ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​ទៅ​កូរ៉េ​ខាង​ត្បូង ដើម្បី​ជជែក​រឿង​លិច​នាវា​ចម្បាំង

សំឡេង ០៥:២៦
លោក​រ៉ូបឺត ហ្កេតស៍ (Robert Gates) និងលោកស្រី​ហ៊ីឡារី គ្លីនតុន (Hillary Clinton)
លោក​រ៉ូបឺត ហ្កេតស៍ (Robert Gates) និងលោកស្រី​ហ៊ីឡារី គ្លីនតុន (Hillary Clinton) ©Reuters

លោក​រ៉ូបឺត ហ្កេតស៍ (Robert Gates) រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ ផ្លូវការ ទីក្រុង​សេអ៊ូល ដើម្បី​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ជុំវិញ​ការ​លិចនាវា​ចម្បាំង ដែល​គេ​សង្ស័យថា ជា​ទង្វើ​របស់​កូរ៉េ​ខាង​ជើង។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ចនេះ គេ​រំពឹង​ថា កូរ៉េ​ខាង​ត្បូង និង​អាមេរិក នឹង​ប្រកាស​ជាផ្លូវការ​អំពី​ការ​ធ្វើ​សមយុទ្ធ​​​ដែនសមុទ្រ​រួមគ្នា ដើម្បី​កំញើញ​កូរ៉េ​ខាង​ជើង។

ផ្សាយពាណិជ្ជកម្ម

លោក​រ៉ូបឺត ហ្កេតស៍ ទៅដល់​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅថ្ងៃ​ចន្ទ។ នៅថ្ងៃ​អង្គារ​ស្អែក លោក​នឹង​​ធ្វើដំណើរ​ទៅ​សួរសុខទុក្ខ​ទាហាន​អាមេរិក​ទាំង​ ២៨ ០០០​នាក់ ដែល​កំពុង​ឈរជើង​នៅ​កូរ៉េ​ខាង​ត្បូង។ នៅថ្ងៃ​ពុធ លោកស្រី​ហ៊ីឡារី គ្លីនតុន (Hillary Clinton) នឹង​ទៅ​ចូលរួម​ជាមួយ​លោក​ហ្កេតស៍ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ត្បូង​នេះ។

ដំណើរទស្សនកិច្ច​រដ្ឋមន្រ្តី​ការពារជាតិ និង​ក្រសួង​ការបរទេស ក្នុង​ពេល​តែ​មួយ​បែបនេះ គឺ​ជា​រឿង​ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន​ទេ ក្នុង​ទំនាក់ទំនង​អាមេរិក-កូរ៉េ​ខាង​ត្បូង។ ​ដំណើរ​ទស្សនកិច្ច​នេះ ធ្វើ​ឡើង​​ក្នុង​គោលដៅ​ស្វែង​រក​វិធានការ​រួម ដើម្បី​ឆ្លើយ​តប​នឹង​កូរ៉េ​ខាង​ជើង ដែល​គេ​ចោទ​ថា​ជា​អ្នក​បាញ់​ពន្លិច​នាវាចម្បាំង​កូរ៉េ​ខាង​ត្បូង។ អាមេរិក និង​កូរ៉េ​ខាង​ត្បូង ក៏​នឹង​ជជែក​គ្នា​ផង​ដែរ ដើម្បី​រកវិធី​បង្ការ​កុំឲ្យ​​កូរ៉េ​ខាង​ជើង​​ធ្វើ​ការ​វាយប្រហារ​លើ​កូរ៉េ​ខាង​ត្បូង​ជា​ថ្មី​ទៀត។

យោង​តាម​មន្រ្តី​រដ្ឋាភិបាល​​អាមេរិក នៅថ្ងៃ​ពុធ នៅពេល​ដែល​លោក​ហ្កេតស៍ និង​លោកស្រី​គ្លីនតុន​ជួប​ជាមួយ​សមភាគី​កូរ៉េ​ខាង​ត្បូង គេ​នឹង​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​ធ្វើ​សមយុទ្ធ​រួមគ្នា នៅ​សមុទ្រ​លឿង (ឆ្នេរ​ប៉ែកខាងលិច​ប្រទេស​កូរ៉េ​ខាង​ត្បូង) ​រវាង​កងទ័ព​ជើង​ទឹក​អាមេរិក និង​កងទ័ព​ជើង​ទឹក​កូរ៉េ​ខាង​ត្បូង។ សមយុទ្ធនេះ ផ្តោត​ជា​សំខាន់​លើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​នាវា​មុជទឹក ពីព្រោះគេ​សង្ស័យថា នាវាចម្បាំង​កូរ៉េ​ខាង​ត្បូង​ត្រូវ​លិច​ដោយ​នាវាមុជទឹក​កូរ៉េ​ខាង​ជើង​ជា​អ្នក​បាញ់។

ការ​ប្រកាស​ធ្វើ​សមយុទ្ធនេះ​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ចិន​ផ្ទុះកំហឹង​ជាមិនខាន។ ចិន​ជំទាស់ ដោយ​លើក​ឡើង​ថា សមយុទ្ធនេះ​ធ្វើ​ឡើង​នៅក្បែរ​ដែនសមុទ្រ​របស់​ចិន។ ក៏ប៉ុន្តែ មន្រ្តី​អាមេរិក​បានលើក​ឡើង​ថា ការធ្វើ​សមយុទ្ធ​នៅ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ គឺ​ជា​រឿង​ធម្មតា ដែល​គេ​តែងតែ​ធ្វើ​ជា​ទម្លាប់ មិនមាន​អ្វី​ដែល​គួរ​ឲ្យ​ចម្លែក​នោះទេ។ ម្យ៉ាងវិញ​ទៀត សមយុទ្ធនេះ​​រៀបចំ​ធ្វើ​ឡើង គឺ​ចង់​សំដៅ​លើ​កូរ៉េ​ខាង​ជើង មិនមែន​សំដៅ​លើ​ចិន​នោះទេ។

គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​នេះ ចិន​បាន​កាត់ផ្តាច់​ទំនាក់ទំនង​ផ្នែក​យោធា​ជាមួយ​អាមេរិក ក្រោយ​ពី​អាមេរិក​សម្រេច​លក់​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​តៃវ៉ាន់។ ចិន​ថែមទាំង​បាន​បដិសេធ​សំណើ​សុំ​ធ្វើ​ទស្សនកិច្ច​​របស់​លោក​រ៉ូបឺត ហ្កេតស៍ ទៀតផង។ ប្រសិន​បើ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង ធ្វើ​សមយុទ្ធ​នៅ​ក្នុង​សមុទ្រ​លឿង ជិត​ដែន​សមុទ្រ​ចិន​មែន​នោះ ចង់មិនចង់ ចិន​ប្រាកដ​ជា​បកស្រាយ​ថា ជា​ការ​បង្ហាញ​សាច់​ដុំ​ដាក់​កូរ៉េ​ខាង​ជើង​ផង និង​ដាក់​ចិនផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI