ចិន-អាមេរិក

ជំនួប​កំពូល​មេដឹកនាំ​អាមេរិក និង​ចិន​បិទ​បញ្ចប់​ដោយ​ភាព​ស្និទ្ធស្នាល និង​យោគយល់គ្នា

លោក​បារ៉ាក់ អូបាម៉ា និង​សមភាគី​ចិន គឺ​លោក​ប្រធានាធិបតី​ស៊ី ជីនពីង នៅក្នុង​ជំនួប​ក្រៅផ្លូវការ ក្នុង​រដ្ឋ​កាលីហ្វ័នី
លោក​បារ៉ាក់ អូបាម៉ា និង​សមភាគី​ចិន គឺ​លោក​ប្រធានាធិបតី​ស៊ី ជីនពីង នៅក្នុង​ជំនួប​ក្រៅផ្លូវការ ក្នុង​រដ្ឋ​កាលីហ្វ័នី ©Reuters

នៅរដ្ឋកាលីហ្វនី លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា និង​សមភាគី​ចិន លោក ស៊ី ជីនពីង​បាន​បញ្ចប់​កិច្ចប្រជុំ​ក្រៅផ្លូវការ កាលពី​ថ្ងៃ​សៅរ៍​ទី​៨ មិថុនា ២០១៣។ ក្នុង​ជំនួប ៤៨​ម៉ោង លោកអូបាម៉ា និង​ស៊ី ជីនពីង បាន​ព្យាយាម​បង្កើត​ បរិយាកាស​ជឿទុក​ចិត្ត ឡើងវិញ​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ។ ជារួម ប្រមុខ​ដឹកនាំ​ទាំងពីរ​បាន​លើកឡើង​ពី​បញ្ហា​ចារកិច្ច​តាមប្រព័ន្ធ​អ៊ិនធ័រណេត និង​បាន​សន្យា​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហាអាកាសធាតុ និង​ នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

ផ្សាយពាណិជ្ជកម្ម

 

ក្នុង​ទំនាក់ទំនង​អាមេរិក និង​ចិន គេ​មិនធ្លាប់​ឃើញ​រូបភាព​ស្និទ្ធស្នាល​បែបនេះ​ទេ ពីមុនមក។ នៅក្រោម​ថ្ងៃ​ក្តៅហែង ប្រមុខ​ដឹកនាំ​អាមេរិក និង​ចិន ដែល​ពាក់តែ​អាវ​សាមញ្ញ គ្មាន​ក្រវាត់ក ឈរ​និយាយ​គ្នា​តែ​ពីរនាក់ គឺ​គ្មាន​ហែហម​ដោយ​ទីប្រឹក្សា ឬ​រដ្ឋមន្រ្តី​ណាទេ ក្រៅតែ​ពី​អ្នកបកប្រែម្នាក់។ ដូចគេ​បាន​ដឹង​រួច​មកហើយ​ថា ជំនួប​លោក​អូបាម៉ា និង​លោក​ស៊ី ជីនពីង​ជាជំនួប​ក្រៅផ្លូវការ ដែល​លោកអូបាម៉ា ​ស្នើសុំ​ឡើង ដើម្បី​ស្វែងយល់​ឲ្យ​បាន​ច្រើន​ពី​ជំហរ​របស់​ប្រមុខ​ដឹកនាំថ្មី​របស់​ប្រទេស​ចិន។ និយាយ​ឲ្យ​ចំ គឺ​ជា​ជំនួប​ដែល​អាមេរិក​ទន្ទឹង ចង់បាន​ប្រយោជន៍​ច្រើន​ពី​ភាគី​ចិន។ អាមេរិក​ចង់​ដោះស្រាយ​ជាមួយ​ចិន​ពីរឿង វាយប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដែល​រដ្ឋាភិបាល​អាមេរិក កំពុង​រងគ្រោះ និង​ដែល​អាមេរិក​ជឿថា មានប្រភព​ចេញ​មកពី​ប្រទេស​ចិន។

យោង​តាម​លោក Tom Danilon ទីប្រឹក្សា​ផ្នែកសន្តិសុខ​អាមេរិកាំង លោកប្រធានាធិបតី​ចិន​បាន​យល់ដឹង​ពី​កង្វល់​របស់​អាមេរិក បន្ទាប់​ពី​លោក​អូបាម៉ា បាន​ជម្រាបប្រាប់​ទៅលោក​ថា រឿង​ចារកិច្ច​តាមប្រព័ន្ធ​ព័ត៌មានវិទ្យា​សំខាន់​ណាស់ ហើយ បើ​វា​នៅតែ​បន្ត នោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

ប៉ុន្តែ ទីប្រឹក្សា​រដ្ឋ​ចិន វិញ បាន​និយាយ​បញ្ជាក់​ជំហរ​របស់​លោកប្រធានាធិបតី​ចិន ដោយ​អះអាង​ថា ចិន​ក៏​ជា​ជនរងគ្រោះ​ដោយ​ការវាយប្រហារ​ផ្នែកព័ត៌មាន​វិទ្យាដែរ។ ជាមួយគ្នានោះ ទីក្រុង​ប៉េកាំង​សុំ​វិញ​ដែរ ឲ្យ​អាមេរិក​បញ្ឈប់​សកម្មភាព​លក់​អាវុធ​ឲ្យ​កោះ​តៃវ៉ាន់ និង​ព្រមទទួល​ស្គាល់​គោល​នយោបាយ​ចិន​តែមួយ។

ក្រៅតែ​ពី​និយាយ​គ្នា​ពីរឿង​សន្តិសុខ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ប្រធានាធិប​អាមេរិក និង​ចិន និយាយ​ផងដែរ​បញ្ហា​អាកាសធាតុ ដែល​ប្រទេស​មហាអំណាច​ទាំងពីរ​យល់ព្រម​កាត់បន្ថយ​ឧស្ម័ន​ពុល​ក្នុង​ឧស្សាហកម្ម​របស់ខ្លួន ដែល​រហូតមកដល់​ពេលនេះ ជា​មូលហេតុ​ចំបង​នៃ​ការឡើង​កម្តៅ​នៃ​ភពផែនដី។ ក្នុងសំណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ចិន លោក​អូបាម៉ា និង​លោក​ស៊ី ជីនពីង​យល់ស្រប​គ្នា ចង់​ឲ្យ​កូរ៉េខាងជើង​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI