លោក​អូបាម៉ា​ទទួលជួប​លោកស្រី​អ៊ុង សានស៊ូជី និង​ដក​ទណ្ឌកម្ម​ពី​មេដឹកនាំ​ភូមា

លោកស្រី​អ៊ុង សានស៊ូជី ដែល​កំពុង​បំពេញ​ទស្សនកិច្ច នៅ​សហរដ្ឋ​អាមេរិក ត្រូវបាន​លោក​ប្រធានាធិបតី​អូបាម៉ា​ ទទួលជួបស្វាគមន៍​នៅ​សេតវិមាន កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ ក្រោយ​ពី​លោកស្រី​បាន​ទទួល​មេដាយមាស​ពី​សភាអាមេរិក។ រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​ក៏​បាន​ប្រកាស​ផងដែរ​ អំពី​ការ​ដកទណ្ឌកម្ម​ចេញ​ពី​ប្រមុខដឹកនាំ​ភូមា។

លោកស្រី​អ៊ុង សានស៊ូជី ពេល​ជួប​ជាមួយ​លោក​អូបាម៉ា នៅ​សេតវិមាន ថ្ងៃទី១៩ កញ្ញា ២០១២
លោកស្រី​អ៊ុង សានស៊ូជី ពេល​ជួប​ជាមួយ​លោក​អូបាម៉ា នៅ​សេតវិមាន ថ្ងៃទី១៩ កញ្ញា ២០១២ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ម្សិលមិញ​នេះ សហរដ្ឋ​អាមេរិក ទាំង​សភា និង​ទាំង​រដ្ឋាភិបាល បាន​រៀបចំ​ទទួល​ស្វាគមន៍ លោកស្រី​អ៊ុង សានស៊ូជី ដោយ​ផ្តល់​នូវ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត។ បន្ទាប់​ពី​បាន​ទទួល​មេដាយមាស​ពី​សភាអាមេរិក នៅ​វិមាន​កាពីតូល លោកស្រី​​ប្រមុខដឹកនាំ​បក្ស​ប្រឆាំង​ភូមា និង​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព ត្រូវ​បាន​លោក​​ប្រធានាធិបតី​អូបាម៉ា​ទទួល​ជួប​នៅ​​ក្នុង​សេតវិមាន។

យោងតាម​មន្រ្តី​សេតវិមាន នៅ​ក្នុង​ជំនួបជាមួយ​លោកស្រី​អ៊ុង សានស៊ូជី កាល​ពី​ម្សិលមិញ​នេះ លោក​អូបាម៉ា​បាន​បញ្ជាក់​ពី​ជំហរ​របស់​អាមេរិក ដែល​គាំទ្រ​ការ​ធ្វើ​កំណែទម្រង់​នយោបាយ និង​សេដ្ឋកិច្ច​ ព្រមទាំង​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ពេញលេញ​​នៅ​ភូមា។

ស្រប​​​ពេល​នឹង​ការ​ទទួល​ស្វាគមន៍​ប្រមុខបក្ស​ប្រឆាំង​ភូមា​យ៉ាង​អឹកអធិក​នេះ រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​​​ក៏​មិន​ភ្លេច​លើក​សរសើរ​ផងដែរ ដល់​ប្រមុខដឹកនាំ​រដ្ឋាភិបាល​ភូមា ដែល​បាន​ធ្វើ​កំណែទម្រង់​នយោបាយ​ជាច្រើន​នាពេល​កន្លងមក។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​​បាន​ប្រកាស​ឲ្យដឹង​ថា អាមេរិក​បាន​សម្រេច​ដក​ទណ្ឌកម្ម​​ចេញ​ពី​​ប្រមុខដឹកនាំ​ភូមា​ចំនួន ២រូប គឺ​រួមមាន លោក​ប្រធានាធិបតី ថេន សេន (Thein Sein) និង​ប្រធាន​រដ្ឋសភា លោក ធូរ៉ា ស្វេម៉ាន់ (Thura Shwe Mann)។ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​បញ្ជាក់ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន​ថា ប្រមុខដឹកនាំ​ភូមា​ទាំងពីរ​រូប​បាន​ចាត់វិធានការ​សំខាន់ៗ​ជាច្រើន ក្នុងការ​ធ្វើ​កំណែទម្រង់​ផ្នែក​នយោបាយ និង​សិទ្ធិមនុស្ស ហើយ​​​បង្វែរ​ទិសរបបដឹកនាំ​ភូមា ពីការកាន់​អំណាច​ផ្តាច់ការ ឆ្ពោះទៅ​រក​ប្រជាធិបតេយ្យ និង​សេរីភាព។

គួរបញ្ជាក់ថា នៅ​ចុងខែ​នេះ លោកប្រធានាធិបតី ថេន សេន ក៏​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​ដែរ ដើម្បី​ទៅចូលរួម​មហាសន្និបាត​អ.ស.ប. នៅ​ទីក្រុង​ញូវយ៉ក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI