អានតួអត្ថបទ
អ.ស.ប.

អ.ស.ប.៖ អត្រា​អ្នក​ស្លាប់​និង​ឆ្លង​មេរោគ HIV ថយ​ចុះ អំណោយ​អន្តរជាតិ​ក៏​ធ្លាក់ចុះ

អគ្គនាយក​អង្គការ UNAIDS បង្ហាញ​របាយការណ៍​អេដស៍​ឆ្នាំ​២០១០
អគ្គនាយក​អង្គការ UNAIDS បង្ហាញ​របាយការណ៍​អេដស៍​ឆ្នាំ​២០១០ Reuters
ដោយ៖ សេង ឌីណា
1 នាទី

នៅថ្ងៃសុក្រ ៣ មិថុនា ២០១១​នេះ អ.ស.ប. (UNAIDS) បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ ស្តីពី​ស្ថានភាព​ទូទៅ នៃ​ជំងឺ​អេដស៍​នៅ​ទូទាំង​ពិភពលោក​ នៅ​ឆ្នាំ​២០១០។ យោងតាម​របាយការណ៍​នេះ អត្រា​អ្នក​ឆ្លង​មេរោគ​ HIV និង​អ្នក​ស្លាប់​ដោយ​ជំងឺ​អេដស៍​មាន​ការ​ធ្លាក់ចុះ។ ចំនួន​អ្នក​ជំងឺ​អេដស៍ ដែល​ទទួល​បាន​ថ្នាំ​ពន្យារ​ជីវិត​មាន​ការ​កើនឡើង។ ក៏ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​បារម្ភ គឺ​ប្រភព​ធនធាន​អន្តរជាតិ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍​មាន​ការ​ធ្លាក់ចុះ នៅ​ឆ្នាំ​២០១០។

ផ្សាយពាណិជ្ជកម្ម

យោងតាម​របាយការណ៍​របស់​ UNAIDS គិត​ត្រឹម​ចុងឆ្នាំ​២០១០​ មាន​អ្នក​ជំងឺ​អេដស៍​ចំនួន ៦លាន ៦សែន​នាក់ នៅ​តាម​បណ្តា​ប្រទេស​មាន​ចំណូល​ទាប និង​ចំណូល​មធ្យម បាន​ទទួល​ថ្នាំ​ពន្យារជីវិត។ បើធៀប​នឹង​កាល​ពី​១០​ឆ្នាំមុន គឺ​មាន​ការ​កើនឡើង​ដល់​ទៅ ២២​ដង។ បើ​ធៀប​នឹង​ឆ្នាំ​២០០៩ គឺ​មាន​ការ​កើនឡើង ១លាន ៤សែននាក់។ ចំនួន​កុមារ ដែល​ទទួល​បាន​ថ្នាំ​ពន្យារ​ជីវិត នៅ​ឆ្នាំ​២០១០ មាន​ ៤២​ម៉ឺននាក់ កើនឡើង ៥០% ធៀប​នឹង​ឆ្នាំ​២០០៨។

អគ្គនាយក​ UNAIDS បាន​ប្រសាសន៍​ថា ថ្នាំ​ពន្យារជីវិត​ គឺ​​ចំណុច​របត់​ដ៏​សំខាន់​បំផុត នៅ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍។ ថ្នាំ​ពន្យារ​ជីវិត​មិនត្រឹមតែ​ជួយ​រក្សា​ជីវិត​អ្នក​ផ្ទុក​មេរោគ​ HIV ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​បង្ការ​ការ​ឆ្លង​រាលដាល​មេរោគ​នេះ​ផងដែរ។ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវថ្មីៗនេះ​បង្ហាញ​ថា អ្នក​ជំងឺ​អេដស៍​ដែល​បាន​ទទួល​ថ្នាំ​ពន្យារជីវិត អាច​កាត់បន្ថយ​ការ​ចម្លង​ទៅអ្នកដទៃ​បាន​ ៩៦%។

របាយការណ៍​របស់​អ.ស.ប.​បង្ហាញ​ថា​ នៅ​ឆ្នាំ​២០១០​នេះ អត្រា​អ្នក​ឆ្លង​មេរោគ​ HIV នៅតែ​បន្ត​ធ្លាក់ចុះ​ ក្នុង​នោះ តំបន់​អាហ្វ្រិក​ប៉ែកខាង​ត្បូង និង​តំបន់​អាស៊ី​អាគ្នេយ៍ មាន​អត្រា​ថយចុះ​ខ្លាំង​ជាងគេ។ ក៏ប៉ុន្តែ នៅ​តំបន់​​អឺរ៉ុប​ខាងកើត មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាង​ជើង អត្រា​អ្នក​ឆ្លង​មេរោគ HIV នៅតែ​បន្ត​កើនឡើង។

គួរ​បញ្ជាក់ថា មេរោគ HIV ត្រូវ​បាន​គេ​រកឃើញ​ជា​លើក​ដំបូង​បង្អស់ នៅថ្ងៃ​ទី​៥ មិថុនា ១៩៨១។ ក្នុងរយៈពេល ៣០​ឆ្នាំ​កន្លងទៅនេះ គេប៉ាន់ប្រមាណថា មេរោគ HIV បាន​សម្លាប់​មនុស្ស​ប្រមាណ​ជិត ៣០​លាននាក់ (​ចន្លោះ​ពី​២៥លាន ទៅ​ ៣៣លាន)។ បច្ចុប្បន្ន​នេះ មាន​មនុស្ស​ប្រមាណ ៣៤​លាននាក់ (ចន្លោះ​ពី​​ ៣០.៩​លាន ទៅ ៣៦.៩​លាន) កំពុង​រស់នៅ​ដោយ​ផ្ទុក​មេរោគ HIV ។

របាយការណ៍​របស់​អ.ស.ប.​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា នៅ​ឆ្នាំ​២០១០​នេះ ជំនួយ​អន្តរជាតិ និង​ការវិនិយោគ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍​មាន​ការ​ធ្លាក់ចុះ​ជាលើក​ទីមួយ បន្ទាប់​ពី​បាន​កើនឡើង​ជា​បន្តបន្ទាប់ ចាប់តាំង​ពី​ឆ្នាំ​២០០១​មក។ វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ឆ្នាំ​២០០៨ គឺ​ជា​មូលហេតុ​ចម្បង​បំផុត ​នៃ​ការ​ធ្លាក់ចុះ​នេះ។ ប្រទេស​អ្នក​មាន​មួយចំនួន​ ដែល​ទទួលរង​ការប៉ះពាល់​ដោយ​វិបត្តិ​សេដ្ឋកិច្ច បាន​សម្រេច​កាត់បន្ថយ​​ជំនួយ​ក្នុង​វិស័យ​អេដស៍។ ប្រទេស​ខ្លះ​ទៀត​បាន​សម្រេច​បញ្ឈប់​ការ​ផ្តល់​វិភាគ​ទាន​ទៅ​ឲ្យ​មូលនិធិ​អ.ស.ប.​ទាំងស្រុង​តែម្តង។

យោងតាម​អ.ស.ប. បច្ចុប្បន្ន​នេះ​មាន​ប្រទេស​ចំនួន​៥៦​ ដែល​​ពឹង​ផ្អែក​ខ្លាំង​លើ​ជំនួយ​បរទេស (លើស​ពី ៧០%) ដើម្បី​ចំណាយ​ក្នុង​វិស័យ​អេដស៍។

មន្រ្តី​អ.ស.ប.​បាន​បង្ហាញ​នូវ​ក្តី​រំពឹង​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​នេះ ប្រទេស​មាន​ចំណូល​មធ្យម​មួយចំនួន​នឹង​អាច​មាន​ប្រភព​ធនធាន​គ្រប់គ្រាន់ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍​ដោយ​ខ្លួន​ឯង ហើយ​ឈប់​ពឹងផ្អែក​លើ​ជំនួយ​បរទេស។ ប្រទេស​មួយចំនួន​ផ្សេង​ទៀត ដែល​កំពុង​តែ​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង ដូចជា ប្រទេស​ចិន​ ជាដើម អាច​នឹង​ចាប់ផ្តើម​ផ្តល់​ជំនួយ​ជួយ​ដល់​ប្រទេស​ដទៃ​វិញ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ