អាមេរិក-រុស្ស៊ី

អាមេរិក​ព្យាយាម​រំងាប់កំហឹង​រុស្ស៊ី​រឿង​ចាប់ខ្លួន​ជនសង្ស័យ​ពី​បទ​ចារកម្ម

អ្នក​កាសែត​​នៅមុខ​ផ្ទះជនសង្ស័យ​ពី​បទចារកម្ម ដែល​អាជ្ញាធរ​អាមេរិក​ចាប់ខ្លួន
អ្នក​កាសែត​​នៅមុខ​ផ្ទះជនសង្ស័យ​ពី​បទចារកម្ម ដែល​អាជ្ញាធរ​អាមេរិក​ចាប់ខ្លួន ©AFP

កាល​ពី​ថ្ងៃ​អង្គារ ម្សិលមិញ បន្ទាប់​ពី​ផ្ទុះ​រឿង​អាស្រូវ​ជុំវិញ​ការ​ចាប់ខ្លួន​ជនសង្ស័យ​ថាជា​ ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ ដោយ​បាន​រិះគន់​អាមេរិក​ថា ធ្វើ​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ប្រកាន់​យក​ផ្នត់​គំនិត​ចាស់​គំរឹល​សល់​ពី​សង្រ្គាម​ត្រជាក់។ រដ្ឋាភិបាល​អាមេរិក​​វិញ មិនត្រឹម​តែ​មិន​បាន​ថ្កោលទោស​រុស្ស៊ីនោះទេ ប៉ុន្តែ បាន​ព្យាយាម​រំងាប់​កំហឹង​របស់​រុស្ស៊ី​ទៀតផង ដោយ​បាន​​ថ្លែងថា សំណុំរឿង​ចារកម្ម​នេះ​នឹង​មិនធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ អាមេរិក-រុស្ស៊ី ដែល​កំពុង​តែ​មាន​ភាព​ស្និទ្ធស្នាល​​នេះទេ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ សេង ឌីណា

កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ម្សិលមិញ មន្រ្តី​សេតវិមាន​​បាន​ប្រកាស​ឲ្យ​ដឹង​ថា នៅពេល ជួប​ជាមួយ​លោក​មេដវេដេវ (Medvedev) ប្រធានាធិបតី​រុស្ស៊ី កាល​ពី​សប្តាហ៍មុន លោក​អូបាម៉ា​បាន​ដឹង​រួច​ទៅហើយ អំពី​​រឿង​មាន​​ជនសង្ស័យ​​​លួច​យក​ការណ៍​ឲ្យ​រុស្ស៊ី។ ក៏ប៉ុន្តែ លោក​អូបាម៉ា​មិន​បាន​លើក​យក​រឿង​នេះ​ទៅជជែក​ជាមួយ​​ប្រធានាធិបតី​រុស្ស៊ី ពីព្រោះ​មិន​ចង់​ឲ្យ​រឿងរ៉ាវ​ចារកម្មនេះ​មក​បង្ក​ភាព​ល្អក់​កករ​ក្នុង​ទំនាក់ទំនង​​អាមេរិក-រុស្ស៊ី ដែល​កំពុងតែ​មាន​​ភាពស្និទ្ធស្នាល​នឹងគ្នា។

មន្រ្តី​អ្នក​នាំពាក្យ​សេតវិមាន​ក៏​បាន​ថ្លែង​ផងដែរ​ថា សំណុំរឿង​ចារកម្ម​ ដែល​ផ្ទុះឡើង កាល​ពី​ម្សិលមិញ​នេះ គ្រាន់តែ​ជា​កាកសំណល់ សេសសល់​ពី​​អតីតកាល​តែ​ប៉ុណ្ណោះ ហើយ​ជនសង្ស័យ​ពី​បទចារកម្ម​នេះ ក៏​មិន​លួច​យកបាន​ព័ត៌មាន​សម្ងាត់​អ្វី​ខ្លាំង​ប៉ុន្មាន​ដែរ។ អ្នក​ជំនាញ​ខាង​ផ្នែក​ចារកម្ម​ខ្លះ បាន​លើក​ឡើង​ថា ជនសង្ស័យ​ទាំង​១០​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នេះ​ ទំនង​ជា​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី ដែល​សេសសល់​ពី​សម័យ​សង្រ្គាម​ត្រជាក់ ហើយ​​ប្រហែល​ជា​លែង​​សូវមាន​សកម្មភាព​ទៅហើយ។

ពី​ខាង​រុស្ស៊ីវិញ បន្ទាប់​ពី​​មាន​ប្រតិកម្ម​ខ្លាំងៗ​ពី​សំណាក់ រដ្ឋមន្រ្តី​ក្រសួងការបរទេស កាល​ពី​ម្សិលមិញ រដ្ឋាភិបាល​រុស្ស៊ី​ក៏​ហាក់ដូចជា​បន្ទន់​ឥរិយាបថ​មកវិញ។ លោក​ពូទីន នាយករដ្ឋមន្រ្តី​រុស្ស៊ី​បាន​ថ្លែងថា​ រុស្ស៊ី​សង្ឃឹមថា សំណុំរឿង​ចារកម្ម​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​អាមេរិក-រុស្ស៊ី​​នោះទេ។ ក្រសួងការបរទេស​រុស្ស៊ីវិញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ទទួលស្គាល់ថា ពិតជាមាន​​ពលរដ្ឋ​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​​ជនសង្ស័យ​ពីបទចារកម្ម ដែល​អាមេរិក​ចាប់ខ្លួន​នេះមែន ប៉ុន្តែ ពលរដ្ឋ​រុស្ស៊ី​ទាំងនេះ​មិន​បាន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​អាមេរិក​នោះទេ។

យោងតាម​បណ្តាញ​សារព័ត៌មាន​រុស្ស៊ី រដ្ឋាភិបាល​រុស្ស៊ី​បាន​ដាក់បម្រាម​ហាមឃាត់​មន្រ្តី​រដ្ឋាភិបាល​រុស្ស៊ី​មិនឲ្យ​ធ្វើ​អត្ថាធិប្បាយ​អ្វី ដែល​អាច​ធ្វើ​ឲ្យ​សំណុំរឿង​ចារកម្ម​នៅអាមេរិកនេះ រីកកាន់តែ​ធំ​ទៀតទេ។

គួរ​បញ្ជាក់ថា ទំនាក់ទំនង​រវាងអាមេរិក និង​រុស្ស៊ី​ បាន​ចាប់​មានភាព​ស្និទ្ធស្នាល​ខ្លាំង ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ ទាំង​អាមេរិក និង​ទាំង​រុស្ស៊ី មិន​មាន​ខាងណា​ចង់​ឲ្យ​សំណុំរឿង​ចារកម្ម នៅពេលនេះ បង្កភាព​ល្អក់​កករ​ដល់​ទំនាក់ទំនង​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI