អៀរឡង់

អៀរឡង់៖ ពី​ជើងឯក​ខាង​កំណើន​សេដ្ឋកិច្ច មកដល់​ដំណាក់កាល​ហៀប​ក្ស័យធន

រដ្ឋាភិបាល​អៀរឡង់​ត្រូវការ​លុយ​ច្រើន ដើម្បី​យក​ទៅ​ជួយ​ធនាគារ
រដ្ឋាភិបាល​អៀរឡង់​ត្រូវការ​លុយ​ច្រើន ដើម្បី​យក​ទៅ​ជួយ​ធនាគារ ©Reuters

ចាប់តាំង​ពី​ថ្ងៃ​អង្គារ ម្សិលមិញ​មក រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​បណ្តាប្រទេស​ប្រើ​លុយ​អឺរ៉ូ (Eurogroup) កំពុង​ប្រជុំ​ពិភាក្សា​គ្នា ដើម្បី​រកវិធី​ជួយសង្រ្គោះ​អៀរឡង់ ឲ្យ​ចៀសផុត​ពី​ការ​ក្ស័យធន។ ​ឱនភាព​ថវិកា​ជាតិ​អៀរឡង់​​បានកើន​ឡើង​រហូតដល់​ទៅ​ជាង ៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប នៅ​ឆ្នាំ​២០១០​នេះ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​​​អៀរឡង់​ត្រូវ​បាត់បង់​ទំនុកចិត្ត​ពី​សំណាក់​ ទីផ្សារ​ហិរញ្ញវត្ថុ ហើយ​ជួប​នឹង​ការ​លំបាក​ក្នុង​ការខ្ចីលុយ។ តើ​ហេតុអ្វី​បានជា​អៀរឡង់ ដែល​​​ជា​ប្រទេស​ដែល​ធ្លាប់​តែ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ត្រូវ​ធ្លាក់​ក្នុង​វិបត្តិធ្ងន់ធ្ងរ​បែបនេះ?

ផ្សាយពាណិជ្ជកម្ម

បទវិភាគ​របស់ សេង ឌីណា

សេដ្ឋកិច្ច​របស់​អៀរឡង់​បាន​ស្គាល់​ភាព​រុងរឿងខ្លាំង នៅ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៥-២០០៨។ នៅ​ក្នុង​អំឡុង​ពេលនោះ រដ្ឋាភិបាល​អៀរឡង់​បាន​កំណត់​អត្រា​ពន្ធ​ទាប ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​បរទេស ឲ្យ​ចូល​មក​វិនិយោគ។ សេដ្ឋកិច្ច​របស់​អៀរឡង់​ក៏​មាន​កំណើន​ខ្ពស់, អត្រា​អ្នក​អត់ការងារ​ធ្វើ​ក៏​មាន​កម្រិត​ទាប ហើយ​ការនាំចេញ​ក៏​​កើន​ឡើង​ខ្ពស់។

នៅ​ឆ្នាំ​១៩៩៩ អៀរឡង់​បាន​ចូល​ក្នុង​ប្រទេស​ប្រើ​លុយ​អឺរ៉ូ (Eurogroup)។ អៀរឡង់​ប្តូរ​មក​ចាយ​លុយ​អឺរ៉ូ ហើយ​អត្រាការប្រាក់​ត្រូវ​កំណត់​ដោយ​ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប។ ​ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប​​​បាន​កំណត់​អត្រាការប្រាក់​ទាប​ជាង អៀរឡង់​ ពេល​មុនចូល​ក្នុង​តំបន់​អឺរ៉ូ។ ដូច្នេះ ការ​ខ្ចីលុយ នៅ​ក្នុង​ប្រទេស​អៀរឡង់​ ក៏​មាន​ភាព​ងាយស្រួល​ជាងមុន និង​មាន​អត្រាការប្រាក់​ទាប។

ដោយ​ងាយស្រួល​ខ្ចីលុយ​ពី​ធនាគារ ហើយ​ប្រាក់​កម្ចី​ក៏​មាន​អត្រាការប្រាក់​ទាប​បែបនេះ ប្រជាជន​អៀរឡង់​​ ដែល​ធ្លាប់​តែ​នៅ​ផ្ទះ​ជួល ក៏នាំ​គ្នា​ខ្ចីលុយ​ពី​ធនាគារ ដើម្បី​យក​ទៅ​ទិញ​ផ្ទះ។ បូក​រួម​ទាំង​​កំណើន​​ជនអន្តោប្រវេសន៍ ចូល​មក​ក្នុង​ប្រទេស​អៀរឡង់ ដែល​មាន​កម្រិត​ខ្ពស់​ផងនោះ ទីផ្សារ​អចលនទ្រព្យ​​អៀរឡង់​ក៏​ចាប់​ផ្តើម​ស្ទុះឡើង។ អ្នក​ចង់ទិញ​ផ្ទះ​ក៏មានច្រើន ហើយ​តម្លៃ​ផ្ទះ​ក៏​កើនឡើង។ ក្នុង​ស្ថានភាព​បែបនេះ អ្នកវិនិយោគ​ជាច្រើន​ក៏​ប្រជែង​គ្នា​ចូល​មករកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ។ ក្រុមហ៊ុន​សង់ផ្ទះលក់​ក៏​ចាប់ផ្តើម​រីក​ដុះដាល​ដូចផ្សិត។

ធនាគារ​ធំៗ នៅ​​អៀរឡង់​ក៏​បាន​​នាំ​គ្នា​រកស៊ី​លើ​វិស័យ​អចលនទ្រព្យ​នេះ​ខ្លាំង​ដែរ ដោយ​បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​អ្នក​ទិញផ្ទះផង និង​ដល់​ក្រុមហ៊ុន​សង់ផ្ទះ​លក់​ផង។ នៅ​ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​រីកកាន់តែ​ធំ ធនាគារ​អៀរឡង់​ក៏​បាន​ខ្ចីលុយ​ពី​ធនាគារ​បរទេស ដើម្បី​មក​វិនិយោគ​​ក្នុង​ទីផ្សារ​អចលនទ្រព្យ​អៀរឡង់។

រដ្ឋាភិបាល​អៀរឡង់​វិញ​ ក៏​បាន​ផ្តោត​ការប្រមូលពន្ធ​តែ​លើ​វិស័យ​អចលនទ្រព្យ​នេះ​ដែរ ហើយ​​រក្សា​ពន្ធ​លើ​វិស័យ​​ផ្សេងទៀតឲ្យ​នៅទាប ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​បរទេស។ ប្រាក់ចំណូល​របស់​រដ្ឋ​ក៏​ត្រូវ​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ។

នៅ​ឆ្នាំ​២០០៧ វិស័យ​អចលនទ្រព្យ​អៀរឡង់​ក៏​ចាប់ផ្តើម​​ជួប​នឹង​បញ្ហា។ បូក​រួម​ទាំង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក នៅ​ឆ្នាំ​២០០៨​ទៀត ទីផ្សារ​អចលនទ្រព្យ​អៀរឡង់​ក៏​ត្រូវ​ដួលដាំដូង​តែម្តង។ តម្លៃ​អចលនទ្រព្យ​នៅ​អៀរឡង់​ត្រូវ​ធ្លាក់ចុះ ពី៥០% ទៅ​៦០%។ ក្រុមហ៊ុន​ ដែល​រកស៊ី​ខាង​វិស័យ​អចលនទ្រព្យ​ក៏​​ត្រូវ​ខាតបង់​ ខ្លះ​ក៏​ត្រូវ​ក្ស័យធន។ ធនាគារ​ដែល​រកស៊ី​ខាង​វិស័យ​អចលនទ្រព្យនេះ ក៏​ត្រូវ​ខាតបង់​ខ្លាំង​ដែរ។

ប្រាក់​ចំណូល​របស់​រដ្ឋាភិបាល​អៀរឡង់ ដែល​​ពឹងផ្អែក​ខ្លាំង​លើ​ការប្រមូលពន្ធ​ពី​វិស័យ​អចលនទ្រព្យ​ ក៏​ត្រូវ​ធ្លាក់​ចុះ​ខ្លាំង។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ត្រូវការ​លុយ​ជាចាំបាច់ ដើម្បី​ជួយ​ស្រោចស្រង់​ធនាគារ​ធំៗ​កុំ​ឲ្យ​រលំ។ អៀរឡង់​បាន​ចំណាយ​លុយ​ប្រមាណ ៤៥​ពាន់​លាន​អឺរ៉ូ ដើម្បី​ជួយ​ធនាគារ។ ឱនភាព​ថវិកា​ជាតិ​អៀរឡង់​បាន​កើន​ឡើង​ដល់​កម្រិត​កំពូល (៣២% នៃ​ផលិតផល​​ក្នុងស្រុកសរុប)។ ទីផ្សារ​ហិរញ្ញវត្ថុ​ក៏​បាត់បង់​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​អៀរឡង់ ដែល​ជាហេតុ​បណ្តាល​ឲ្យ​សញ្ញាប័ណ្ណ​​រដ្ឋ​ត្រូវ​ធ្លាក់ថ្លៃ។ ជាលទ្ធផល រដ្ឋាភិបាល​អៀរឡង់​ត្រូវ​បង់ការប្រាក់​ខ្ពស់ ដើម្បី​អាច​ខ្ចីលុយ​ពី​អ្នកវិនិយោគ​ឯកជន​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI