អានតួអត្ថបទ
កម្ពុជា

លោក អាត់ ធន់៖ ការ​ជជែក​ដោះ​ស្រាយ​បញ្ហា​កម្មករ​ហាក់​ជឿន​លឿន​ទៅ​មុខ​ច្រើន​

លោកអាត់ ធន់ ប្រធាន​ស​ម្ព័ន្ធ​សហជីព​ប្រជាធិប​តេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​
លោកអាត់ ធន់ ប្រធាន​ស​ម្ព័ន្ធ​សហជីព​ប្រជាធិប​តេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ ©soklim/RFI
ដោយ៖ រិទ្ធិ ម៉ូនីកា
១៤ នាទី

បន្ទាប់ពី​អំពើហិង្សា​ជា​បន្តបន្ទាប់​រហូត​បណ្តា​ល​ឲ្យ​មាន​មនុស្ស​ស្លាប់ របួស និង​ចាប់ខ្លួន​មក, ការជជែក​ច​រចា​ដោយ​សន្តិវិធី​កំពុងតែ​ប្រព្រឹត្តទៅ រវាង​ភាគី​ពាក់​ព​ន្ធ័​ដែល​រួម​មានដូចជា​ក្រុម​សហជីព​ជាតិ និង​អន្តរជាតិ អ្នកបញ្ជា​ទិញ រាជរដ្ឋាភិបាល ព្រមទាំង​សហគម​និយោជក។ នេះ​បើ​យោងតាម​សំដី លោក​អាត់​ ធន់ ប្រធាន​សម្ព​ន្ធ័​សហជីព​ប្រជាធិបតេយ្យ​កម្មករ នៅ​ថ្ងៃ​អង្គារ​នេះ ដែល​បាន​បញ្ជាក់ថា ការជជែក​គ្នា​កំពុងតែ​មានដំណើរការ​ទៅមុខ តែ​យ៉ាងណា​ប្រសិនបើ​នៅតែ​គ្មាន​ដំណោះស្រាយ ការតវ៉ា​នឹង​កើតមាន​ជាថ្មី។

ផ្សាយពាណិជ្ជកម្ម

ក្រុម​សហជីព រដ្ឋាភិបាល ថៅកែ​រោងចក្រ និង​អ្នកបញ្ជា​ទិញ នៅពេលនេះ កំពុង​អង្គុយ​ចុះ​ដាក់​បញ្ហា​លើ​តុ​ ដើម្បី​ជជែក​គ្នា។ លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​អង្គារ​ទី២៨ មករា នេះ​ថា ដំណើរការ​ដោះស្រាយ​បញ្ហា​កម្មករ ហាក់​មានការ​ជឿនលឿន​ទៅមុខ​ច្រើន។

ប្រធាន​សហជីព​រូបនេះ បានបញ្ជាក់​ប្រាប់ថា អ្នកបញ្ជា​ទិញ​បរទេស​បាន​ប្រាប់​ពី​ជំហរ​ថា ពួកគេ​មាន​ចេតនា​ចង់​ដោះស្រាយ​ការ​ច​រចា​បង្កើន​ប្រាក់​ឈ្នួល​ដល់ក​ម្មករ។ ប៉ុន្តែ ​នៅពេលនេះ​ បញ្ហា​ឋិត​លើ​​រដ្ឋាភិបាល និង​សមាគម​និយោជក ដែល​ភាគី​ទាំងពីរ​មិនទាន់​បានបង្ហាញ​ជំហរ​ច្បាស់លាស់​​​នៅឡើយ។ តែ​យ៉ាងណាក៏ដោយ ​លោក​អាត់ ធន់ បាន​បន្ត​​ថា អ្នក​ពាក់​ព័​ន្ធ​ទាំងពីរ​នេះ​ហាក់​បន្ទន់​ជំហរ ដែល​ដំបូង ការជជែក​គ្នា មាន​ភាព​តឹង​មាត់​តឹង​ក​យ៉ាងខ្លាំង​ទាក់ទង​ទៅនឹង​បញ្ហា​បង្កើន​ប្រាក់​ឈ្នួល​នេះ។ ក្រៅពី​បញ្ហា​តម្លើង​ប្រាក់​ឈ្នួល លោក អាត់ ធន់ បញ្ជាក់ថា សហជីព ក៏​កំពុង​ដោះស្រាយ​ទាមទារ​អោយ​មាន​សំណង ដល់​ជនរងគ្រោះ និង​ការដោះលែង​សកម្មជន២៣រូប ​ដែល​ត្រូវ​បានចាប់ខ្លួន ​កាលពីដើម​ខែមករា​ផងដែរ។

ក្រុម​សហជីព នឹង​បន្ត​តាមដាន​ស្ថានភាព និងធ្វើការ​ជាប់​ជាមួយ​អ្នកបញ្ជា​ទិញ​និងសហជីព​អន្តរជាតិ ហើយ​ប្រសិនបើ​ការជជែក​គ្នា​រវាង​ភាគី​អ្នក​ពាក់​ព័​ន្ធទាំងឡាយ​ចប់សព្វគ្រប់ នៅតែ​មិនមានដំណោះ​ស្រាយ លោក អាត់ ធន់ បញ្ជាក់ថា គម្រោង​កូដកម្ម​នឹង​បន្ត​កើតមាន​ជាថ្មី។ ការជជែក​ពិភាក្សា​ដែល​លោក​ថា ត្រូវការ​ពេលវេលា​មួយចំនួន តែ​មិន​អូសបន្លាយ​ដល់​ដំណាច់ខែ​មិនា​នោះទេ។

សូម​រំលឹកថា កាលពី​ថ្ងៃអាទិត្យ ទី២៦ មករា ឆ្នាំ២០១៤ នៅក្នុង​ការតវ៉ា​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​​ដល់​កម្ម​ករ​ចំនួន ១៦០ដុល្លារ និង​ការទាមទារ​អោយ​ដោះលែង​សកម្មជន២៣រូប មានការ​ប៉ះទង្គិច​មួយ​បានកើត​ឡើង​បណ្តាលអោយ​មនុស្ស១០នាក់​រងរបួស ។ប៉ុន្តែ មេដឹកនាំ​សហជីព​កម្មករ និង​សមាគម​និយោជិត​ទាំងអស់ សុទ្ធតែ​បានប្រកាស​អំពី​ការធ្វើ​បាតុកម្ម​បន្តទៀត​ រហូត​ទាល់តែ​ពួកគេ​ទទួលបាន​ដំណោះស្រាយ​តាម​ការទាមទារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ