អានតួអត្ថបទ
អាមេរិក

អាមេរិក​ទំនង​ជា​ចៀស​ផុត​ពី​ការ​ក្ស័យធន តែ​កេរ្តិ៍ឈ្មោះ​បាន​ខូចខាត​រួច​ទៅហើយ

លោក​អូបាម៉ា​នៅ​សេតវិមាន ក្រោយ​ពី​ប្រកាស​អំពី​ការព្រមព្រៀង​ជាមួយ​មេដឹកនាំ​សភា
លោក​អូបាម៉ា​នៅ​សេតវិមាន ក្រោយ​ពី​ប្រកាស​អំពី​ការព្រមព្រៀង​ជាមួយ​មេដឹកនាំ​សភា REUTERS/Jonathan Ernst
ដោយ៖ សេង ឌីណា
២៨ នាទី

កាលពីល្ងាច​ថ្ងៃ​អាទិត្យ ១ សីហា ២០១១​នេះ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ ​អូបាម៉ា​បាន​ប្រកាស​ថា​ មេដឹកនាំ​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​បាន​ព្រមព្រៀង​​គ្នា​លើ​សេចក្តី​ព្រាងច្បាប់ អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ខ្ចី​បំណុល​បន្ថែម។ អាមេរិក​ទំនង​ជា​នឹង​អាច​ចៀសផុត​ពី​ការ​ក្ស័យធន ក៏ប៉ុន្តែ កេរ្តិ៍ឈ្មោះ​របស់​រដ្ឋាភិបាល​អាមេរិក​ បាន​ទទួលរង​ការខូចខាត​រួចទៅហើយ។

ផ្សាយពាណិជ្ជកម្ម

ពីរថ្ងៃ​មុន​ពេល​កំណត់ ដែល​អាមេរិក​ត្រូវ​អស់​លុយ​ពី​ក្នុង​កេស ប្រមុខរដ្ឋាភិបាល និង​សភា​បាន​ព្រមព្រៀង​គ្នា ក្នុង​ការ​ខ្ចី​បំណុល​បន្ថែម ដើម្បី​​ទប់ទល់​ការ​ចំណាយ​រហូតដល់​ឆ្នាំ​២០១៣។ ជាថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​ខ្ចី​បំណុល​បន្ថែម​នេះ រដ្ឋាភិបាល​ត្រូវ​កាត់បន្ថយ​ការ​ចំណាយ​រហូតដល់​ទៅ ២ ៤០០​ពាន់លាន​ដុល្លារ ក្នុង​រយៈពេល ១០​ឆ្នាំ ដោយ​មិន​មាន​ការ​ដំឡើង​ពន្ធ។ ផែនការនេះ​នឹង​ត្រូវ​ដាក់ជូន​រដ្ឋសភា និង​ព្រឹទ្ធសភា​អនុម័ត​ជាផ្លូវការ នៅថ្ងៃ​ចន្ទ។ ប្រសិន​បើ​​ផែនការ​នេះ​អាច​ត្រូវ​សភា​អនុម័ត អាមេរិក​នឹង​អាច​ចៀសផុត​ពី​ការ​ក្ស័យធន។

ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​លើ​បញ្ហា​ប្រាក់​បំណុលនេះ ទីផ្សារ​មូលបត្រ​នៅស្ទើរតែ​គ្រប់​ប្រទេស​បាន​ចាប់ផ្តើម​កើនឡើង​វិញ ហើយ​​តម្លៃ​ប្រេងឆៅ និង​លុយដុល្លារ​អាមេរិក​​ក៏​បាន​កើនឡើង​​វិញ​ដែរ។ ចិន និង​ជប៉ុន ដែល​ជា​ម្ចាស់​បំណុល​ដ៏ធំ​របស់​អាមេរិក​​ ទំនង​ជា​បាន​ធូរចិត្ត​ជាងគេ។ ការ​ធ្លាក់ថ្លៃ​នៃ​លុយដុល្លារ​ធៀប​នឹង​លុយ​យេន ក៏​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ធូរ​ចិត្ត​មិនតិច​ដែរ។

នៅ​អាមេរិក​វិញ សំណួរ​ក៏​បាន​ចោទឡើង​ដែរ​ថា អ្នកណា​ខាត អ្នកណា​ចំណេញ​ពី​បញ្ហា​ប្រាក់​បំណុលនេះ?

លោក​អូបាម៉ា និង​គណបក្ស​ប្រជាធិបតេយ្យ​​​បាន​រក្សា​ការពារ​មិន​ឲ្យ​មានការ​កាត់បន្ថយ​ថវិការ​ក្នុង​វិស័យ​សង្គមកិច្ច (​រួមមាន​ទាំង​ការធានារ៉ាប់រង​សុខភាព​ផងដែរ) ក៏ប៉ុន្តែ ត្រូវ​សុខចិត្ត​ទទួល​យការ​ផែនការ​កាត់បន្ថយ​ការ​ចំណាយ ដោយ​មិន​ដំឡើង​ពន្ធ។ ចំណែក​គណបក្ស​សាធារណរដ្ឋ​វិញ​ការពារ​មិន​ឲ្យ​មាន​ការ​ដំឡើង​ពន្ធ ក៏ប៉ុន្តែ ត្រូវ​សុខចិត្ត​ឲ្យ​មាន​ការ​កាត់បន្ថយ​ថវិកា​វិស័យ​ការពារជាតិ។

លោក​អូបាម៉ា​​ទំនង​ជា​បាន​ធូរចិត្ត ដោយ​អាច​ខ្ចីលុយ​ម​កបង្រ្គប់​ការ​ចំណាយ​រហូតដល់​ឆ្នាំ​២០១៣ ដោយ​បញ្ចៀស​មិន​ឲ្យ​បញ្ហា​ប្រាក់​បំណុល​នេះ​ កើតឡើង​ម្តងទៀត នៅ​ឆ្នាំ​ក្រោយ ដែល​ជា​ឆ្នាំ​បោះឆ្នោត។ ក៏ប៉ុន្តែ លោក​អូបាម៉ា​អាច​ប្រឈមមុខ​នឹង​ការរិះគន់​ពី​សំណាក់​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ថា គាត់​ជា​ប្រធានាធិបតី​ទន់ខ្សោយ ចាញ់​សម្លុត​គណបក្ស​សាធារណរដ្ឋ ហើយ​ធ្វើ​សម្បទាន​ច្រើន​ហួសហេតុ។

កាលពី​ដំបូង ការ​ស្ទាបស្ទង់​មតិ​បាន​បង្ហាញ​ថា ពលរដ្ឋ​អាមេរិក​ជាង ៧០%​ ទម្លាក់​ការទទួលខុសត្រូវ​លើ​ពួក​សាធារណរដ្ឋ​ថាជា​អ្នក​ធ្វើ​ឲ្យ​មាន​ភាព​ជាប់គាំង ក្នុង​បញ្ហា​ប្រាក់​បំណុល។ ក៏ប៉ុន្តែ នៅទីបំផុត គឺ​លោក​អូបាម៉ា​ទៅវិញ ដែល​ធ្វើ​សម្បទាន​ម្តងហើយ ម្តងទៀត ទៅតាម​ការទាមទារ​របស់​​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​ទៅវិញ។

ក៏ប៉ុន្តែ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ឆ្នាំ​២០១២​នេះ លោក​អូបាម៉ា​អាច​នឹង​លើក​យក​​ការធ្វើសម្បទាន​ក្នុង​បញ្ហា​ប្រាក់​បំណុល​​នេះ​មក​ធ្វើ​ជា​​ភស្តុតាង​បញ្ជាក់ថា លោក​ជា​អ្នកនយោបាយ ដែល​ផ្តល់​អាទិភាព​​ចំពោះ​ផលប្រយោជន៍​ជាតិ​ ជាង​គិត​តែ​ពី​ប្រយោជន៍​នយោបាយ​បក្ស ផ្ទុយ​ពី​គណបក្ស​សាធារណរដ្ឋ ដែល​យក​បញ្ហា​សេដ្ឋកិច្ច​ជាតិ​មក​ធ្វើ​ជា​ចំណាប់​ខ្មាំង ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​ខ្លួនឯង។

ទោះជាយ៉ាងណា នេះ​ជា​យុទ្ធសាស្រ្ត​ដែល​មាន​លក្ខណៈ​ប្រថុយប្រថាន​ខ្ពស់ ពីព្រោះ ការ​ធ្វើ​សម្បទាន​ច្រើន​ពេក​អាច​នឹង​ធ្វើ​ឲ្យ​ពួក​សាធារណរដ្ឋ និង​ ជា​ពិសេស​ ពួកស្តាំ​និយម​ជ្រុល (Tea Party) បានចិត្ត ហើយ​បង្ក​បញ្ហា​ផ្សេងទៀត។ សំណួរ​ចោទឡើង​ថា ពីពេលនេះ រហូតដល់​ពេល​បោះឆ្នោត (នៅ​សល់​ជាង​មួយឆ្នាំ​ទៀត) តើ​គណបក្ស​សាធារណរដ្ឋ​អាច​នឹង​បង្ក​បញ្ហា​អ្វី​ទៀត ដែល​រាំងស្ទះ​ដល់​ដំណើរការ​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា?

អ្នកដែល​ចាញ់​ធ្ងន់ជាងគេ ក្នុង​វិវាទ​ស្តីពី​ប្រាក់​បំណុល​នេះ គឺ​កេរ្តិ៍​ឈ្មោះ​រដ្ឋាភិបាល​អាមេរិក។ មានឈ្មោះ​ជា​មហាសេដ្ឋកិច្ច​ពិភពលោក​ ប៉ុន្តែ ហៀបតែ​នឹង​ក្ស័យធន ​ដែល​អាច​បង្ក​ជា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ ដោយសារ​តែ​ជម្លោះ​នយោបាយ​ផ្ទៃក្នុង។ អ្នក​នយោបាយ​អាមេរិក​ត្រូវ​ទទួលរង​នូវការ​រិះគន់​ថា ខ្វះការ​ទទួលខុសត្រូវ ដោយ​យក​ផលប្រយោជន៍​បក្ស​ជា​ធំ មិនគិត​ពី​ម្ចាស់បំណុល និង​មិន​ខ្វល់​ពី​ផលវិបាក ដែល​អាច​កើតមាន​ដល់​ប្រទេស​ដទៃ​ទៀត។

ឥរិយាបថ​របស់​សមាជិក​សភា​អាមេរិក​​នៅ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ប្រាក់​បំណុល​នៅពេលនេះ​ ក៏​អាច​ជា​​កត្តា​មួយ​ចម្បង​ដែរ ដែល​អាច​ជំរុញ​ឲ្យ​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​សម្រេច​ទម្លាក់​ចំណាត់​ថ្នាក់​របស់​អាមេរិក ទោះបី​ជា​មាន​ផែនការ​បញ្ចៀស​​ការក្ស័យធន​ហើយ​ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ