អ.ស.ប.

តើ​សន្ធិសញ្ញា​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​​ចែង​អំពី​អ្វី​ខ្លះ?

ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ
ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ ©រក្សាសិទ្ធិ

ចាប់​ពីថ្ងៃ​ចន្ទ ទី៣ រហូត​ដល់​ថ្ងៃ​ទី២៨ ឧសភា ២០១០ អង្គការ​សហប្រជាជាតិ​​បើក​ធ្វើ​សន្និសីទ​ ដើម្បី​​ត្រួតពិនិត្យ​មើល​ការ​អនុវត្ត​សន្ធិសញ្ញា​មិនរីកសាយ​ភាយ​អាវុធ​ នុយក្លេអ៊ែរ។ សន្និសីទ​នេះ ត្រូវបាន​កំណត់​ធ្វើ​ជា​រៀងរាល់ ៥ឆ្នាំ​ម្តង។ ខាងក្រោមនេះ គឺ​ជា​សំណួរ-ចម្លើយ​ខ្លះៗ ដើម្បី​​ស្វែងយល់​អំពី​សន្ធិសញ្ញា​មិនរីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ និង​អំពី​សន្និសីទ​ នៅឆ្នាំ​២០១០​នេះ។

ផ្សាយពាណិជ្ជកម្ម

 

ការពន្យល់​របស់​សេង ឌីណា

តើ​សន្ធិសញ្ញា​មិន​រីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ​ចែង​អំពី​អ្វី​ខ្លះ?

សន្ធិសញ្ញា​​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ (ជា​ភាសា​អង់គ្លេស Nuclear Non-Proliferation Treaty) ត្រូវបាន​ចុះ​ហត្ថលេខា នៅឆ្នាំ​១៩៦៨ ហើយ​ចូល​ជាធរមាន នៅ​ឆ្នាំ​១៩៧០។ មាន​​ចំណុច​សំខាន់​ចំនួន ៣ ដែល​ជា​សសរ​ទ្រូង​​នៃ​​សន្ធិសញ្ញា​នេះ

១-​ការ​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ

នៅ​ក្នុង​ចំណុចនេះ សន្ធិសញ្ញា​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ មាន​គោលដៅ​​ទប់​ស្ថានភាព​ឲ្យ​នៅ​​ដដែល ពោល​គឺ​ ប្រទេសណា​ ដែល​មាន​អាវុធ​​នុយក្លេអ៊ែរ​រួចហើយ​ ក៏មានចុះ ក៏ប៉ុន្តែ គេ​ត្រូវ​ទប់ស្កាត់​​កុំ​ឲ្យ​ប្រទេស​​ដែល​មិន​ទាន់មាន ទៅផលិត​អាវុធ​នុយក្លេអ៊ែរ​ដែរ។

ដើម្បី​សម្រេច​បាន​តាម​គោលដៅនេះ សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ ចែង​ពី​វិធានការ​មួយចំនួន៖

  • ទទួលស្គាល់​ប្រទេស ជាសមាជិក​ចំនួន៥ គឺ អាមេរិក អង់គ្លេស បារាំង ចិន និង​រុស្ស៊ី ដែល​មាន​​អាវុធ​នុយក្លេអ៊ែរ​រួចហើយ ថា​ជា​មហាអំណាច​នុយក្លេអ៊ែរ។
  • ហាម​ប្រទេស​ទាំង ៥​នេះ​ មិន​ឲ្យ​ជួយ​ប្រទេស​ផ្សេងទៀត ក្នុង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ បើ​ ទោះជា​ជួយ​ក្នុង​រូបភាព​ណាក៏ដោយ (ផ្ទេរ​បច្ចេកវិទ្យា​ក៏ដោយ ឬ​ក៏​ជួយ​ជា​លុយកាក់​ក៏ដោយ)។
  • ហាម​មហាអំណាច​នុយក្លេអ៊ែរ​ទាំង​៥ មិន​ឲ្យ​ប្រើ​អាវុធ​នុយក្លេអ៊ែរ វាយប្រហារ​ទៅលើ​ប្រទេស​ផ្សេងទៀត ដែល​​មិនមាន​អាវុធ​នុយក្លេអ៊ែរ ហើយ​ដែល​​​ជា​សមាជិក​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ។
  • ​ហាម​ឃាត់​ប្រទេស​ជាសមាជិក​ដែល​មិនមាន​អាវុធ​នុយក្លេអ៊ែរ មិន​ឲ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ ទោះបី​មាន ឬ​គ្មាន​ជំនួយ ពី​ប្រទេស​​មហាអំណាច​នុយក្លេអ៊ែរ​ក៏ដោយ។

២-ការរំសាយអាវុធ​នុយក្លេអ៊ែរ

ត្រង់​ចំណុច​នេះ​ សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ គ្រាន់តែ​ចែង​អំពី​គោលដៅ​ជារួម​ថា ត្រូវ​ឲ្យ​រដ្ឋ​ជា​សមាជិក​ខិតខំ​ប្រឹងប្រែង​ចរចា កាត់បន្ថយ​​អាវុធ​នុយក្លេអ៊ែរ​ ដើម្បី​​ឈាន​ទៅ​រំសាយ​អាវុធ​​នុយក្លេអ៊ែរ​​ឲ្យ​អស់​ជា​ស្ថាពរ​តែម្តង។ ត្រង់ថា តើ​ត្រូវ​ធ្វើ​​តាម​របៀបណា? ធ្វើ​ឲ្យ​បាន​នៅពេលណា? ឆ្នាំ​ណា? មាន​វិធានការ​អ្វី​ខ្លះ? រដ្ឋជាសមាជិក​ត្រូវ​គោរព​តាម​កាតព្វកិច្ច​អ្វី​ខ្លះ? សន្ធិសញ្ញា​​នេះ​​មិន​មាន​ចែង​លម្អិត​នោះទេ។

៣-ការប្រើប្រាស់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ក្នុង​វិស័យស៊ីវិល

អៀរ៉ង់​អះអាង​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​​ធ្វើ​ឡើង​ក្នុង​គោលដៅ​ស៊ីវិល ស្រប​តាម​សន្ធិសញ្ញា​មិនរីក​សាយភាយ​​នុយក្លេអ៊ែរ
អៀរ៉ង់​អះអាង​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​​ធ្វើ​ឡើង​ក្នុង​គោលដៅ​ស៊ីវិល ស្រប​តាម​សន្ធិសញ្ញា​មិនរីក​សាយភាយ​​នុយក្លេអ៊ែរ ©AFP

សន្ធិសញ្ញា​​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ​​ហាម​តែ​កម្មវិធីនុយក្លេអ៊ែរ​យោធា​ប៉ុណ្ណោះ។ ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ ក្នុង​វិស័យ​ស៊ីវិល ជាពិសេស ការ​ផលិត​ថាមពល​អគ្គិសនី រដ្ឋ​ជាសមាជិក​អាច​ធ្វើ​ទៅបាន។ ​មហាអំណាច​​នុយក្លេអ៊ែរ​ ទាំង ៥ ក៏អាច​ផ្ទេរ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​​ស៊ីវិល​ ទៅ​ឲ្យ​ប្រទេស​ជាសមាជិក​ផ្សេងទៀត​បាន​ដែរ។

ក៏ប៉ុន្តែ រាល់​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​ទាំងអស់ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​មាន​តម្លាភាព ​ក្រោម​ការត្រួតពិនិត្យ​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ។

តើ​មាន​ប្រទេស​ប៉ុន្មាន ​ដែល​ជា​សមាជិក​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ​?

រដ្ឋ​ជា​សមាជិក​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ មានទាំង​អស់ ១៨៩​ប្រទេស។ និយាយ​ឲ្យចំ គឺ​ស្ទើរ​តែ​គ្រប់​ប្រទេស​ទាំងអស់ នៅលើ​ពិភពលោក​ បាន​ចុះហត្ថលេខា និង​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញានេះ។

មានតែ​ប្រទេស ៣​ ប៉ុណ្ណោះ ដែល​មិន​​បាន​ចុះហត្ថលេខា គឺ ​ប៉ាគីស្តង់ ឥណ្ឌា និង​អ៊ីស្រាអែល។

​កូរ៉េ​ខាងជើង​វិញ បាន​ចូលជាសមាជិក​ហើយ ក៏ប៉ុន្តែ ក្រោយ​មក​បាន​រំលោភ​លើ​សន្ធិសញ្ញា​នេះ រួចហើយ​ ក៏ដក​ខ្លួន​ចេញ​វិញ នៅ​ឆ្នាំ ២០០៣។

ដូច្នេះ សរុប​ទៅ នៅពេលនេះ​​ មាន​ប្រទេសតែ ៤​ប៉ុណ្ណោះ ដែល​នៅក្រៅ​សន្ធិសញ្ញា​មិនរីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ។ ក្នុង​នោះ ប្រទេសពីរ គឺ​ឥណ្ឌា និង​ប៉ាគីស្តង់​ បាន​ប្រកាស​​ជា​សាធារណៈ​ថា ខ្លួន​ឯង​មាន​អាវុធ​នុយក្លេអ៊ែរ​តែម្តង។ ប្រទេស​ទាំង​ពីរនេះ​ធ្លាប់​បាន​ធ្វើ​ការសាកល្បង​​ប្រកប​ដោយ​ជោគជ័យ នូវ​អាវុធ​នុយក្លេអ៊ែរ​​ ដែល​គេ​អាច​ទទួល​ស្គាល់​ថា ជា​មហាអំណាចនុយក្លេអ៊ែរ។

ប្រទេស​មួយ​ទៀត គឺ​ កូរ៉េ​ខាងជើង ធ្លាប់​ប្រកាស​ថា​ខ្លួន​ឯង​មាន​អាវុធ​នុយក្លេអ៊ែរ​ដែរ ចង់​ឲ្យ​គេ​ទទួល​ស្គាល់ថាជា​មហាអំណាច​នុយក្លេអ៊ែរ​ដែរ ធ្លាប់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ដែរ ប៉ុន្តែ មិនបាន​សម្រេច។

ប្រទេស​ទី៤ គឺ​អ៊ីស្រាអែល មិន​ដែល​ទទួល​ស្គាល់ ហើយ​ក៏​មិនដែល​បដិសេធ​ថា មាន​ ឬ​​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នោះទេ។ ក៏ប៉ុន្តែ គេជឿថា អ៊ីស្រាអែល​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រមាណ​ជា ៤០០​គ្រាប់ ក្នុងនោះ​​ គ្រាប់​ខ្លះ មាន​កម្លាំង​ផ្ទុះ​រហូត​ដល់ទៅ រាប់​ម៉េហ្កាតោន (ពោលគឺ​កម្លាំងផ្ទុះ​ប្រហាក់​ប្រហែល​នឹង​ម្សៅ​តេ.អិន.តេ រាប់​លាន​តោន)។

តើ​សន្និសីទ​ឆ្នាំ​២០១០​នេះ នឹង​ផ្តោត​លើ​បញ្ហា​អ្វីខ្លះ?
 

ចៅហ្វាយក្រុង​ហ៊ីរ៉ូស៊ីម៉ា (Hiroshima) ធ្វើ​បាតុកម្ម​នៅញូយ៉ក ប្រឆាំង​នឹង​អាវុធ​នុយក្លេអ៊ែរ
ចៅហ្វាយក្រុង​ហ៊ីរ៉ូស៊ីម៉ា (Hiroshima) ធ្វើ​បាតុកម្ម​នៅញូយ៉ក ប្រឆាំង​នឹង​អាវុធ​នុយក្លេអ៊ែរ ©Reuters

ជាផ្លូវការ សន្និសីទ ដែល​បានព្រមព្រៀង​គ្នា​រៀបចំ​ធ្វើ រៀងរាល់ ៥ឆ្នាំ​ម្តង គឺ​ដើម្បី​ត្រួតពិនិត្យ​មើល​អំពី​ការអនុវត្ត​សន្ធិសញ្ញា​ នៅ​ឆ្នាំ​ដែល​កន្លងហួស ហើយ​រក​មើល​កន្លែង​ណា ដែល​ខ្វះ​ចន្លោះ ដើម្បី​ស្វែងរក​វិធានការ កែលម្អ ឲ្យ​ការអនុវត្ត​សន្ធិសញ្ញា​នេះ​ កាន់តែ​មាន​ប្រសិទ្ធភាព។

ក៏ប៉ុន្តែ ជារៀងរាល់​លើក​ គេ​សង្កេត​ឃើញ​ថា ប្រទេសនីមួយៗ ដែល​មកចូលរួម​ តែងតែមាន​គោលដៅ​រៀងៗ​ខ្លួន ហើយ​ក៏ប្រទាញ​គ្នា ចង់​ផ្តោត​តែ​ទៅលើ​បញ្ហា​ណាមួយ​​ ដែល​ខ្លួន​ចង់​បាន។ ពេលខ្លះ (ដូចជា កាល​ពី​សន្និសីទ ឆ្នាំ ២០០៥) ការប្រទាញប្រទង់​គ្នា​បាន​ធ្វើ​ឲ្យ​សន្និសីទ​ត្រូវ​ទទួល​បរាជ័យ​ ដោយ​មិនបាន​លទ្ធផល​អ្វីទាំងអស់។ សូម្បី​តែ​សេចក្តី​ថ្លែងការណ៍​រួមមួយ ក៏​គេ​មិន​អាច​ទាំង​ចេញ​​បានផង។

សន្និសីទ​ឆ្នាំ​នេះ​ ក៏មើលទៅ ទំនង​ជា​ប្រទាញប្រទង់គ្នាខ្លាំងដែរ។

សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​ ចង់​ផ្តោត​​លើ​ការពង្រឹង​ការ​ត្រួតពិនិត្យ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​ជាសមាជិក ដែលទំនង​ជា​សម្តៅ​លើ​កម្មវិធី​នុយក្លេអ៊ែរ​អៀរ៉ង់។ មួយទៀត ​អាមេរិក​ចង់​ផ្តោត​ទៅលើ​​ការ​បញ្ចូល​ខពិសេស ដើម្បី​​ដាក់ទណ្ឌកម្ម ​លើ​ប្រទេស​ជាសមាជិក ដែល​ដកខ្លួន​ចេញ​ពី​សន្ធិសញ្ញា ដូចជា ករណី​កូរ៉េ​ខាងជើង។

ក្រុម​ប្រទេស​អារ៉ាប់​ចង់​ជំរុញ​ឲ្យ​មាន​ការជជែក ពីរឿង​បង្កើត​តំបន់​ដើមបូព៌ា គ្មាន​នុយក្លេអ៊ែរ។ គោលដៅ គឺ​ចង់​ឲ្យ​អ៊ីស្រាអែល​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ចោល។

ក្រុម​ប្រទេស​មិនចូល​បក្ស​សម្ព័ន្ធវិញ គេ​ចង់​ផ្តោត​ទៅ​លើ​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទៅវិញ។ គេ​ចង់​ឲ្យ​មហាអំណាច​នុយក្លេអ៊ែរ ប្រឹងប្រែង​កាត់បន្ថយ​សព្វាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

ស្ថិត​ក្នុង​សភាព​ប្រទាញ​ប្រទង់​គ្នា​បែបនេះ គេ​មិន​អាច​ទស្សន៍ទាយ​ទុក​ជាមុនបានទេ​ ថា​តើ​សន្និសីទ​នេះ​នឹង​ទទួល​បាន​លទ្ធផល​អ្វីខ្លះ។ ថា​មិនបាន សន្និសីទ​នេះ​អាច​នឹង​ប្រែក្លាយ​ទៅជា​សមរភូមិ​តស៊ូ​មតិគ្នា​ រវាង​​អាមេរិក និង​អៀរ៉ង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI