កុម្ម៉ង់ដូអាមេរិកវាយឆ្មក់លើទីតាំងក្រុមភេរវជននៅលីប៊ីនិងសូម៉ាលី
ចុះផ្សាយនៅថ្ងៃ៖
កាលពីថ្ងៃសៅរ៍ម្សិលមិញ កងកុម្ម៉ង់ដូអាមេរិកបានបើកការវាយឆ្មក់ទៅលើទីតាំងក្រុមភេរវជនអ៊ីស្លាម ចំនួន ២កន្លែង នៅក្នុងប្រទេសពីរផ្សេងគ្នា គឺនៅសូម៉ាលី និងនៅលីប៊ី។ នេះបើតាមការអះអាងរបស់មន្រ្តីរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន។ មេដឹកនាំជាន់ខ្ពស់ម្នាក់នៃក្រុមភេរវជនអាល់កៃដា ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការនេះ។
យោងតាមមន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក នៅក្នុងការវាយឆ្មក់ ក្នុងទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី កាលពីថ្ងៃសៅរ៍ម្សិលមិញ កងកុម្ម៉ង់ដូអាមេរិកបានចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់ម្នាក់ នៃក្រុមភេរវជនអាល់កៃដា ឈ្មោះ អាណាស់ អាល់លីប៊ី (Anas al-Liby)។ អាណាស់ អាល់លីប៊ី ស្ថិតក្នុងចំណោមបញ្ជីឈ្មោះមេដឹកនាំភេរវជន ដែលអាមេរិកតាមរកចាប់ខ្លួនជាយូរឆ្នាំមកហើយ ពីបទជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយគ្រាប់បែកទៅលើស្ថានទូតអាមេរិក នៅក្នុងប្រទេសកេនយ៉ា និងតង់ហ្សានី កាលពីឆ្នាំ១៩៩៨។
កាលពីថ្ងៃព្រឹកព្រលឹមថ្ងៃសៅរ៍ ម្សិលមិញនេះដែរ កងកុម្ម៉ង់ដូអាមេរិក បានបើកការវាយឆ្មក់មួយផ្សេងទៀត នៅក្នុងប្រទេសសូម៉ាលី ក្នុងគោលដៅចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់ម្នាក់ទៀត របស់ក្រុមភេរវជនអ៊ីស្លាម ឈ្មោះ Shebab ដែលជាអ្នកទទួលខុសត្រូវ ក្នុងការវាយប្រហារទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងប្រទេសកេនយ៉ា កាលពីខែមុន។ ក៏ប៉ុន្តែ ក្នុងប្រតិបត្តិការនៅសូម៉ាលី កងកុម្ម៉ង់ដូអាមេរិកត្រូវជួបប្រយុទ្ធគ្នាយ៉ាងខ្លាំង ជាមួយនឹងក្រុមភេរវជន ហើយបង្ខំចិត្តដកខ្លួនថយ ដោយមិនអាចចាប់ខ្លួនមេក្រុម Shebab តាមគម្រោងការណ៍។
មន្រ្តីយោធាអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការវាយឆ្មក់នៅក្នុងប្រទេសសូម៉ាលីត្រូវបានធ្វើឡើងដោយកងកុម្ម៉ង់ដូដ៏ឆ្នើមរបស់អាមេរិក គឺក្រុម Navy SEAL Team Six ដែលបានវាយឆ្មក់សម្លាប់ប៊ិនឡាដិន នៅក្នុងប្រទេសប៉ាគីស្ថាន កាលពីជាង២ឆ្នាំមុន។
មន្រ្តីរដ្ឋាភិបាលអាមេរិកបានអះអាងថា មុនពេលបើកការវាយឆ្មក់នៅក្នុងប្រទេសលីប៊ី និងសូម៉ាលី កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរសុទ្ធតែត្រូវបានជូនដំណឹងជាមុន អំពីប្រតិបត្តិការនៅក្នុងទឹកដីរបស់ពួកគេ។
ប្រតិបត្តិការរបស់កងកុម្ម៉ង់ដូអាមេរិក នៅលីប៊ី និងសូម៉ាលីនេះបង្ហាញឲ្យឃើញ អំពីចំណាប់អារម្មណ៍ និងក្តីព្រួយបារម្ភ របស់អាជ្ញាធរអាមេរិក ចំពោះការកើនឡើងនៃសកម្មភាពរបស់ក្រុមភេរវជន នៅក្នុងតំបន់អាហ្វ្រិក ដែលកំពុងតែរាលដាលជាភេរវកម្មអន្តរជាតិ។
ពីប្រទេសឥណ្ឌូណេស៊ី លោកចន ឃែរី រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានថ្លែងថា ប្រតិបត្តិការរបស់កងកុម្ម៉ង់ដូអាមេរិក ក្នុងប្រទេសលីប៊ី និងសូម៉ាលី កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការតាមរកអ្នកដែលទទួលខុសត្រូវ ក្នុងអំពើភេរវកម្ម បើទោះបីជាពួកគេរត់ទៅលាក់ខ្លួនដល់ទីណាក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ