UNESCO នឹងជួយរៀបចំច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន
តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោកស្រី អាន ឡឺម៉ែស្ត្រឹ (Anne Lemaistre) បានជួបជាមួយលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ នៅថ្ងៃចន្ទទី២៨តុលា ដើម្បីបង្ហាញជំហររបស់យូណេស្កូដែលចង់ចូលរួមចំណែកក្នុងការតាក់តែងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។ លោកខៀវ កាញារីទ្ធ បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងសិក្សាអំពីដំណើរការតាក់តែងសេចក្តីព្រាងច្បាប់សំខាន់នេះ ហើយថា រដ្ឋាភិបាលនឹងធ្វើការងារជាមួយយូណេស្កូ និងដៃគូអភិវឌ្ឍន៍នានា ក្នុងការងារតាក់តែងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានបង្ហាញយ៉ាងច្បាស់ អំពីគម្រោងជំនួយរបស់ខ្លួនចំពោះការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មានរបស់កម្ពុជា។ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃចន្ទទី២៨តុលា លោកស្រី Anne Lemaistre តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា យូណេស្កូបានបង្កើតគម្រោងដែលមានរយៈ៣ឆ្នាំ ដើម្បីជួយរៀបចំអោយមានកិច្ចប្រជុំថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន កិច្ចប្រជុំអន្តរក្រសួង និងការរៀបចំការបណ្តុះបណ្តាលអ្នកកាសែតជាដើម។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រាប់តំណាងយូណេស្កូថា ក្រសួងព័ត៌មានកំពុងរៀបចំក្រុមការងារមួយដើម្បីជំរុញអោយបានលឿន ដំណើរឈានទៅរកតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ។ AKP ដដែលបានបន្តស្រង់ប្រសាសន៍លោក ខៀវ កាញារីទ្ធ ដែលបានបញ្ជាក់ប្រាប់តំណាងយូណេស្កូថា ពេលណាដែលរដ្ឋាភិបាលកំណត់ប្រគល់សមត្ថកិច្ចនៃការតាក់តែងសេចក្តីព្រាងច្បាប់នេះទៅស្ថាប័នណាមួយហើយនោះ រដ្ឋាភិបាលនឹងរៀបចំអនុស្សារណៈយោគយល់រវាងយូណេស្កូ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នរដ្ឋ ដើម្បីបង្កើតអោយយន្តការការងារច្បាស់លាស់មួយ។
ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានគឺជា ប្រធានបទរសើបមួយដែលអង្គការក្រៅរដ្ឋាភិបាល និងគណបក្សប្រឆាំងបានទាមទារពីរដ្ឋាភិបាល។ តំណាងរាស្ត្រគណបក្សប្រឆាំងធ្លាប់ធ្វើសេចក្តីស្នើច្បាប់នេះ ដាក់ទៅរដ្ឋសភាដែរ ប៉ុន្តែ ត្រូវបានបដិសេធដោយតំណាងរាស្ត្រភាគច្រើនរបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរដ្ឋាភិបាល។
គណបក្សប្រឆាំងតែងបានរិះគន់រដ្ឋាភិបាលយ៉ាងចាស់ដៃ អំពីការលាក់លៀមព័ត៌មានជាច្រើនដែលទាក់ទងនឹងគម្រោងវិនិយោគនានា ដែលរដ្ឋាភិបាលបានអនុញ្ញាតអោយក្រុមហ៊ុនឯកជន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ