អាមេរិកដកបម្រាមដែលដាក់លើនាវាចម្បាំងរបស់នូវែលសេឡង់
នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសនូវែលសេឡង់ នៅថ្ងៃសុក្រនេះ លោក Leon Panetta រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបានប្រកាសឲ្យដឹងថា អាមេរិកបានសម្រេចដកចេញវិញហើយ បម្រាមមិនឲ្យនាវាចម្បាំងនូវែលសេឡង់ចូលចតនៅកំពង់ផែរបស់អាមេរិក។ សេចក្តីសម្រេចនេះគឺជាការចាប់បើកសករាជថ្មីមួយទៀត នៅក្នុងទំនាក់ទំនង អាមេរិក-នូវែលសេឡង់ នៅក្នុងពេលដែលរដ្ឋាភិបាលរបស់លោកអូបាម៉ា កំពុងព្យាយាមបង្កើនឥទ្ធិពលនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក។
ចុះផ្សាយនៅថ្ងៃ៖
បម្រាមលើនាវាចម្បាំងនូវែលសេឡង់ត្រូវបានអាមេរិកដាក់តាំងពីឆ្នាំ១៩៨៦ម៉្លេះ។ មូលហេតុ គឺដោយសារតែនូវែលសេឡង់ប្រកាន់យកនូវនយោបាយប្រឆាំងនុយក្លេអ៊ែរ។
តាមការពិត អាមេរិក និងនូវែលសេឡង់ធ្លាប់បានចុះសន្ធិសញ្ញាបង្កើតសម្ព័ន្ធភាពយោធាជាមួយគ្នា តាំងពីឆ្នាំ១៩៥១ គឺសន្ធិសញ្ញាត្រីភាគីអាមេរិក-អូស្រ្តាលី-នូវែលសេឡង់។ ក៏ប៉ុន្តែ វិវាទរវាងអាមេរិក និងនូវែលសេឡង់បានកើតមានឡើង នៅឆ្នាំ១៩៨៤ នៅពេលដែលរដ្ឋាភិបាលនូវែលសេឡង់ ដែលប្រកាន់យកនយោបាយប្រឆាំងនុយក្លេអ៊ែរ បានចេញបម្រាមមិនឲ្យនាវាចម្បាំងអាមេរិក (ទោះជានាវាផ្ទុកអាវុធនុយក្លេអ៊ែរក៏ដោយ ឬជានាវាដែលមានម៉ាស៊ីនដើរដោយឋាមពលនុយក្លេអ៊ែរក៏ដោយ) ចូលចតនៅតាមកំពង់ផែរបស់នូវែលសេឡង់។ អាមេរិកក៏បានចាត់វិធានការតបមកវិញ ដោយហាមមិនឲ្យនាវាចម្បាំងនូវែលសេឡង់ទាំងអស់ចូលចតនៅកំពង់ផែរបស់អាមេរិក ទាំងកំពង់ផែ នៅលើទឹកដីអាមេរិក និងទាំងកំពង់ផែអាមេរិក នៅបរទេស។ សន្ធិសញ្ញាសម្ព័ន្ធភាពយោធាជាមួយនូវែលសេឡង់ក៏ត្រូវបានព្យួរ ហើយក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅនេះ គេមិនដែលឃើញមានរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិករូបណា ទៅបំពេញទស្សនកិច្ចនៅប្រទេសនូវែលសេឡង់នោះទេ ក្រៅពីទស្សនកិច្ចរបស់លោក Leon Panetta នៅពេលនេះ។
នៅក្នុងដំណើរទស្សនកិច្ចជាលើកទីមួយនៅនូវែលសេឡង់នេះ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកក៏បានប្រកាសដកបម្រាមលើនាវាចម្បាំងនូវែលសេឡង់ចេញវិញ បើទោះជារដ្ឋាភិបាលនូវែលសេឡង់អះអាងថា ខ្លួននៅតែប្រកាន់យកនយោបាយប្រឆាំងនុយក្លេអ៊ែរដូចមុនក៏ដោយ។ នេះមានន័យថា នាវាចម្បាំងអាមេរិក ដែលមានផ្ទុកអាវុធនុយក្លេអ៊ែរ ឬដើរដោយថាមពលនុយក្លេអ៊ែរ នៅតែមិនអាចចូលចតនៅតាមកំពង់ផែរបស់នូវែលសេឡង់ដដែល ប៉ុន្តែ អាមេរិកនឹងអនុញ្ញាតឲ្យនាវាចម្បាំងនូវែលសេឡង់ចូលចតនៅតាមកំពង់ផែរបស់អាមេរិក។
ការផ្លាស់ប្តូរជំហររបស់អាមេរិក ចំពោះនូវែលសេឡង់នៅពេលនេះ វាក៏មិនមែនជារឿងអ្វីចម្លែកនោះដែរ។ វាគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់លោកអូបាម៉ា ដែលចង់បង្កើនឥទ្ធិពលទាំងខាងផ្នែកនយោបាយ ការទូត និងយោធា នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ