ស្វែងយល់អំពីចលនាបាតុកម្ម និងកូដកម្មប្រឆាំងរដ្ឋាភិបាលបារាំងពេលនេះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សមរភូមិរវាងរដ្ឋាភិបាល និងសហជីពកំពុងតែបន្តកើតមាន នៅបារាំង។ ការដឹកជញ្ជូនទាំងតាមផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាសត្រូវរអាក់រអួល។ រោងចក្រចម្រាញ់ប្រេងត្រូវគាំងដំណើរ។ កន្លែងស្តុកប្រេងត្រូវពួកបាតុករដណ្តើមកាន់កាប់ បណ្តាលឲ្យតំបន់ខ្លះ ត្រូវជួបនឹងបញ្ហាខ្វះប្រេង។ អំពើហិង្សាក៏កើតមានជាញឹកញាប់រវាងកម្លាំងប៉ូលិស និងបាតុករ។ ខាងក្រោមនេះ គឺជាសំណួរខ្លះៗ ដើម្បីស្វែងយល់បន្ថែមអំពីចលនាប្រឆាំង នៅពេលនេះ។
ការពន្យល់របស់សេង ឌីណា
តើហេតុអ្វីបានជាមានការប្រឈមមុខដាក់គ្នា នៅពេលនេះ?
បញ្ហាធំ គឺកើតឡើងជុំវិញកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ ដែលរៀបចំធ្វើឡើងដោយរដ្ឋាភិបាលលោក នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy)។
សម្រាប់លោកសាកូហ្ស៊ី កំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍នេះ គឺមានសារៈសំខាន់ សម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០១២។ កាលពីឆ្នាំ២០០៧ លោកសាកូហ្ស៊ី បានជាប់ឆ្នោតជាប្រធានាធិបតី ដោយលោកបានសន្យាថានឹងធ្វើយ៉ាងណាស្តារសេដ្ឋកិច្ចបារាំងឲ្យងើបឡើងវិញ និងបង្កើតការងារជូនពលរដ្ឋបារាំង ដើម្បីកាត់បន្ថយអត្រាអ្នកឥតការងារធ្វើឲ្យបានជាអតិបរមា។ ការធ្វើកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍នេះ គឺជាជំហានមួយដ៏សំខាន់ ដែលលោកសាកូហ្ស៊ី ប្តេជ្ញាថានឹងធ្វើឲ្យបាន ដើម្បីសន្សំសំចៃលុយ និងកាត់បន្ថយឧុនភាពថវិកាជាតិ។
សម្រាប់សហជីពវិញ គេមិនចង់បាត់បង់ផលប្រយោជន៍ដែលគេធ្លាប់តែមាន។ ម្យ៉ាងទៀត គេបារម្ភខ្លាចកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍នេះអាចនឹងនាំទៅរក កំណែទម្រង់ផ្សេងៗទៀត ដែលធ្វើឲ្យគេបាត់បង់សិទ្ធិ និងបាត់បង់ផលប្រយោជន៍។
នៅពីក្រោយចលនាប្រឆាំង ដឹកនាំដោយសហជីព ក៏មានក្រុមអ្នកនយោបាយមកពីគណបក្សប្រឆាំងផងដែរ។ គណបក្សប្រឆាំងចង់ឆ្លៀតឱកាសនេះវាយប្រហារលើលោកសាកូហ្ស៊ី ហើយដណ្តើមប្រជាប្រិយភាព ដើម្បីដណ្តើមសន្លឹកឆ្នោត ក្នុងការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០១២។
តើកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍នេះនិយាយអំពីអ្វីខ្លះ?
រដ្ឋាភិបាលរបស់លោកសាកូហ្ស៊ី ចង់ដំឡើងអាយុចូលនិវត្តន៍ ចំនួន ២ឆ្នាំ។
យោងតាមច្បាប់ចាស់ ប្រជាជនបារាំងទាំងឡាយណា ដែលបានធ្វើការ និងបង់ប្រាក់វិភាគទានសន្តិសុខសង្គមគ្រប់រយៈពេល ៤០ឆ្នាំកន្លះ អាចចូលនិវត្តន៍បាន នៅអាយុ ៦០ឆ្នាំ។ ក៏ប៉ុន្តែ ការចូលនិវត្តន៍នៅអាយុ ៦០ឆ្នាំនេះ នឹងមិនអាចទទួលបានប្រាក់សោធននិវត្តន៍ពេញលេញនោះទេ។ ដើម្បីអាចចូលនិវត្តន៍ ដោយទទួលបានប្រាក់សោធននិវត្តន៍ពេញលេញ គេត្រូវរង់ចាំរហូតដល់អាយុ ៦៥ឆ្នាំ។
យោងតាមច្បាប់ថ្មី ដែលស្នើឡើងដោយរដ្ឋាភិបាលបារាំង នៅពេលនេះ អាយុចូលនិវត្តន៍នឹងត្រូវដំឡើងរហូតដល់ ៦២ឆ្នាំ។ រីឯអាយុចូលនិវត្តន៍ ដោយទទួលបានប្រាក់សោធននិវត្តន៍ពេញលេញ នឹងត្រូវដំឡើងរហូតដល់ ៦៧ឆ្នាំ។ ជារួម អាយុចូលនិវត្តន៍នឹងត្រូវដំឡើង ២ឆ្នាំ នៅឆ្នាំ២០១៨ ពោលគឺ ចាប់ពីឆ្នាំ២០១៨ទៅ ប្រជាជនបារាំងត្រូវធ្វើការបន្ថែម ២ឆ្នាំទៀត ទើបអាចចូលនិវត្តន៍បាន។
តើរដ្ឋាភិបាលលើកហេតុផលអ្វីជាសំអាងក្នុងការធ្វើកំណែទម្រង់នេះ?
រដ្ឋាភិបាលរបស់លោកសាកូហ្ស៊ីបានលើកហេតុផលថា កំណែទម្រង់អាយុចូលនិវត្តន៍នៅពេលនេះ គឺជារឿងដែលចាំបាច់ត្រូវតែធ្វើ ពីព្រោះថា ជនជាតិបារាំងរស់បានកាន់តែយូរ (ជាមធ្យម ៨១ឆ្នាំកន្លះ ហើយចេះតែបន្តកើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ)។ ដូច្នេះ ប្រសិនបើគេអនុវត្តតាមច្បាប់ចាស់ ដោយអនុញ្ញាតឲ្យចូលនិវត្តន៍ នៅអាយុ ៦០ឆ្នាំ រយៈពេល ដែលជនជាតិបារាំងទទួលប្រាក់សោធននិវត្តន៍ ដោយឥតធ្វើការ និងដោយឥតបង់វិភាគទានសន្តិសុខសង្គម នឹងមានការកើនឡើងខ្លាំង ហើយរដ្ឋក៏នឹងត្រូវចំណាយលុយកាន់តែច្រើនឡើងដែរ។
នៅពេលនេះ រដ្ឋាភិបាលបារាំងត្រូវខ្ចីលុយគេ ដើម្បីយកមកបើកប្រាក់សោធននិវត្តន៍ ពីព្រោះថា ប្រាក់វិភាគទានសន្តិសុខសង្គមលែងគ្រប់គ្រាន់ សម្រាប់បើកប្រាក់ខែឲ្យអ្នកចូលនិវត្តន៍ទៀតហើយ។ ប្រសិនបើចេះតែបន្តបែបនេះ បារាំងនឹងបន្តជំពាក់លុយគេកាន់តែច្រើន ដែលអាចនឹងនាំឲ្យផ្ទុះវិបត្តិ (ដូចដែលគេធ្លាប់ឃើញ នៅប្រទេសក្រិក)។
មន្រ្តីរដ្ឋាភិបាលអះអាងថា ការធ្វើកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍នេះ នឹងជួយឲ្យបារាំងសន្សំសំចៃលុយបានប្រមាណជា ៧ម៉ឺនលានអឺរ៉ូ។
តើខាងក្រុមប្រឆាំងវិញ មានហេតុផលអ្វីខ្លះដែរ?
ក្រុមប្រឆាំងបានរិះគន់ថា កំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ ដែលធ្វើឡើងដោយរដ្ឋាភិបាល នៅពេលនេះ មានភាពអយុត្តិធម៌ សម្រាប់និយោជិត។ ពួកគេបានទាមទារឲ្យរក្សាទុកអាយុចូលនិវត្តន៍នៅដដែល ហើយបង្កើនពន្ធលើពួកអ្នកមានទ្រព្យសម្បត្តិ, លើពួកអ្នកមានប្រាក់ចំណូលខ្ពស់, លើស្ថាប័នហិរញ្ញវត្ថុ (ជាពិសេស ធនាគារ) និងលើពួកអ្នកជួញដូរលើទីផ្សារភាគហ៊ុន ដើម្បីយកលុយមកបើកប្រាក់សោធននិវត្តន៍។
សម្រាប់គណបក្សសង្គមនិយម (Parti Socialiste) ដែលជាបក្សប្រឆាំងវិញ ពួកគេ ប្តូរផ្តាច់ចង់ការពារឲ្យបាន នូវប្រព័ន្ធចូលនិវត្តន៍ អាយុ៦០ឆ្នាំ ដែលពួកគេជាអ្នកបង្កើតឡើង នៅពេលដែលពួកគេកាន់អំណាច គឺនៅឆ្នាំ១៩៨៣ ក្រោមរបបប្រធានាធិបតីហ្វ្រង់ស័រ មីតេរ៉ង់ដ៍ (François Mitterrand)។ គណបក្សសង្គមនិយមបានសន្យាថា បើសិនជាពួកគេជាប់ឆ្នោត នៅឆ្នាំ២០១២ ពួកគេនឹងត្រឡប់មកអនុវត្តប្រព័ន្ធចូលនិវត្តន៍ចាស់វិញ។
តើអ្នកណាខ្លះចូលរួមក្នុងចលនាប្រឆាំងនេះ?
អ្នកធ្វើបាតុកម្ម និងកូដកម្ម ភាគច្រើន គឺជានិយោជិតក្នុងវិស័យសាធារណៈ (មន្រ្តីរដ្ឋការ និងបុគ្គលិកក្រុមហ៊ុនរដ្ឋ) ដូចជា អ្នកបើកបររថភ្លើង និងរថយន្តក្រុង, គ្រូបង្រៀន, បុគ្គលិកបម្រើការនៅតាមព្រលានយន្តហោះ, ក្រុមហ៊ុនប្រៃសណីយ៍, ក្រុមហ៊ុនប្រមូលសំរាម ។ល។
ក្រៅពីនេះ គេឃើញមានអ្នកបើកបររថយន្តធំៗបាននាំគ្នាបើកឡានយឺតៗ ដើម្បីបង្កឲ្យមានការស្ទះចរាចរណ៍។ អ្នកខ្លះនាំគ្នាបិទផ្លូវ រារាំងឡានមិនឲ្យដឹកប្រេងចេញពីកន្លែងស្តុក ឬពីរោងចក្រចម្រាញ់ប្រេង ទៅផ្គត់ផ្គង់តាមស្ថានីយ៍ប្រេង ដែលជាហេតុធ្វើឲ្យកន្លែងខ្លះត្រូវជួបនឹងបញ្ហាខ្វះប្រេង។
សិស្សវិទ្យាល័យជាច្រើននាក់ក៏បាននាំគ្នាចេញមកធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាលដែរ ដែលបាតុកម្មខ្លះ បង្កឲ្យមានអំពើហិង្សាជាមួយកងកម្លាំងប៉ូលិសទៀតផង។
តើចលនាប្រឆាំងនេះទទួលបានការគាំទ្រប៉ុណ្ណាដែរ ពីសំណាក់ប្រជាជនបារាំង នៅទូទាំងប្រទេស?
បាតុកម្មប្រឆាំងរដ្ឋាភិបាលបានកើតមានឡើងនៅទូទាំងប្រទេស។ ក្នុងមួយលើកៗ មានមនុស្សប្រមាណ ជាង ១លាននាក់ (បើយោងតាមតួលេខរបស់រដ្ឋាភិបាល) ឬ ៣លាននាក់កន្លះ (តាមតួលេខរបស់សហជីព) បានចេញមកធ្វើបាតុកម្ម នៅទូទាំងប្រទេស។
កាលពីថ្ងៃទី១៨ តុលា ២០១០ ការស្ទាបស្ទង់មតិមួយបង្ហាញថា ប្រជាជនបារាំង ៧១% គាំទ្រចលនាបាតុកម្ម និងកូដកម្មប្រឆាំងរដ្ឋាភិបាល។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ ប្រជាជនភាគច្រើនយល់ថា ការដំឡើងអាយុចូលនិវត្តន៍ គឺជារឿងដែលចាំបាច់ត្រូវតែធ្វើ ដោយមិនអាចចៀសផុត។
តើវិបត្តិនេះអាចនឹងត្រូវបញ្ចប់ដោយរបៀបណា?
រហូតមកទល់ពេលនេះ ខាងរដ្ឋាភិបាល និងខាងចលនាសហជីព នៅតែប្រកាន់ជំហរតឹងរ៉ឹងតែរៀងៗខ្លួន។
កំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ត្រូវបានរដ្ឋសភាបារាំងអនុម័តរួចហើយ។ ពេលនេះ ព្រឹទ្ធសភាកំពុងតែពិភាក្សាលើកំណែទម្រង់នេះ ហើយអាចនឹងធ្វើការបោះឆ្នោតអនុម័ត នៅល្ងាចថ្ងៃព្រហស្បតិ៍ស្អែក។ នៅថ្ងៃស្អែក មេដឹកនាំសហជីពក៏គ្រោងនឹងជួបប្រជុំគ្នាផងដែរ ដើម្បីសម្រេចថាតើនឹងត្រូវធ្វើអ្វីជាបន្តទៀត។
មានអ្នកខ្លះយល់ថា ចលនាប្រឆាំងនឹងធ្លាក់ចុះខ្សោយបន្តិចម្តងៗ ជាពិសេស នៅក្រោយពេលដែលកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ត្រូវបានអនុម័តដោយ ព្រឹទ្ធសភា។
មេដឹកនាំសហជីពវិញ ពួកគេបានប្តេជ្ញាថានឹងបន្តចលនាប្រឆាំងតទៅទៀត បើទោះជាច្បាប់កំណែទម្រង់នេះត្រូវបានអនុម័តហើយក៏ដោយ។ ពួកគេរំពឹងថា ចលនាប្រឆាំងអាចនឹងដាក់សម្ពាធលើរដ្ឋាភិបាលឲ្យចុះចាញ់ ដូចកាល ពីឆ្នាំ២០០៦។ គួររំឭកថា នៅឆ្នាំ២០០៦ ច្បាប់ស្តីពីការបង្កើតប្រភេទកិច្ចសន្យាការងារថ្មី (CPE) ត្រូវបានអនុម័ត និងប្រកាសឲ្យប្រើដោយប្រធានាធិបតីបារាំង។ ក៏ប៉ុន្តែ ដោយមានចលនាប្រឆាំងដ៏ខ្លាំងក្លា នៅទូទាំងប្រទេស រដ្ឋាភិបាលក៏សុខចិត្តបង្កើតច្បាប់ថ្មី ដើម្បីលុបច្បាប់ចាស់ចោលវិញ។
តើករណី ឆ្នាំ២០០៦នេះ អាចនឹងកើតមានម្តងទៀត សម្រាប់កំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ នៅពេលនេះដែរឬទេ?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ