អំពើភេរវកម្មបាញ់ប្រហារបណ្តាលឱ្យស្លាប់៦នាក់
ចុះផ្សាយនៅថ្ងៃ៖
ស្លាប់៦នាក់និងរបួសធ្ងន់១២នាក់ដែលក្នុងចំណោម នេះ មានស្ត្រីជាអ្នកតំណាងរាស្ត្រម្នាក់ផង -នេះហើយជាចំនួនបណ្តោះអាសន្ននៃអ្នករងគ្រោះដោយអំពើភេរវកម្មបាញ់ ប្រហារនៅថ្ងៃសៅរ៍ម្សិលមិញ៨មករា នៅឱកាសប្រជុំមីទ្ទិញមួយនៅទីក្រុងTucson ក្នុងរដ្ឋArizonaខាងនិរតីនៃស.រ.អា.។ស្ត្រីអ្នកតំណាងរាស្ត្រ ប្រជាធិបតេយ្យ Gabrielle Giffordsអាយុ៤០ឆ្នាំត្រូវរបួសធ្ងន់ចំក្បាលស្ថិតជានិច្ចនៅក្នុង ស្ថានភាពពុំដឹងជារស់ឬស្លាប់ទេ។គាត់កំពុងតែរួមប្រជុំជាមួយ ក្រុមអ្នកបោះឆ្នោតឱ្យគាត់នៅកន្លែងចំណតរថយន្តនៃហាងទំនើប supermarchéមួយ ស្រាប់តែមានបុរសម្នាក់លេចធ្លោចេញមកបាញ់គាត់តែម្តង។
សេចក្តីរាយការណ៍របស់ Anne Verdaguer ប្រែសម្រួលដោយវីនស្តុន រតនា
ជនជាប់មន្ទិលសង្ស័យកំពុងត្រូវឃុំឃាំង ប៉ុន្តែបដិសេធពុំព្រមនិយាយស្តីអ្វីទេ។ជនឈ្មោះJared Lee Loughner អាយុ២២ឆ្នាំបានលើកឡើងអំពីសិទ្ធិខ្លួនត្រូវស្ងៀមស្ងាត់ពុំចេញស្តី។ស្របតាមប៉ូលិស ជននេះទំនងជាមានបុគ្គលិកលក្ខណៈក្រឡកធាតុខ្លាំងណាស់។ឯកសាររកឃើញតាមគេហទំព័រអាំងទែរណេតបញ្ជាក់ប្រាប់ថា និស្សិតរូបនេះបានចងគំនុំខ្លាំងណាស់ចំពោះពួកអ្នកនយោបាយនិងប៉ូលិស។ក្នុងខណៈនេះ អាជ្ញាធរពុំបញ្ជាក់ប្រាប់មូលហេតុនាំឱ្យវាបាញ់ប្រហារគេទេនិងរក្សាឥរិយាបថប្រុងប្រយ័ត្នខ្លាំងណាស់។
យុវជននេះត្រូវប៉ូលិសស្គាល់ច្បាស់។វាត្រូវបានសកលវិទ្យាល័យរបស់វាផ្អាកបញ្ឈប់ការសិក្សាជាច្រើនលើកច្រើនដង ដោយហេតុមានចរិយាមិនល្អ មុននឹងបោះបង់ចោលទាំងស្រុងការសិក្សា នៅខែតុលាឆ្នាំទៅ។នៅក្នុងការស៊ើបអង្កេតនេះ មេប៉ូលិសClarence Dupnik បញ្ជាក់ប្រាប់ថាកំពុងតែតាមរកជនជាប់មន្ទិលសង្ស័យទី២។” យើងគិតថា វាពុំបានប្រព្រឹត្តតែម្នាក់ឯងទេ ។ទំនងជាមានមនុស្សម្នាក់ទៀតបាននាំវាមកដាក់នៅកន្លែងកើតហេតុ ។យើងមានរូបថតនៃបុគ្គលនេះហើយយើងអាចនឹងចុះផ្សាយរូបថតនេះនៅពេលបន្តិចទៀត “ -នេះជាសំដីរបស់មេប៉ូលិសClarence Dupnik។
ពួកជនដែលបានឃើញព្រឹត្តិការណ៍ផ្ទាល់នឹងភ្នែកត្រូវអាជ្ញាធរសាកសួរ ដើម្បីចង់ដឹងថា តើគេបានឃើញបុគ្គលនេះឬទេ?គឺបុរសដែលមានអាយុប្រមាណជា៥០ឆ្នាំ។អ្វីដែលប្រាកដជាក់លាក់គឺស្ត្រីអ្នកតំណាងរាស្ត្រGabrielle Giffordsគឹជាជនទី១ដែលត្រូវបានគេប៉ងបាញ់ប្រហារមុនអ្នកដទៃទៀត។ជនជាប់មន្ទិលសង្ស័យនឹងត្រូវអាជ្ញាធរនាំខ្លួនទៅតុលាការនៅថ្ងៃអាទិត្យនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ