អាមេរិកលក់យន្តហោះចម្បាំងទៅឲ្យកាតាដែលកំពុងមានជម្លោះជាមួយអារ៉ាប៊ីសាអ៊ូឌីត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អស់រយៈពេលជាងមួយសប្តាហ៍មកហើយដែលជម្លោះដ៏ក្តៅគគុកបានផ្ទុះឡើង រវាងកាតា និងអារ៉ាប៊ីសាអ៊ូឌីតព្រមទាំងសម្ព័ន្ធមិត្ត។ នៅក្នុងជម្លោះនេះ គេសង្កេតឃើញលោកដូណាល់ត្រាំធ្លាប់បានបង្ហាញនូវជំហរគាំទ្រអារ៉ាប៊ីសាអ៊ូឌីត។ ក៏ប៉ុន្តែ ស្រាប់តែមកដល់ថ្ងៃពុធនេះ ក្រសួងការពារជាតិអាមេរិកហាក់ដូចជាបង្ហាញនូវជំហរផ្ទុយស្រឡះទៅវិញ ដោយបានប្រកាសចុះកិច្ចសន្យាលក់យន្តហោះចម្បាំងដ៏ទំនើបជាច្រើនគ្រឿង ព្រមទាំងបញ្ជូននាវាចម្បាំងឲ្យទៅធ្វើសមយុទ្ធរួមគ្នាជាមួយកាតា។
“កិច្ចសន្យាលក់យន្តហោះចម្បាំងក្នុងទឹកប្រាក់ ១២ពាន់លានដុល្លារទៅឲ្យកាតានៅពេលនេះ នឹងជួយឲ្យកាតាបង្កើននូវសមត្ថភាពកងទ័ព ព្រមទាំងអាចបង្កើននូវកិច្ចសហប្រតិបត្តិការខាងផ្នែកយោធា រវាងកាតា និងសហរដ្ឋអាមេរិក” នេះគឺជាការប្រកាសឲ្យដឹងរបស់ក្រសួងការពារជាតិអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយ កាលថ្ងៃពុធម្សិលមិញ។
ក្រសួងការពារជាតិអាមេរិកមិនបានលម្អិតពីកិច្ចសន្យានេះទេ ក៏ប៉ុន្តែ បើយោងតាមបណ្តាញផ្សព្វផ្សាយអាមេរិក យន្តហោះចម្បាំងដែលអាមេរិកលក់ទៅឲ្យកាតានេះ មានចំនួន ៣៦គ្រឿង ហើយជាប្រភេទយន្តហោះធុន F-15 ។
ក្នុងថ្ងៃតែមួយ ដែលអាមេរិកប្រកាសពីការលក់យន្តហោះចម្បាំងទៅឲ្យកាតា ក្រសួងការពារជាតិកាតាវិញក៏បានប្រកាសឲ្យដឹងផងដែរថា នាវាចម្បាំងពីរគ្រឿងរបស់អាមេរិកបានធ្វើដំណើរទៅដល់កាតា ដើម្បីបើកធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នា។
គួរបញ្ជាក់ថា កិច្ចសន្យាលក់យន្តហោះចម្បាំងអាមេរិកទៅឲ្យកាតាត្រូវបានភាគីទាំងពីរចរចាគ្នាតាំងពីជាងមួយឆ្នាំមកហើយ។ អាមេរិកក៏បានព្រមព្រៀងជាគោលការណ៍ក្នុងការលក់យន្តហោះចម្បាំងនេះតាំងពីឆ្នាំទៅមិញមកម៉្លេះ។ ផ្ទុយទៅវិញ គេមិនបានដឹងប្រាកដទេថា តើការធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នានៅពេលនេះ គឺជាផែនការដែលរៀបចំឡើងតាំងពីពេលណាមកនោះទេ។
ទោះជាយ៉ាងណា សេចក្តីប្រកាសពីកិច្ចសហប្រតិបត្តិការខាងផ្នែកយោធា រវាងអាមេរិក និងកាតានៅពេលនេះ ត្រូវបានធ្វើឡើង នៅចំពេលដែលកាតាកំពុងមានជម្លោះយ៉ាងក្តៅគគុកជាមួយអារ៉ាប៊ីសាអ៊ូឌីត ហើយនេះគឺជារឿងដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ដោយសារតែកាលពីប៉ុន្មានថ្ងៃមុននេះ លោកដូណាល់ត្រាំធ្លាប់បានធ្វើសេចក្តីថ្លែងការណ៍ខ្លះ ដែលមានអត្ថន័យគាំទ្រអារ៉ាប៊ីសាអ៊ូឌីត ក្នុងជម្លោះជាមួយកាតា។
ជំហររបស់ក្រសួងការពារជាតិអាមេរិក ដែលចង់ឲ្យមានការសម្រុះសម្រួលជាមួយកាតា គឺជារឿងដែលគេអាចយល់បាន ពីព្រោះថា អាមេរិកមានមូលដ្ឋានទ័ពដ៏ធំមួយ នៅក្នុងប្រទេសកាតា ហើយមូលដ្ឋានទ័ពនៅកាតានេះហើយដែលជាទីបញ្ជាការដ្ឋាននៃប្រតិបត្តិការយោធាអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេស ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតរដ្ឋអ៊ីស្លាម។ ហេតុដូច្នេះហើយបានជាគេសង្កេតឃើញថា ក្នុងរយៈពេលប្រមាណជាមួយសប្តាហ៍កន្លងទៅនេះ នៅក្នុងពេលដែលលោកដូណាល់ត្រាំនិយាយរិះគន់កាតា ហើយកាន់ជើងអារ៉ាប៊ីសាអ៊ូឌីត ក្រសួងការពារជាតិ និងក្រសួងការបរទេសអាមេរិកវិញ ព្យាយាមសម្រុះសម្រួលឲ្យគូជម្លោះទាំងពីរ ដែលតាមពិតសុទ្ធតែជាសម្ព័ន្ធមិត្តអាមេរិកដូចគ្នា ធ្វើការផ្សះផ្សាគ្នាបញ្ចប់ជម្លោះទៅវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ