អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​ថវិកា​អាមេរិក ៖ ចិន​ចង់​ប្រែ​ចិត្ត​ពី​ប្រាក់​ដុល្លារ ?

សំឡេង ០៤:០១
វិបត្តិ​ថវិកា​ដែល​អង្រួន​អ្នក​នយោបាយ​អាមេរិក​កំពុង​ធ្វើ​ឱ្យ​ដុល្លារ​មាន​អនាគត​មិន​នឹង​នរ
វិបត្តិ​ថវិកា​ដែល​អង្រួន​អ្នក​នយោបាយ​អាមេរិក​កំពុង​ធ្វើ​ឱ្យ​ដុល្លារ​មាន​អនាគត​មិន​នឹង​នរ Flickr/401 (K) 2012
ដោយ៖ អៀង សុខម៉ិញ
២៤ នាទី

ឧទ្យានជាតិ មណ្ឌល​ទេសចរណ៍​ធំៗ ជា​ច្រើនកន្លែង នៅ​ញូវយ៉ក​ ​ដែល​បិទ​ តាំ​ងពី​ដើម​ខែ​តុលា​មក បាន​ចាប់​ផ្តើម​បើក​ទ្វារ​ទទួល​ភ្ញៀវ​ទេសចរ​វិញ​ ពី​​​ថ្ងៃ​នេះ​ ដល់​ថ្ងៃ​ទី​១៧​តុលា បន្ទាប់​ពី​មាន​ការ​ព្រមព្រៀង​ ជា​ភាតរៈ​​រវាង​រដ្ឋ​និង​រដ្ឋ ដើម្បី​ ផ្តល់ហិរញ្ញវត្ថុ​​​បណ្តោះ​អាសន្ន ដល់​តំបន់​ទេសចរណ៍​សំខាន់​របស់​អាមេរិក។ សភា និង​ព្រឹទ្ធ​សភា បាន​បើក​សម័យ​ប្រជុំ​របស់​ខ្លួន ប៉ុន្តែ​គ្មានទេ​កិច្ច​ព្រម​ព្រៀង​ រវាង​គណបក្ស​សាធារណរដ្ឋ​ និង​រដ្ឋាភិបាល​ ព្រោះ​សម្រាប់​លោក​ អូបាម៉ា ការ​បង្កើន​កម្រិត​ប្រាក់​បំណុល​មួយ​រយៈ​ខ្លីមិន​មែន​ជា​ដំណោះស្រាយ​ប្រពៃទេ។ នៅ​យប់មិញ​​លោកប្រធានាធិបតី​អាមេរិក​ បារ៉ាក់​ ​អូបាម៉ា​ និង​តំណាង​ដៃគូ​ពិភាក្សា​បក្ស​សាធារណរដ្ឋ​ បាន​ត្រឹម​តែ​ចាប់​ផ្តើម​និយា​យ​ចូល​គ្នា​វិញ ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​អន្តរជាតិ

 
វិបត្តិ​ជាប់​គាំង​ផ្នែក​ថវិកា និង​ភាព​មិន​ជាក់លាក់​របស់​អាមេរិក​នេះ ស្ថិត​នៅ​លើ​បបូរ​មាត់​​អ្នក​ដឹកនាំ​សេដ្ឋកិច្ច​ពិភពលោក ដែល​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​សប្តាហ៍​នេះ នៅ​ទីក្រុង​វ៉ាស៊ីនតោន នា​ឱកាស​មហាសន្និបាទ​​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក។ ក្រុម​ប្រទេស​ហ្សេ២០ បាន​អំពាវនាវ​ឱ្យ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​មួយ​នៅ​ពិភពលោក​ អាមេរិក​នេះ បញ្ចេញ​សកម្មភាព ជា​បន្ទាន់​ វិបត្តិថវិកា​ជាតិ​ ព្រោះ​វា​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ជ្រួល​ច្របល់​។ ព្រោះ​ថា​អាមេរិក​មាន​តួនាទីស្នូល​​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​ ដូច្នេះ​មិន​ត្រូវ​យក​ភាព​ល្បី​ល្បាញ​នេះ​មក​ធ្វើ​ចំណាប់​ថ្នូរ​សម្រាប់​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ឡើយ។

ចំណែក​ខាង​ចិន​វិញ តាម​រយៈ​សារព័ត៌មាន​ China Daily​ ដែល​ជា​​​​ការ​ពាំ​ពាក្យ​របស់​ប្រមុខ​ដឹកនាំ​ផង បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ប្រើ​ពាក្យ​លេប​ខាយ​​ថា “ឈប់​ធ្វើ​ឱ្យ​​នាវាលិច”។ ​សារព័ត៌មាន​សេដ្ឋកិច្ច​បារាំង និយាយ​ចំៗ​ជាង នៅ​ព្រឹ​ក​ម្សិលមិញ អាមេរិក​ជា​រដ្ឋ​មហាគ្រោះ​ថា្នក់​របស់​ពិភពលោក។ ជា​រួម​ អ្នក​សារព័ត៌មន​នៅ​លើ​លោក យល់​ស្រប​គ្នា​ជា​ឯកច្ឆ័ន្ទ​​លើ​កង្វះ​ភាព​ទទួល​ខុស​ត្រូវ​របស់​អ្នក​នយោបាយ​អាមេរិក។ ហើយ​ឥទ្ធិពលអាក្រក់​នៃ​វិបត្តិ​នយោបាយ​អាមេរិក​ត្រូវ​ជះ​សាយភាយ​ដល់​សេដ្ឋកិច្ច​ពិភពលោក ! នេះ​បើ​តាម​ការ​បរិហារ​របស់​លោកស្រី​អគ្គនាយិកា​​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ

 

សេដ្ឋកិច្ច​ និង​លុយ​បំណុល ចិន

ចិន​មិន​មែន​ត្រឹម​ព្រួយ​អំពី​ឥទ្ធិពល​អាក្រក់​របស់​វិបត្តិ​ថវិកា​អាមេរិក​មក​លើ​សេដ្ឋកិច្ច​មួយ​ប៉ុណ្ណោះ​ទេ តែ​ចិន​ក៏​ភ័យ​ខ្លាំង​ដែរ​ចំពោះ​ទឹក​ប្រាក់​ដ៏​សន្ធឹក​សន្ធាប់​របស់​ចិន​ជា​ប្រាក់​ដុល្លារ។ ដូច​រចនា​បាន​ដឹង​ស្រាប់​ហើយ​ថា ចិន​ជា​ប្រទេស​ម្ចាស់​បំណុល​​របស់​អាមេរិក​ទីមួយ​ នាំ​មុខ​ជប៉ុន​ទៅទៀត។ ដូច្នេះ​ប្រសិន​បើ​អាមេរិក​ធ្លាក់​ដល់​ថ្នាក់​អត់​លុយ ឬ​ក្ស័យធន​បើ​ប្រើ​ពាក្យ​បច្ចេកទេស​មែននោះ នោះនឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​​តម្លៃ​នៃ​​ជា​ប្រាក់​បំណុល​ជា​ដុល្លាររបស់​ ចិន​ដែល​មានទំហំ​ដល់​ទោ​ប្រមាណ ១៣០០​ពាន់​លានដុល្លារ។

តាម​ការពិត​ មួយ​ភាគ​បី​នៃ​ប្រាក់​បំណុល​សាធារណៈ​របស់​អាមេរិក មិន​មែន​ស្ថិត​ក្នុង​ដៃ​ជន​អាមេរិក​ទេ។ ស្ទើរ​គ្រប់​ប្រទេស​​នៅ​លើ​ពិភពលោក តិច​ឬ​ច្រើន​​ ​ មានលុយ​ឱ្យ​ រដ្ឋ​ឬ​ឯកជន អាមេរិក​ខ្ចី ដោយ​​គិត​ថា​មាន​សុវត្ថិភាព​ជាង​គេ​។ ពិភពលោក​ទាំង​មូល​សុខ​ចិត្ត​ឱ្យ​អាមេរិក​ខ្ចី​លុយ ព្រោះ​អាមេរិក​ជា​មហាអំណាច​សេដ្ឋកិច្ច​ និងយោធា​ទី​មួយ​ នៅ​លើ​លោក និងក៏​ព្រោះ​តែ​ប្រាក់​ដុល្លារ​ ជា​រូបិយបណ្ណ​គោល​មិន​អាច​ខ្វះ​បាន។ ប៉ុន្តែ​ពេល​នេះ​ វិបត្តិ​ថវិកា​ដែល​កំពុង​អង្រន់​ថ្នាក់​ដឹកនាំ​នយោបាយ​អាមេរិក កំពុង​តែ​ធ្វើ​ឱ្យ​ស្តេច​​ដុល្លារ​បាត់​លំនឹង។​

ឥទ្ធិពល​នៃ​​ប្រាក់​ដុល្លារ

ម្សិល​ម្ង៉ៃ ធនាគារ​កណ្តាល​អឺរ៉ុប និង​ធនាគារ​កណ្តាល​ចិន បាន​ចុះ​កិច្ច​ព្រមព្រៀងមួយ​ បើក​ផ្លូវ​ឱ្យ​​ការ​ខ្ចី​ប្រាក់​ជា​អឺរ៉ូ​​ សម្រាប់​ចិន និង​ យ័ន​ សម្រាប់​អឺរ៉ុប នេះ​ជា​សារ​ព្រមាន​អាមេរិក​យ៉ាង​ចាស់​ដៃ ! ពេល​នេះ​ ចិន​និង​អឺរ៉ុប​ អាច​ខ្ចី​លុយ​គ្នា​ ប្រមាណ​៤៥​លាន​អឺរ៉ូ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ ដោយ​មិន​បាច់​កាត់​កង​ឆ្លង​តាម​ប្រាក់​ដុល្លារ​ ហើយកិច្ច​ព្រមព្រៀង​នេះ​​នឹង​អាច​ពង្រីក​បន្ថែម​មានទំហំ​ធំ​ជាង​នេះ​ខ្លាំង​ នាពេល​អនាគត។ ម្យ៉ាង​វិញទៀត ប្រទេស​ផ្សេង​ទៀត ដែលធ្លាប់​ប្រើ​ដុល្លារជា​គោល​ក្នុង​ផ្តោះ​ប្តូរ​អន្តរជាតិ មានជាអាទិ៍​ឥណ្ឌា បាន​​ចាប់​ផ្តើម​ដោះដូរ​បំណុល​នៅ​លើ​ទីផ្សារ​ជា​លើកដំបូង​ជា​ប្រាក់​រូពី តាំង​ពី​ដើម​រដូវ​ក្តៅមក។ រូពី​មិន​អាច​នៅ​ផ្តួល​ប្រាក់​ដុល្លារ​បាន​មែន ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​អាច​កាត់​បន្ថយ​ការ​រំពឹង​ទាំង​ស្រុង​តែ​លើ​ប្រាក់​ដុល្លារ​បាន​ច្រើន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ