មេចារកិច្ចអាមេរិកថាការលួចស្តាប់មេដឹកនាំបរទេសជារឿងធម្មតាដែលគេធ្លាប់ធ្វើតាំងពីយូរមកហើយ
កាលពីថ្ងៃអង្គារម្សិលមិញ នាយកផ្នែកចារកិច្ចអាមេរិកបានថ្លែងថា ការលួចស្តាប់ការសន្ទនារបស់មេដឹកនាំបរទេស គឺជាសកម្មភាពធម្មតា ដែលទីភ្នាក់ងារចារកិច្ចអាមេរិកតែងតែធ្វើតាំងពីយូរណាស់មកហើយ ហើយថា ប្រទេសជាសម្ព័ន្ធមិត្តអាមេរិកក៏លួចយកការណ៍សម្ងាត់ពីអាមេរិកដូចគ្នាដែរ។ នាយកទីភ្នាក់ងារចារកិច្ច NSA វិញ បានអះអាងថា ព័ត៌មានចុះផ្សាយដោយសារព័ត៌មានអឺរ៉ុប ពីការលួចស្តាប់ទូរស័ព្ទពលរដ្ឋអឺរ៉ុប ដោយទីភ្នាក់ងារចារកិច្ចអាមេរិក គឺជារឿងមិនពិត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងការចោទសួរដេញដោល ពីសំណាក់គណៈកម្មការទទួលបន្ទុកផ្នែកចារកិច្ចនៃរដ្ឋសភាអាមេរិក កាលពីម្សិលមិញ លោក James Clapper នាយកផ្នែកចារកិច្ច (Director of National Intelligence) ដែលគ្រប់គ្រងទីភ្នាក់ងារចារកិច្ចទាំង១៦របស់អាមេរិក ក្នុងនោះរួមមានទាំង CIA និង NSA ផង បានថ្លែងថា ការព្យាយាមស្វែងយល់អំពីចេតនា និងនយោបាយរបស់មេដឹកនាំបរទេស គឺជាសកម្មភាពធម្មតា ដែលទីភ្នាក់ងារចារកិច្ចអាមេរិក តែងតែធ្វើតាំងពីយូរណាស់មកហើយ ហើយថា ការលួចស្តាប់ការសន្ទនា គឺជាមធ្យោបាយល្អបំផុត ដើម្បីស្វែងយល់ពីរឿងនេះ។
លោក James Clapper ក៏បានប្រាប់គណៈកម្មការសភាផងដែរថា ប្រទេសដែលជាសម្ព័ន្ធមិត្តអាមេរិកក៏តែងតែលួចយកការណ៍សម្ងាត់ពីអាមេរិកដូចគ្នាដែរ។
គួរបញ្ជាក់ថា ការណ៍ដែលគណៈកម្មការសភាអាមេរិកហៅមេចារកិច្ចអាមេរិកមកសួរដេញដោល នៅពេលនេះ គឺដោយសារតែមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់នៅអឺរុបថា អាមេរិកលួចស្តាប់ទូរស័ព្ទរបស់លោកស្រីអង់ហ្គេឡា មែរកិល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ព្រមទាំងមេដឹកនាំបរទេសជាង ៣០រូបផ្សេងទៀត។ តាមការចុះផ្សាយរបស់សារព័ត៌មានអឺរ៉ុប ទីភ្នាក់ងារចារកិច្ចអាមេរិកក៏បានលួចស្តាប់សំឡេង ឬលួចអានសារឯកជនរបស់ពលរដ្ឋអឺរ៉ុបផងដែរ។ ព័ត៌មានស្តីពីសកម្មភាពចារកិច្ចនេះបានធ្វើឲ្យបណ្តាប្រទេសនៅអឺរ៉ុប ជាពិសេស បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ បញ្ចេញប្រតិកម្មដោយកំហឹង ហើយព្រមទាំងបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកមកសួរនាំទៀតផង។
ក៏ប៉ុន្តែ នៅចំពោះមុខគណៈកម្មការសភា លោក Keith Alexander នាយកទីភ្នាក់ងារ NSA បានអះអាងថា អ្វីដែលបានចុះផ្សាយ ដោយសារព័ត៌មានអឺរ៉ុប គឺជាព័ត៌មានមិនពិត។ លោកបានលើកឡើងថា ទាំងអ្នកកាសែត និងទាំង Edward Snowden ដែលជាអ្នកលួចយកឯកសារសម្ងាត់ពី NSA មិនបានយល់ស៊ីជម្រៅពីឯកសារដែលពួកគេមានក្នុងដៃនោះទេ។ តាមពិត អ្វីដែលគេបានឃើញ និងយកមកចុះផ្សាយ មិនមែនជាទិន្នន័យដែល NSA ជាអ្នកប្រមូលមកនោះទេ គឺទីភ្នាក់ងារចារកិច្ចនៃបណ្តាប្រទេសអឺរ៉ុបខ្លួនឯង ដែលជាអ្នកប្រមែរប្រមូលបាន រួចហើយចែកចាយព័ត៌មាននេះមកឲ្យ NSA។
កាលពីថ្ងៃអង្គារម្សិលមិញនេះដែរ កាសែត The Wall Street Journal បានចុះផ្សាយថា ទីភ្នាក់ងារចារកិច្ចបារាំង និងអេស្ប៉ាញ បានធ្វើសកម្មភាពចារកិច្ចអេឡិចត្រូនិក (មានន័យថា ការលួចស្តាប់ទូរស័ព្ទ ឬលួចអានសារ) រួចហើយ យកព័ត៌មានដែលពួកគេប្រមូលបាន ចែកចាយបន្តទៅឲ្យទីភ្នាក់ងារ NSA។
ប្រសិនបើនេះគឺជារឿងពិត វាគឺជាក្តីអាម៉ាស់មួយ សម្រាប់រដ្ឋាភិបាលនៃប្រទេសមួយចំនួន នៅអឺរ៉ុប ដែលប៉ុន្មានថ្ងៃកន្លងទៅនេះ បានបញ្ចេញប្រតិកម្មដោយកំហឹងទៅលើអាមេរិក ដោយចាត់ទុកការលួចស្តាប់ទូរស័ព្ទរបស់ពលរដ្ឋអឺរ៉ុបថាជាការរំលោភលើសិទ្ធិ និងជីវិតឯកជនរបស់បុគ្គល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ