ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​អ៊ុយក្រែន៖ ​អាមេរិក​បញ្ជូន​ទាហាន​ទៅកាន់​ប្រទេស​ជាប់​ព្រំដែន​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការប្រឈមមុខដាក់គ្នា​ជុំវិញ​វិបត្តិ​អ៊ុយក្រែន​បាន​កើនឡើង​កាន់តែ​ខ្លាំង មួយថ្ងៃក្រោយ​ទស្សនកិច្ច​របស់​អនុប្រធានាធិបតី​អាមេរិក​ នៅ​ទីក្រុង​គៀវ។ ប្រតិបត្តិការ​យោធា​ ទៅលើ​ក្រុម​ផ្តាច់ទឹកដី​នៅ​តំបន់​ខាងកើត​អ៊ុយក្រែន ដែល​បាន​ផ្អាក​តាំង​ពី​សប្តាហ៍​មុន​ ត្រូវ​បាន​អ៊ុយក្រែន​ប្រកាស​បើក​ធ្វើឡើងវិញ។ ក្នុងពេល​ជាមួយគ្នា អាមេរិក​បាន​ប្រកាស​បញ្ជូន​ទាហាន​​រាប់រយនាក់ ទៅកាន់​ប្រទេស​ជាប់​ព្រំដែន​រុស្ស៊ី។

ជនប្រដាប់អាវុធ​ដែល​កាន់កាប់​អគារ​រដ្ឋ នៅ​តំបន់​ប៉ែក​ខាង​កើត​អ៊ុយក្រែន
ជនប្រដាប់អាវុធ​ដែល​កាន់កាប់​អគារ​រដ្ឋ នៅ​តំបន់​ប៉ែក​ខាង​កើត​អ៊ុយក្រែន REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​បណ្តោះ​អាសន្ន​អ៊ុយក្រែន​បាន​ប្រកាស​ថា កិច្ចព្រមព្រៀង​​ដែល​ចុះ​នៅ​ទីក្រុង​ហ្សឺណែវ កាល​ពីថ្ងៃ​ទី១៧​មេសា​កន្លងទៅនេះ លែងមាន​សុពលភាព​ទៀត​ហើយ ដោយសារ​តែ​ក្រុម​ផ្តាច់ខ្លួន​នៅ​ប៉ែក​ខាង​កើត​មិន​ព្រម​គោរព​តាម។

ប្រធានាធិបតី​បណ្តោះអាសន្ន​អ៊ុយក្រែន​ក៏​បាន​ប្រកាស​ឲ្យដឹង​ផងដែរ​ថា លោក​បាន​ចេញ​បញ្ជា​ឲ្យ​ចាប់បើក​ធ្វើឡើង​វិញ “ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម” នៅតំបន់​ខាងកើត​អ៊ុយក្រែន ដើម្បី​បណ្តេញ​ក្រុម​ជន​ប្រដាប់អាវុធ​ចេញ​ពី​អគារ​របស់​រដ្ឋ។

រុស្ស៊ី​ថា​អាមេរិក​ជា​អ្នក​ញាក់ខ្សែ​ពីក្រោយ​អាជ្ញាធរ​អ៊ុយក្រែន

ការ​ប្រកាស​បើក​ប្រតិបត្តិការ​យោធា​នៅ​ខាងកើត​អ៊ុយក្រែន​នេះ​ធ្វើឡើង​ភ្លាមៗ​ក្រោយ​ពី​មាន​ទស្សនកិច្ច​របស់​លោក​ចូ បាយដិន អនុប្រធានាធិបតី​អាមេរិក នៅ​ក្នុង​ទីក្រុង​គៀវ និង​បាន​ជួប​ជាមួយ​ប្រមុខដឹកនាំ​រដ្ឋាភិបាល​បណ្តោះអាសន្ន​អ៊ុយក្រែន កាលពីថ្ងៃ​អង្គារ។

លោក​ស៊ែរហ្គៃ ឡាវរ៉ូហ្វ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​រុស្ស៊ី នៅថ្ងៃ​ពុធ​នេះ​ថា ប្រតិបត្តិការ​យោធា​នៅ​ខាងកើត​អ៊ុយក្រែន​នេះ​ត្រូវ​បាន​ផ្អាក​តាំង​ពី​សប្តាហ៍​មុន ហើយ​ស្រាប់​តែ​ចាប់ផ្តើម​ឡើងវិញ ក្រោយ​ពី​មាន​ទស្សនកិច្ច​របស់​លោក​ចូ បាយដិន។ ដូច្នេះ វាបង្ហាញ​ថា រាល់សកម្មភាព​ទាំងអស់​របស់​អាជ្ញាធរ​អ៊ុយក្រែន​ត្រូវ​ធ្វើឡើង ទៅតាម​ការ​ញាក់ខ្សែ​ពីក្រោយ​របស់​សហរដ្ឋ​អាមេរិក។
គេ​ឃើញ​សង្កេតឃើញ​​ថា នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន​នេះ រុស្ស៊ី និង​អាមេរិក​តែងតែ​ទម្លាក់​កំហុស​ដាក់គ្នា​​ទៅវិញទៅមក​តាំងពីដើមទី។ រុស្ស៊ី​ចោទ​​អាមេរិកថា​​ជា​អ្នក​ញាក់ខ្សែ​​ពីក្រោយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​​អ៊ុយក្រែន។ ចំណែក​​អាមេរិកវិញចោទ​​រុស្ស៊ី​ថា​ជា​អ្នក​នៅ​ពីក្រោយ​ ឬ​អាច​ចូល​អន្តរាគមន៍​ដោយ​ផ្ទាល់​ នៅ​ក្នុង​ចលនា​ផ្តាច់ខ្លួននៅ​ខាងកើត​អ៊ុយក្រែន។

អាមេរិក​បញ្ជូន​ទាហាន​ទៅ​ប្រទេស​ជាប់ព្រំដែន​រុស្ស៊ី

កាលពីថ្ងៃ​អង្គារ​ម្សិលមិញ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​បាន​ប្រកាស​ឲ្យដឹង​ថា អាមេរិក​បាន​សម្រេច​បញ្ជូន​ទាហាន​ចំនួន ៦០០នាក់ ទៅកាន់​ប្រទេស​​សមាជិក​អង្គការ​អូតង់ ហើយ​ដែល​មានព្រំដែន​ជាប់ជាមួយ​នឹង​រុស្ស៊ី។ ក្រសួង​ការពារជាតិ​អាមេរិក​ក​បាន​ឲ្យដឹង​ផងដែរ​ថា ទាហាន​១៥០នាក់ ត្រូវ​ទៅដល់​ប៉ូឡូញ​នៅថ្ងៃ​ពុធ​នេះ ចំណែក​ទាហាន ៤៥០​នាក់​ផ្សេងទៀត​នឹង​ត្រូវ​បញ្ជូន​ទៅ​​​ប្រទេស​នៅ​តំបន់​បាល់ទិក (លីទុយអានី ឡេតូនី និង​អេស្តូនី) នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ។ ទាហាន​ទាំងនេះ​នឹង​ត្រូវ​ចូល​រួម​ក្នុង​សមយុទ្ធ ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ ចាប់ពីពេលនេះ ហើយ​បន្ត​ធ្វើ​​ជាច្រើន​ខែ​តទៅ​ខាងមុខ។

កងទ័ព​ដែល​អាមេរិក​បញ្ជូន​ទៅ​​ប៉ូឡូញ និង​បណ្តា​ប្រទេស​នៅ​តំបន់​បាល់ទិក​នៅពេលនេះ មិនមែន​​ដើម្បី​ទៅ​ត្រៀម​ជួយ​ការពារ​អ៊ុយក្រែន ពី​ការ​ឈ្លានពានរ​បស់​រុស្ស៊ី​ទេ ក៏ប៉ុន្តែ ដើម្បី​ជា​សារមួយ​ធានា​ដល់​បណ្តា​ប្រទេស​អស់​ទាំងនេះ​ថា អាមេរិក​​នឹង​គោរព​តាម​កាតព្វកិច្ច ក្នុង​ក្របខ័ណ្ឌ​អង្គការ​អូតង់ ក្នុងការ​ការពារ​សន្តិសុខ​​ប្រទេស​សម្ព័ន្ធមិត្ត ពី​ការ​គំរាមកំហែង​ពី​ខាងក្រៅ។

គួរបញ្ជាក់ថា ប្រទេស​លីទុយអានី ឡេតូនី និង​អេស្តូនី មាន​ស្ថានភាព​ប្រហាក់ប្រហែល​នឹង​អ៊ុយក្រែន​ដែរ គឺ​សុទ្ធសឹង​ជា​ប្រទេស​ធ្លាប់​ស្ថិត​ក្នុង​អតីត​សហភាព​សូវៀត​ជាមួយ​នឹង​រុស្ស៊ី​ដូចគ្នា ហើយ​មាន​ប្រជាជន​ដើម​កំណើត​រុស្ស៊ី​រស់នៅ​ច្រើន​ដូចគ្នា។ នៅ​ពេល​ដែល​គេឃើញ​រុស្ស៊ី​យកលេស​ចូល​ទៅ​​​ការពារ​ប្រជាជន​រុស្ស៊ី ដើម្បី​​លើកទ័ព​ចូល​ទៅ​ឈ្លាន​ពាន​អ៊ុយក្រែន កាត់យក​តំបន់​គ្រីមេ ហើយ​បច្ចុប្បន្ន​កំពុង​គំរាម​កំហែង ដល់​តំបន់​ប៉ែក​ខាងកើត​អ៊ុយក្រែន ប្រទេស​ទាំងនេះ​​នាំគ្នា​​ព្រួយបារម្ភ​ខ្លាច​រុស្ស៊ី​ប្រើ​តាក់ទិច​ស្រដៀងគ្នា​នេះ​មក​លើ​ពួកគេ​ដែរ។

អាមេរិក​មិនចង់​ចំណាយ​អាយុជីវិត​ទាហាន​ដើម្បី​ការពារ​អ៊ុយក្រែន

ចាប់តាំង​ពី​​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​រហូតមកទល់ពេលនេះ យើងសង្កេតឃើញ​ថា ទាំង​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា ទាំង​សមាជិក​សភា និង​ទាំង​មតិសាធារណៈ​អាមេរិក​​ភាគច្រើន​ សុទ្ធតែ​មាន​ជំហរ​រួមគ្នា​មួយ​ថា អាមេរិក​មិនគួរ​ចូល​ខ្លួន​ទៅ​ធ្វើ​អន្តរាគមន៍​​យោធានៅ​អ៊ុយក្រែន​ទេ ពីព្រោះ​​​អ៊ុយក្រែន​មិន​មាន​ផលប្រយោជន៍​​អ្វី ដែល​អាមេរិក​ត្រូវ​ចំណាយ​អាយុជីវិត​ ដើម្បី​ទៅ​ការពារ។

បើ​យើង​មើល​ទៅលើ​តែ​អ៊ុយក្រែន​មួយ យើងឃើញ​ថា អាមេរិក​ពិត​ជា​មិនមាន​ផលប្រយោជន៍​អ្វី​ធំដុំ​ ដែល​ត្រូវ​ចំណាយ​លុយ និង​​អាយុជីវិត​ទាហាន ដើម្បី​​ទៅ​​ការពារ​អ៊ុយក្រែន​មែន។ ក៏ប៉ុន្តែ បើ​យើង​មើល​ឲ្យ​ទូលំទូលាយ យើងឃើញ​ថា វិបត្តិ​អ៊ុយក្រែន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជា​យុទ្ធសាស្រ្ត​រយៈពេល​វែង​របស់​អាមេរិក។

សម្ព័ន្ធមិត្ត​អាស៊ី​កំពុង​សម្លឹងមើល​ប្រតិកម្ម​របស់​អាមេរិក​នៅ​អ៊ុយក្រែន

ទីមួយ សម្ព័ន្ធមិត្ត​របស់​អាមេរិក​ ទាំង​នៅ​ក្នុង​អូតង់ ហើយ​ជា​ពិសេស នៅ​អាស៊ី កំពុងតែ​សម្លឹង​មើល​យ៉ាង​យកចិត្ត​ទុកដាក់​​ទៅលើ​ជំហរ​របស់​អាមេរិក​ចំពោះ​រុស្ស៊ី ក្នុង​វិបត្តិ​អ៊ុយក្រែន។

ប្រសិនបើ​អាមេរិក​ប្រកាន់​ជំហរ​ទន់ខ្សោយ​ឲ្យ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​ស្រេច​តែ​នឹង​ចិត្ត សម្ព័ន្ធមិត្ត​នៅ​អាស៊ី​​ (ជាពិសេស ប្រទេស​ជាប់ជម្លោះ​ជាមួយ​ចិន ដូចជា ជប៉ុន ហ្វីលីពីន និង​វៀតណាម ជាដើម) ប្រាកដ​ជា​ចោទ​ជា​សំណួរ​ថា ចុះបើ​ចិន​ប្រើ​តាក់ទិក​ដូចរុស្ស៊ី ហើយ​ប្រើ​កម្លាំង​ទ័ព​ឈ្លានពាន​ទៅ​លើ​តំបន់​ជាប់ជម្លោះ តើ​គេធ្វើ​ម៉េច​អាច​រំពឹង​លើ​​អាមេរិក​បាន?

ទាំងនេះ​​អាច​នឹង​ធ្វើ​ឲ្យ​អាមេរិក​បាត់បង់​ឥទ្ធិពល​នៅលើ​ឆាកអន្តរជាតិ​ ហើយ​អាច​ប៉ះពាល់​ទៅដល់​យុទ្ធសាស្រ្ត​របស់​លោក​អូបាម៉ា​ នៅ​អាស៊ី​ប៉ាស៊ីហ្វិក។

អ៊ុយក្រែន​ជា​គំរូ​ដល់​ប្រទេស​ផ្សេងទៀត​កុំ​ឲ្យ​បោះបង់​អាវុធ​នុយក្លេអ៊ែរ?

បញ្ហា​ចោទ​មួយ​ទៀត គឺ​ទាក់ទង​នឹង​ការ​ទប់ស្កាត់​ការ​រីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ។ គេ​មិនគួរភ្លេចទេ​ថា អ៊ុយក្រែន​ធ្លាប់​មាន​អាវុធ​នុយក្លេអ៊ែរ ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​សហភាព​សូវៀត។ ក៏ប៉ុន្តែ នៅ​ឆ្នាំ​១៩៩៤ អ៊ុយក្រែន​បាន​ចុះ​អនុស្សរណៈ​មួយ​ជាមួយ​រុស្ស៊ី អាមេរិក និង​អង់គ្លេស ដោយ​អ៊ុយក្រែន​​​សុខចិត្ត​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ទាំងអស់ ហើយ​ជា​ថ្នូរ​មកវិញ ប្រទេស​ហត្ថលេខី​បាន​សន្យា​ថា​នឹង​ធានា​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ដែនដី​របស់​អ៊ុយក្រែន។

នៅទីបំផុត គឺ​រុស្ស៊ី ដែល​ជា​ប្រទេស​ហត្ថលេខី ដែល​ជា​អ្នក​​ចូល​ឈ្លានពាន​អ៊ុយក្រែន ហើយ​ប្រទេស​ហត្ថលេខី​ពីរ​ទៀត គឺ​អង់គ្លេស និង​អាមេរិក ក៏​មិន​អាច​ធ្វើ​អ្វី ដើម្បី​ជួយ​ការពារ​អ៊ុយក្រែន​បាន។ ដូច្នេះ វា​ធ្វើ​ឲ្យ​​​ប្រទេស​ផ្សេងទៀត (ជាពិសេស អ៊ីរ៉ង់ និង​កូរ៉េ​ខាងជើង ដែល​មាន​កម្មវិធី​នុយក្លេអ៊ែរ​) អាច​នឹង​គិត​ថា បើ​មាន​អាវុធ​នុយក្លេអ៊ែរ​ហើយ ឬ​ក៏​មាន​​សមត្ថភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ​ហើយ គេ​មិនគួរ​បោះបង់​ចោល​វិញ ទោះបី​ជា​មាន​ការ​ធានា​ពី​ប្រទេស​ណា​ក៏ដោយ ពីព្រោះ គេឃើញ​ករណី​អ៊ុយក្រែន​ជា​គំរូ​ស្រាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI