ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សញ្ញា​វិជ្ជមាន​ពី​ការ​ចរចា​ទ្វេភាគី​អាមេរិក-កូរ៉េ​ខាង​ជើង តែ​ការ​មិន​ទុកចិត្ត​គ្នា​នៅតែ​ជា​បញ្ហា​ចម្បង

សំឡេង ០៤:៣៦
អនុរដ្ឋមន្រ្តី​ការបរទេស​កូរ៉េ​ខាង​ជើង នៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ចរចា​ជាមួយ​ប្រេសិត​ពិសេស​អាមេរិក
អនុរដ្ឋមន្រ្តី​ការបរទេស​កូរ៉េ​ខាង​ជើង នៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ចរចា​ជាមួយ​ប្រេសិត​ពិសេស​អាមេរិក Reuters/Joo Jong-guk/Yonhap

មន្រ្តីការទូត​កូរ៉េ​ខាង​ជើង និង​អាមេរិក​បាន​ជួប​ប្រជុំគ្នា​ជាច្រើន​ម៉ោង កាលពីថ្ងៃ​ព្រហស្បតិ៍ ២៨ កក្កដា ២០១១ ម្សិលមិញ នៅ​ទីក្រុង​ញូវយ៉ក។ កិច្ចប្រជុំនេះ​នឹង​ត្រូវ​បន្ត​ធ្វើ​មួយថ្ងៃ​ទៀត នៅ​ថ្ងៃ​សុក្រនេះ។ ទាំងមន្រ្តី​កូរ៉េ​ខាង​ជើង និង​មន្រ្តី​អាមេរិក​​សុទ្ធតែ​បាន​បង្ហើប​​ឲ្យដឹង​ថា កិច្ចប្រជុំ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ល្អ។

ផ្សាយពាណិជ្ជកម្ម

ជំនួប​រវាង​មន្រ្តី​ការទូត​អាមេរិក និង​កូរ៉េ​ខាង​ជើង​បាន​ធ្វើឡើង មួយសប្តាហ៍​ក្រោយ​ពី​​ជំនួប​ទ្វេភាគី​រវាង​មន្រ្តី​ទូត​កូរ៉េ​ខាង​ជើង​ និង​កូរ៉េ​ខាង​ត្បូង​ ក្នុង​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន នៅ​បាលី ប្រទេស​ឥណ្ឌូណេស៊ី។

លោកស្រី​ហ៊ីឡារី គ្លីនតុន ដែល​ជា​អ្នក​អញ្ជើញ​​មន្រ្តី​ទូត​កូរ៉េ​ខាង​ជើង​ឲ្យ​ទៅ​អាមេរិក​នោះ បាន​បញ្ជាក់ថា ជំនួប​ទ្វេភាគី​កូរ៉េ​ខាង​ជើង-អាមេរិក​នេះ គឺ​មាន​គោលដៅ​ស្វែងយល់​គ្នា ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា តើ​កូរ៉េ​ខាង​ជើង​ពិត​ជា​មាន​ឆន្ទៈ​​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​មែន​ឬទេ?

គួរ​បញ្ជាក់ថា កិច្ចចរចា ៦​ភាគី (អាមេរិក ចិន រុស្ស៊ី ជប៉ុន កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង) បាន​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​មួយ កាល​ពី​ឆ្នាំ​២០០៥ ដោយ​កូរ៉េ​ខាង​ជើង​បាន​ព្រមព្រៀង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ចោល ជា​ថ្នូរ​នឹង​ជំនួយ​​សេដ្ឋកិច្ច។ ក៏ប៉ុន្តែ ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​ត្រូវ​ជាប់គាំង នៅ​ខែ​មេសា ឆ្នាំ​២០០៩ ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាន​​​ធ្វើការ​​បាញ់​សាកល្បង​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ ព្រមទាំង​បាន​ប្រកាស​ដើរចេញ​ពី​តុចរចា ៦​ភាគី។ ដំណើរការ​ចរចា ៦​ភាគី ក៏​ត្រូវ​ជាប់គាំង​តាំងពី​ពេលនោះ​រហូតមក។

ភាពតានតឹង​បាន​កើតមាន​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត ក្រោយ​ពី​​មាន​ហេតុការណ៍​បាញ់​ពន្លិច​នាវាចម្បាំង​កូរ៉េ​ខាង​ត្បូង និង​​ការបាញ់​ផ្លោង​លើ​កោះ​កូរ៉េ​ខាង​ត្បូង ដោយ​កងទ័ព​កូរ៉េ​ខាង​ជើង។ កូរ៉េ​ខាង​ត្បូង​បាន​ដាក់​លក្ខខណ្ឌ​​​ទាមទារ​ឲ្យ​កូរ៉េ​ខាង​ជើង​ធ្វើ​ការ​សុំទោស​ចំពោះ​ទង្វើ​នេះ ទើប​ព្រម​បើក​កិច្ចរចា​ ៦​ភាគី​ឡើងវិញ។ អាមេរិក​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េ​ខាង​ត្បូង ក៏​បានគាំទ្រ​ការទាមទារ​នេះ​ដែរ។

ស្ថានភាព​ហាក់ដូចជា​បាន​ធូរ​ស្រាល​មកវិញ​បន្តិច នៅពេល​ថ្មីៗនេះ ក្រោយ​ពី​កូរ៉េ​ខាង​ត្បូង​បាន​សុខចិត្ត​បើក​ឲ្យ​មាន​ជំនួយ​ឡើងវិញ​ទៅ​កូរ៉េ​ខាង​ជើង និង​បាន​សុខចិត្ត​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​កូរ៉េ​ខាង​ជើង កាល​ពី​សុក្រ​សប្តាហ៍មុន។ នៅក្រោយ​ជំនួបនេះ មន្រី​ទូត​កូរ៉េ​ខាង​ជើង​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​និង​សមាភាគី​កូរ៉េ​ខាង​ត្បូង​បាន​ព្រមព្រៀង​គ្នា​ថា នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​កិច្ចចរចា ៦ភាគី អាច​ចាប់​ផ្តើម​បើកធ្វើ​ឡើង​វិញ ក្នុង​ពេល​ឆាប់ៗ។

ក៏ប៉ុន្តែ ការ​មិនទុកចិត្ត​គ្នា​នៅតែ​ជា​ឧបសគ្គ​ដ៏​ចម្បង​បំផុត ក្នុង​ការដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង។ អាមេរិក​​​និង​សម្ព័ន្ធមិត្ត​មិនទុកចិត្ត​កូរ៉េ​ខាងជើង​ថា​មាន​ឆន្ទៈ​​ចង់​បោះបង់​ចោល​​អាវុធ​នុយក្លេអ៊ែរ។ គេនៅតែ​សង្ស័យថា កូរ៉េ​ខាង​ជើង​ចរចា​គ្រាន់តែ​ចង់​អូសបន្លាយពេល និង​ចង់​បាន​ជំនួយ​សេដ្ឋកិច្ច។ កូរ៉េ​ខាង​ជើងវិញ​បាន​ទាមទារ​ឲ្យ​​សហរដ្ឋ​អាមេរិក​ចុះកិច្ចព្រមព្រៀង​សន្តិភាព បញ្ចប់​សង្រ្គាម​កូរ៉េ​​ជាមុន ចាំចាប់ផ្តើម​​​ចរចា​ ៦ភាគី ស្តីពី​បញ្ហា​នុយក្លេអ៊ែរ។

គួររំឭកថា រហូតមកទល់ពេលនេះ ជិត​៦០ឆ្នាំ​ក្រោយ​សង្រ្គាម​កូរ៉េ (១៩៥០-១៩៥៣) គូជម្លោះ​នៅតែ​មិនទាន់​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​នឹង​គ្នា​នៅឡើយទេ។ សព្វថ្ងៃ​នេះ ទាហាន​អាមេរិក​ប្រមាណ​ជិត ៣ម៉ឺននាក់ នៅបន្ត​ឈរជើង​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ កូរ៉េ​ខាង​ជើង​បានទាមទារ​ឲ្យ​​ការ​ចរចា​​កិច្ចព្រមព្រៀង​សន្តិភាព​​នេះ ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ជាមួយ​អាមេរិក ដាច់ដោយឡែក​ពី​ការចរចា ៦​ភាគី។ ចំណែក​អាមេរិក​វិញ ទាមទារ​ឲ្យ​​ធ្វើ​ការចរចា​សន្តិភាព​នេះ ក្នុង​ក្របខ័ណ្ឌ​កិច្ចចរចា ៦ភាគី ជាមួយ​នឹង​សំណុំរឿង​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI