លោក Panetta ទៅបំពេញទស្សនកិច្ចនៅអតីតបន្ទាយទ័ពអាមេរិកនៅវៀតណាម
ចុះផ្សាយនៅថ្ងៃ៖
លោក Leon Panetta រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក កំពុងបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ នៅក្នុងប្រទេសវៀតណាម។ នៅព្រឹកមិញនេះ លោកបានធ្វើដំណើរទៅមើលអតីតមូលដ្ឋានទ័ពមួយ ដែលអាមេរិកធ្លាប់ប្រើ នៅក្នុងអំឡុងសង្រ្គាមវៀតណាម។ អតីតគូសត្រូវទាំងពីរ គឺអាមេរិក និងវៀតណាម កំពុងស្វះស្វែងពង្រឹងទំនាក់ទំនងនឹងគ្នាឡើងវិញ ក្នុងពេលដែលឥទ្ធិពលរបស់ចិនកំពុងតែកើនឡើងឥតឈប់ឈរ។
លោក Leon Panetta គឺជារដ្ឋមន្រ្តីការពារជាតិអាមេរិកលើកទី១ ដែលធ្វើដំណើរទៅបន្ទាយទ័ពកាំរ៉ាញ់ (Cam Ranh) ចាប់តាំងពីសង្រ្គាមវៀតណាមត្រូវបញ្ជប់ កាលពីឆ្នាំ១៩៧៥។ ដំណើរទស្សនកិច្ចនេះ គឺជានិមិត្តរូបដ៏សំខាន់មួយ ដែលបង្ហាញអំពីការពង្រឹងទំនាក់ទំនងរវាងអតីតគូសត្រូវទាំងពីរ។
គួររំឭកឡើងវិញថា អាមេរិក និងវៀតណាមបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាឡើងវិញ កាលពីឆ្នាំ១៩៩៥ ហើយនៅឆ្នាំ២០១១ កន្លងទៅនេះ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងមួយ ស្តីពីសហប្រតិបត្តិការយោធា។ យោងតាមមន្រ្តីជាន់ខ្ពស់អាមេរិក នៅក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ លោករដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកនឹងជជែកជាមួយមន្រ្តីវៀតណាម អំពីបែបបទនៃការអនុវត្តកិច្ចព្រមព្រៀងយោធាខាងលើនេះ។
អាមេរិកទំនងជាកំពុងសំឡឹងឃើញមូលដ្ឋានទ័ពកាំរ៉ាញ់ថាជាទីតាំងដ៏ល្អមួយ សម្រាប់យុទ្ធសាស្រ្តថ្មីរបស់អាមេរិក នៅអាស៊ី-ប៉ាស៊ីហ្វ៊ិក។ បន្ទាយកាំរ៉ាញ់មានទីតាំងជាប់នឹងសមុទ្រចិនខាងត្បូង មានទាំងព្រលានយន្តហោះ ដែលអាចឲ្យយន្តហោះចម្បាំងចុះចតបាន ហើយមានទាំងកំពង់ផែធំ ដែលអាចឲ្យនាវាចម្បាំងចូលចតបាន។
កាលពីថ្ងៃសៅរ៍ ម្សិលមិញ នៅក្នុងវេទិកាសន្តិសុខតំបន់ Shangri-La Dialogue នៅសិង្ហបុរី លោក Panetta បានប្រកាសថា អាមេរិកគ្រោងនឹងចាប់ផ្តើមបង្កើនចំនួននាវាចម្បាំងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក។ នៅឆ្នាំ២០២០ នាវាចម្បាំងរបស់អាមេរិក ៦០% នឹងស្ថិតនៅក្នុងតំបន់នេះ។
កន្លងទៅថ្មីៗនេះ មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកយុទ្ធសាស្រ្តមួយរបស់អាមេរិក បានចេញផ្សាយរបាយការណ៍មួយ ដោយធ្វើការវិភាគថា សមុទ្រចិនខាងត្បូង គឺជាតំបន់យុទ្ធសាស្រ្តដ៏សំខាន់បំផុត នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក។ ហើយប្រទេសវៀតណាម គឺជាកូនសោរដ៏សំខាន់មួយ សម្រាប់ទប់ទល់ជាមួយចិន នៅក្នុងសមុទ្រចិនខាងត្បូង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ