មូលនិធិ UNFPA បង្ហាញរបាយការណ៏ស្តីពីគ្រោះថ្នាក់នៃមាតាភាពវ័យក្មេង
មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ឬហៅថា UNFPA នៅរសៀលថ្ងៃពុធនេះ បានចេញផ្សាយរបាយការណ៏មួយ ដែលនិយាយពីស្ថានភាពប្រជាជនពិភពលោកឆ្នាំ ២០១៣ ក្រោមប្រធានបទ ភាពប្រឈមនឹងការមានផ្ទៃពោះនៅវ័យក្មេង។ ពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រសួងពាក់ព័ទ្ធ អង្គការនានា និងយុវវ័យជាង ១០០នាក់ មកពីសហគមន៍សេវាកម្សាន្ត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
យុវតីដែលមានផ្ទៃពោះនៅវ័យក្មេងនឹងប្រឈមមុខនឹងបញ្ហាជាច្រើន។ នេះគឺជាអ្វីដែលរបាយការណ៍របស់ មូលនិធិ UNFPA បានចេញផ្សាយនៅថ្ងៃពុធទី៣០តុលានេះ។ គឺជារបាយការណ៍ដែលសំដៅឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈម ព្រមទាំងសំពាធសង្គមនានា ដែលបង្កផលលំបាកដល់ស្រ្តីវ័យក្មេង និងក្មេងស្រីជំទង់ទាំងឡាយដែលក្លាយខ្លួនជាម្តាយគេ។ របាយកាណ៍បានបង្ហាញថា ស្រ្តីដែលមានផ្ទៃពោះនៅវ័យក្មេងខ្ចី គឺនឹងជួបផលលំបាកដល់សុខភាព ការអប់រំ និងផលិតភាពផ្នែកសេដ្ឋកិច្ចរបស់ក្មេងស្រីទាំងនោះ។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា ការមានផ្ទៃពោះនៅវ័យក្មេង នឹងប៉ះពាល់ធ្ងន់ធ្ងរចំពោះឱកាសការងាររបស់ក្មេងស្រីក្នុងការអនុវត្តសិទ្ធិមូលដ្ឋានរបស់ខ្លួន រួមទាំងសិទ្ធិទទួលបានសេវាសុខភាព និងការអប់រំទៀតផង។ លោកស្រី បានបន្តថា ក្រសួងកិច្ចការនារី នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមូយក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវានានា ស្តីពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទសម្រាប់ស្រ្តី។ ជាមួយគ្នានោះ ក្រសួង ក៏ចង់បង្កើនការអប់រំដើម្បីទប់ស្កាត់មាតុភាពវ័យក្មេងផងដែរ។
ក្នុងនោះផងដែរ លោកវេជ្ជបណ្ឌិត Derveeuw Marc តំណាង UNFPA ប្រចាំប្រទេសកម្ពុជាបានបន្ថែមថា ការក្លាយជាមាតាវ័យក្មេងនៅកម្ពុជាទំនងជាកត្តាមួយដែលបណ្តាលឲ្យក្មេងស្រីត្រូវឆាប់ឈប់រៀន គ្មានការងារធ្វើ ហើយបាត់បង់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច។ លោក Marc បានបញ្ជាក់ថា ក្មេងស្រីត្រូវការព័ត៌មានគ្រប់គ្រាន់ និងត្រឹមត្រូវ អំពីបញ្ហាសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ជាពិសេសគឺជម្រើសនានា ដែលជួយឲ្យក្មេងស្រី អាចពន្យារពេលវេលា ក្នុងការក្លាយខ្លួនជាមាតានៅវ័យក្មេង។
តាមរបាយការណ៍របស់ UNFPA ស្ថានភាពប្រជាជនពិភពលោកជាករណីមួយសម្រាប់បង្កើនការជួយជ្រោមជ្រែងពីសំណាក់សហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់សុខភាពបន្តពូជនិងសុខភាពផ្លូវភេទយុវវ័យនៅកម្ពុជា។ របាយការណ៍នេះនឹងក្លាយជាសមាសធាតុដ៏ចាំបាច់មួយនៅក្នុងកិច្ចខំប្រឹងប្រែងរបស់ពិភពលោក សំដៅរួមចំនែកលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយតម្លាភាព៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ