វៀតណាម

យន្តហោះ​ក្រុមហ៊ុន​Vietnam Airlines​ បាត់កង់អស់​​មួយ​ ពេល​ចុះចត​

យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ Vietnam Airlines
យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ Vietnam Airlines DR

នៅ​ប្រទេស​វៀតណាម យន្តហោះ​​​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​អ៊ែរឡាញ មួយគ្រឿង ​Vietnam Airlines បាន​បាត់​កង់​របស់​ខ្លួន​អស់​មួយ នៅ​ពេលដែល​ចុះចតនៅ​ទីក្រុង​ទេសចរណ៍​ដាណាង ​ភាគកណ្តាល​ប្រទេស។ នេះ​បើ​យោងតាម​សារព័ត៌មាន​ផ្លូវការ​​វៀតណាម​​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ អ្នកដំណើរ​​ទាំង៤១នាក់ ក្នុង​យន្តហោះ មិនមាន​គ្រោះថ្នាក់​អ្វីទេ ហើយ​ពួកគេ​​​គ្មាន​​អារម្មណ៍​ដឹង​ថា​យន្តហោះ​នេះ បាត់កង់​ខ្លួន​នោះផង។

ផ្សាយពាណិជ្ជកម្ម

 

នៅ​ទីក្រុង​ទេសចរណ៍​ដាណាង ​ភាគកណ្តាល​ប្រទេស​វៀតណាម ​ពេល​ដែល​យន្តហោះ​​​​ក្នុងស្រុក​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Vietnam Airlines បានចុះចត អ្នកបច្ចេកទេស​បាន​រក​ឃើញថា យន្តហោះ​បាន​បាត់​កង់​របស់​ខ្លួន​អស់​មួយ ហើយ​​ដងដែក​កង់ផ្នែក​ខាងមុខ​​ក៏​មាន​ការ​​បាក់ខូច​ផងដែរ។ នេះ​បើ​យោងតាម​សារព័ត៌មាន​ផ្លូវការ​វៀតណាម​​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

យន្តហោះ​​នេះ ដឹកអ្នកដំណើរ​៤១នាក់ មក​ពី​កំពង់ផែ​ហៃផុង។ ជា​​យន្តហោះក្នុងស្រុក ​ATR៧២​ មាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​យន្តហោះ​ដែល​បាន​ធ្លាក់​ក្នុង​ទន្លេមេគង្គ​ នៅ​ប្រទេស​ឡាវ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុនដែរ។

គ្មាន​អ្នកដំណើរ​ណាម្នាក់​ ​​មាន​អារម្មណ៍​ថា​យន្តហោះ​នេះ បាត់កង់​នោះទេ។ ក្រុមហ៊ុន​អាកាសចរណ៍​​វៀតណាម​អ៊ែរឡាញ ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​ បាន​លើកឡើង​ថា ហេតុការណ៍​​​បែបនេះ​កម្រ​កើត​មានណាស់​ នៅ​​​វៀតណាម​ ហើយ​យន្តហោះ​ ATR៧២​ របស់​ក្រុមហ៊ុន​ចំនួន​១៣គ្រឿង​ទៀត បាន​ទទួលការ​ត្រួតពិនិត្យ​​រួចហើយ ហើយ​ក៏​ត្រូវ​បាន​វិនិច្ឆ័យថា អាច​ដំណើរការ​ហោះហើរ​បានដែរ។ 

នៅ​វៀតណាម គ្រោះថ្នាក់​យន្តហោះ​​​ដែល​ជាកម្មសិទ្ធិ​របស់​ក្រុមហ៊ុន​​វៀតណាម​អ៊ែរឡាញ បាន​កើតមាន​ចុងក្រោយគេ​ កាលពី​ឆ្នាំ​១៩៩៧។ កាលណោះ​ យន្តហោះ​បាន​ធ្លាក់​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​ សម្លាប់​មនុស្ស​៦៥នាក់។

ដោយឡែក កាលពីថ្ងៃពុធ​​សប្តាហ៍​មុន យន្តហោះ​​របស់​ក្រុមហ៊ុន​ឡាវ​មួយគ្រឿង បានធ្លាក់​​ចុះ​នៅទន្លេមេគង្គ ​ប្រទេស​ឡាវ ​សំលាប់​​មនុស្ស​៤៩នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI