ​ទី​១​តុលា និង​បាន​​ចាប់ផ្តើម​ដំណើរការ​បំផ្លាញ​អាវុធ​គីមី នៅក្នុង​ប្រទេស​ស៊ីរី តាំង​ពី​ថ្ងៃ​ទី​៦​តុលា​មក​ម្ល៉េះ។
ប្រសិន​បើ​លោក​ស្រី Kaag ត្រូវ​បាន​គេ​បោះ​ឆ្នោត​គាំទ្រ លោក​ស្រី​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ដាម៉ាស ប្រទេស​ស៊ីរី នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ជាមួយ​នឹង​ក្រុម​ការងារ​ប្រមាណ​ជា​១០០​នាក់​ផ្សេង​ទៀត។ ហើយ​លោក​ស្រី​នឹង​ទទួល​បន្ទុក​មើល​ខុស​ត្រូវ​ការ​បំផ្លិច​បំផ្លាញ​ឃ្លាំង​អាវុធ​គីមី​ ដែល​ត្រូវ​ធ្វើ​ឡើង​នៅក្នុង​ក្របខ័ណ្ឌ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​បោះឆ្នោត កាលពី​ចុង​ខែ​កញ្ញា​កន្លងទៅ។

លោក​ស្រី Kaag អាយុ​៥២​ឆ្នាំ បាន​ចូល​បម្រើ​ការ​នៅ​អង្គការ​សហប្រជាជាតិ​តាំង​ពី​ឆ្នាំ​១៩៩៤​មក​ម្ល៉េះ។ លោក​ស្រី​អាច​និយាយ​បាន​៥​ភាសា គឺ​ភាសា​អង់គ្លេស បារាំង អាឡឺម៉ង់ អារ៉ាប់ និងហូឡង់៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI