អ្នកលួចបញ្ចេញឯកសារសម្ងាត់អាមេរិកបានបង្ហាញមុខ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅទីបំផុតទៅ គេបានស្គាល់មុខអ្នកដែលលួចបញ្ចេញឯកសារសម្ងាត់អាមេរិកទៅឲ្យអ្នកសារព័ត៌មាន។ នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត អង់គ្លេស The Guadian កាលពីថ្ងៃអាទិត្យ បុរសEdward Snowden អាយុ ២៩ឆ្នាំចេញមុខអះអាងថា គេជាលួចផ្តល់ឯកសារសម្ងាត់ទៅឲ្យអ្នកកាសែត ហើយពេលនេះ គេកំពុងសម្ងំលាក់ខ្លួនក្នុងទីក្រុងហុងកុង ដើម្បីបន្តស្វះស្វែងរកសិទ្ធិជ្រកកោននយោបាយ នៅក្នុងប្រទេសអ៊ីស្លង់។
តាមកាសែត អង់គ្លេសThe Guadian គឺយុវជនEdward Snowden ដែលចង់បង្ហាញអត្តសញ្ញាណខ្លួនឯង។ តាំងពីទីក្រុងហុងកុង ដែលគេបានចូលទៅសម្ងំលាក់ខ្លួន ក្នុងសណ្ឋាគារមួយ តាំងពីពាក់កណ្តាលខែឧសភាម្ល៉េះ Edward Snowdenនិយាយថា គេមិនចង់លាក់ខ្លួនតទៅទៀតទេ ព្រោះគេមិនបានធ្វើអ្វីខុស។
Edward Snowdenធ្លាប់ធ្វើជាអ្នកជំនួយការផ្នែកព័ត៌មានវិទ្យាឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ អាមេរិកCIA។ បួនឆ្នាំមកហើយ ដែលគេធ្វើជាអ្នកទទួលការងារតពីគេ សម្រាប់គម្រោងរបស់ ទីភ្នាក់ងារសន្តិសុខជាតិ ដែលជាក្បាលម៉ាស៊ីនប្រមូលព័ត៌មានពីទូរស័ព្ទរបស់ប្រជាជនអាមេរិកាំង។
ឆ្លើយទៅនឹងសំនួរអ្នកកាសែតស្តីពីជោគវាសនាទៅថ្ងៃអនាគត នៅក្រោយលួចបញ្ចេញឯកសារសម្ងាត់របស់រដ្ឋាភិបាលអាមេរិក Edward Snowdenឆ្លើយថា គ្មានរឿងល្អ រង់ចាំគេនោះទេ ហើយ គេមិនសង្ឃឹមថា នឹងបានត្រលប់ទៅផ្ទះនៅអាមេរិកវិញដែរ។ ប៉ុន្តែ Edward Snowden បាននិយាយថា គេមិនអាចទ្រាំរស់នៅក្នុងសង្គមមួយ ដែលរាល់សកម្មភាព និងការសន្ទនាតាមទូរស័ព្ទរបស់ប្រជាជន ត្រូវគេលួចថតទុកស្តាប់គ្រប់ពេលនោះដែរ។ Edward Snowdenនិយាយថា គេចង់ឲ្យប្រាប់ប្រជាជនអាមេរិកាំងឲ្យបានដឹងពីរឿងដែលគេយកឈ្មោះរបស់ប្រជាជនអាមេរិកទៅប្រើ ហើយ ដែលគេអាចប្រើ ផ្ទុយមកវិញ ដើម្បីប្រឆាំងនឹងប្រជាជន។
Edward Snowdenបានបង្ហាញមុខរបស់ខ្លួននៅតាមកាសែត គឺនៅពីរថ្ងៃក្រោយ ប្រធានក្រុមស៊ើបការណ៍សម្ងាត់អាមេរិក បាននិយាយប្រាប់ទូរទស្សន៍NBC ថា គេកំពុងបើកការស៊ើបអង្កេតឧក្រិដ្ឋ ប្រឆាំងអ្នកដែលបានលួចបញ្ចេញ ឯកសារសម្ងាត់ ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាព និងសន្តិសុខជាតិ។
នៅក្រោយEdward Snowdenលេចមុខនៅតាមកាសែត ប្រធានគណៈកម្មាការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភាបានទាមទារឲ្យគេធ្វើបត្យាប័នយុវជននេះជាបន្ទាន់ ទៅប្រទេសអាមេរិក។ ទីក្រុងហុងកុងធ្លាប់ចុះសន្ធិសញ្ញាធ្វើបត្យាប័នជាមួយអាមេរិក នៅឆ្នាំ ១៩៩៦ គឺនៅមុនពេលត្រូវប្រគល់ទៅឲ្យចិនដីគោកវិញ។ អ្នកវិភាគខ្លះនិយាយថា ទីក្រុងប៉េកាំងអាចមានសិទ្ធិបដិសេធមិនធ្វើបត្យាប័ន ក្នុងករណីដែលវាអាចប៉ះពាល់ដល់ ផលប្រយោជន៍នយោបាយក្រៅប្រទេស ឬក៏សន្តិសុខជាតិ។
យុវជន Edward Snowdenវិញ និយាយថា ការដែលគេជ្រើសរើសទីក្រុងហុងកុង ក៏ព្រោះតែប្រពៃណីការពារសិទ្ធិសេរីភាពរបស់ទីក្រុងមួយនេះ។ តាមប្រភពពីអ្នកកាសែតក្នុងទីក្រុងហុងកុង Edward Snowden ទំនងជាបានចាកចេញពីទីក្រុងហុងកុងក្រោយបទសម្ភាសន៍។ Edward Snowden ធ្លាប់និយាយថា គេស្វែងរកសិទ្ធិជ្រកកោន ក្នុងប្រទេសអ៊ីស្លង់ ទឹកដីដែលការពារសេរីភាពអ្នកបញ្ចេញមតិតាមអ៊ីនធ័រណេត។ ប៉ុន្តែ មន្រ្តីទូតរបស់អ៊ីស្លង់ក្នុងទីក្រុងហុងកុងបញ្ជាក់ថា អ្នកដែលអាចសុំសិទ្ធិជ្រកកោនបាន លុះណាតែអ្នកនោះដាក់ពាក្យសុំក្នុងទឹកដីអ៊ីស្លង់៕
កាលបរិច្ឆេទនៃការបែកធ្លាយព័ត៌មានសម្ងាត់ស្តីពីការលួចស្តាប់ទូរស័ព្ទនៅអាមេរិក?
· នៅថ្ងៃទី ៥មិថុនា កាសែត អង់គ្លេសThe Guadian បានសរសេរថា ទីភ្នាក់ងារសន្តិសុខជាតិបានប្រមូលទិន្ន័យដែលបានមកពីការថតស្តាប់ទូស័ព្ទរាប់លានគ្រឿងរបស់ប្រជាជនអាមេរិកាំង ដែលជាអតិថិជនរបស់ក្រុមហ៊ុនVerizon។ ការងារប្រមូលទិន្ន័យធ្វើឡើងដោយសម្ងាត់ និងក្រោមបញ្ជារបស់តុលាការពិសេស។
· នៅថ្ងៃទី ៦មិថុនា ទាំងកាសែត The Guadian និងThe Washington Post បានសរសេរថា ទាំងទីភ្នាក់ងារសន្តិសុខជាតិ NSA ទាំងប៉ូលិសសហព័ន្ធបានចូលទៅក្នុងប្រព័ន្ធអ៊ីនធ័រណេតរបស់ក្រុមហ៊ុនធំៗដើម្បីលួចយកព័ត៌មានរបស់អ្នកប្រើប្រាស់ ជាមួយនឹងកម្មវិធីPrism
· នៅថ្ងៃទី ៧មិថុនា កាសែត The Guadian បានសរសេរថា លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានបញ្ជាទៅទីភ្នាក់ងារចារកិច្ច ដើម្បីបង្កើតបញ្ជីឈ្មោះមនុស្សនៅបរទេស ដែលបានវាយប្រហារមកលើប្រព័ន្ធអ៊ីនធ័រណេតរបស់រដ្ឋាភិបាលអាមេរិក។
· នៅថ្ងៃទី ៧មិថុនាដដែល លោកប្រធានាធិបតីអាមេរិកបានចេញមុខនិយាយការពារកម្មវិធីស៊ើបការណ៍ ដែលបើតាមលោក គឺធ្វើការក្រោមការត្រួតពិនិត្យ និងភ្លើងខៀវ ពីព្រឹទ្ធសភា និងតុលាការ
· ថ្ងៃទី ៨ មិថុនា ប្រធានក្រុមស៊ើបការណ៍សម្ងាត់បាននិយាយថា សកម្មភាពលួចបញ្ចេញព័ត៌មានសម្ងាត់ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ
· ថ្ងៃទី ៩មិថុនា Edward Snowdenដែលធ្លាប់ធ្វើការជាជំនួយការព័ត៌មានវិទ្យាឲ្យCIA បានចេញមុខអះអាងថា គេជាបញ្ចេញឯកសារសម្ងាត់អាមេរិក។
· តាំងពីថ្ងៃចន្ទទី៣ មិថុនា តុលាការយោធាអាមេរិកបានបើកសវនាការកាត់ទោសអតីតនាយទាហានអាមេរិកម្នាក់ ដែលបានលួចបញ្ចេញឯកសារសម្ងាត់របស់យោធាអាមេរិកទៅឲ្យវិបសៃត៍ Wikileak
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ