រដ្ឋមន្រ្តីការពារជាតិអាមេរិកនឹងទៅបំពេញទស្សនកិច្ចនៅចិននិងជប៉ុន
មន្រ្តីរដ្ឋាភិបាលអាមេរិកបានប្រកាសឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា នៅចុងសប្តាហ៍នេះ លោក Leon Panetta រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកនឹងចេញដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចំនួន ៣ ក្នុងតំបន់អាស៊ី គឺ ចិន ជប៉ុន និងនូវែលសេឡង់។ ដំណើរទស្សនកិច្ចនេះធ្វើឡើង នៅចំពេលដែលភាពតានតឹងរវាងចិន និងជប៉ុន កំពុងតែកើនឡើងខ្លាំង ជុំវិញជម្លោះដណ្តើមកោះ។
ចុះផ្សាយនៅថ្ងៃ៖
បន្ទាប់ពីលោកស្រីហ៊ីឡារី គ្លីនតុន រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ពេលនេះ ដល់វេនរដ្ឋមន្រ្តីក្រសួងការពារជាតិម្តង ដែលធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅតំបន់អាស៊ី។ ដំណើរទស្សនកិច្ចរបស់លោក Leon Panetta នៅពេលនេះ ក៏ជាដំណើរទស្សនកិច្ចលើកទី៣ហើយដែរ នៅក្នុងតំបន់អាស៊ី នៅក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។ ទាំងនេះជាការបញ្ជាក់កាន់តែច្បាស់ថែមទៀត ពីយុទ្ធសាស្រ្តរបស់លោកអូបាម៉ា ដែលចង់ពង្រឹងឥទ្ធិពលរបស់អាមេរិកនៅអាស៊ី។
ដំណើរទស្សនកិច្ចរបស់លោក Leon Panetta នឹងចាប់ផ្តើមពីប្រទេសជប៉ុន មុននឹងធ្វើដំណើរទៅចិន ហើយបញ្ចប់នៅប្រទេសនូវែលសេឡង់។ ដំណើរទស្សនកិច្ចនេះកើតឡើងជួនចំពេលដែលចិន និងជប៉ុនកំពុងតែប្រឈមមុខដាក់គ្នាកាន់តែខ្លាំង ទាក់ទងនឹងជម្លោះដណ្តើមប្រជុំកោះ ដែលជប៉ុនហៅថា សេនកាគូ ហើយចិនហៅថា Diaoyu។
នៅថ្ងៃសុក្រនេះ នាវាល្បាតរបស់ចិនចំនួន ៦គ្រឿងបានធ្វើដំណើរចូលទៅក្នុងដែនទឹកនៃប្រជុំកោះជាប់ជម្លោះ។ រដ្ឋាភិបាលជប៉ុនបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំក្រុងតូក្យូ ដើម្បីធ្វើការតវ៉ាចំពោះហេតុការណ៍នេះ។ ភាពតានតឹងជុំវិញជម្លោះដណ្តើមប្រជុំកោះនេះបានកើនឡើងខ្លាំង ក្រោយពីរដ្ឋាភិបាលជប៉ុនបានប្រមូលទិញដីជាកម្មសិទ្ធិឯកជនទាំងអស់ នៅលើប្រជុំកោះនេះ យកមកធ្វើជាសម្បត្តិរដ្ឋ ដែលជាហេតុធ្វើឲ្យរដ្ឋាភិបាល និងប្រជាជនចិនផ្ទុះកំហឹង។
ជម្លោះដណ្តើមកោះនេះទំនងជានឹងត្រូវក្លាយជារបៀបវារៈដ៏ចម្បងមួយ ក្នុងដំណើរទស្សនកិច្ចរបស់លោក Panetta នៅជប៉ុន។ របៀបវារៈសំខាន់មួយទៀត គឺគម្រោងរបស់អាមេរិក ដែលចង់ដាក់ពង្រាយយន្តហោះប្រភេទថ្មីទំនើបៗ ចំនួន ១២គ្រឿង នៅមូលដ្ឋានទ័ពអាមេរិក នៅលើកោះអូគីណាវ៉ា ហើយដែលប្រជាជននៅអូគីណាវ៉ាកំពុងតែតវ៉ាខ្លាំង។
មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចទៅចិន លោក Leon Panetta គ្រោងនឹងជួបជាមួយថ្នាក់ដឹកនាំកងទ័ពកំពូលៗរបស់ចិន ដោយសង្ឃឹមថា ជំនួបទាំងនោះនឹងអាចជួយពង្រឹងទំនាក់ទំនងរវាងកងទ័ពអាមេរិក និងកងទ័ពចិន ហើយអាចជំរុញឲ្យចិនបង្កើនតម្លាភាព ទាក់ទងនឹងនយោបាយការពារជាតិរបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ