សេវាកម្មរដ្ឋាភិបាលសហពន្ធ័អាមេរិកបន្តបិទទ្វារដោយសារវិបត្តិថវិកា
នេះជាថ្ងៃទី២ហើយដែលរដ្ឋាភិបាលសហព័ន្ធរបស់លោក អូបាម៉ា ជាប់គាំងដោយសារវិបត្តិថវិកា។ សេវាកម្មជាច្រើនបានបិទទ្វារដោយសារតែបុគ្គលិកគ្មានប្រាក់ខែបន្ទាប់ពីសភា Congrèsបានជំទាស់នឹងគម្រោងថវិការបស់រដ្ឋាភិបាល។ លោកអូបាម៉ាបានចោទប្រកាន់គណបក្សប្រឆាំងថាយកបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសជាចំណាប់ខ្មាំងដោយសារមនោគមវិជ្ជានយោបាយរបស់ខ្លួន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានអង្វករឲ្យសមាជិកសភា Congrès មកពីគណបក្សសាធារណរដ្ឋបោះឆ្នោតអនុម័តគម្រោងថវិការបស់លោក ដោយមិនបង្អង់ឡើយដើម្បីឲ្យដំណើរការរបស់រដ្ឋាភិបាលសហព័ន្ធចាកចេញពីការជាប់គាំង។ លោក អូបាម៉ាអះអាងថា ការអនុម័តអាចនឹងធ្វើទៅបានដរាបណាគណបក្សសាធារណរដ្ឋយល់ថា ពួកគេគ្មានសិទ្ធិយកបញ្ហាសេដ្ឋកិច្ចរបស់ជាតិទាំងមូលទៅធ្វើជាចំណាប់ខ្មាំងដោយសារតែហេតុផលមនោគមន៍វិជ្ជានយោបាយរបស់ខ្លួនឡើយ។
គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ចាប់តាំងពីឆ្នាំ ១៩៩៦ មកដែលរដ្ឋាភិបាលសហព័ន្ធជួបបញ្ហាជាប់គាំងខាងថវិកាបែបនេះ។ ជាផលវិបាក ឧទ្យានជាតិធំៗ សារៈមន្ទីរជាតិ ទីលានសេរីភាព និងសួនឧទ្យានធម្មជាតិមួយចំនួនទៀតបានបិទទ្វារមិនទទួលអ្នកទេសចរឡើយពីព្រោះតែបុគ្គលិកបម្រើការនៅទីនោះត្រូវបានប្រកាសឲ្យឈប់សម្រាកដោយគ្មានប្រាក់ឈ្មួលដោយសារតែរដ្ឋគ្មានថវិកា។
រដ្ឋាភិបាលសហពន្ធ័មានពេលត្រឹមពាក់កណ្តាលអាធ្រាត្រថ្ងៃចន្ទទី៣០កញ្ញាដើម្បីរង់ចាំការអនុម័តថវិកាសម្រាប់ដំណើរការឆ្នាំ២០១៤ ប៉ុន្តែគម្រោងនេះបានជាប់គាំង និងទាត់ចោលដោយសភា Congrès ។ ការជាប់គាំងខាងថវិកានេះបានធ្វើឲ្យរដ្ឋាភិបាលគ្មានប្រាក់សម្រាប់បើកប្រាក់ខែឲ្យមន្ត្រីរដ្ឋការ និងត្រូវបង្ខំចិត្តបិទសេវាកម្មមួយផ្នែកធំ។
មន្ត្រីសាធារណៈនៃរដ្ឋាភិបាលសហព័ន្ធជិត១លាននាក់ នឹងត្រូវគេបង្ខំឲ្យឈប់សម្រាក ដោយគ្មានប្រាក់ឈ្នួល រហូតទាល់តែសភាអាចអនុម័តថវិកាថ្មីបាន ហើយរដ្ឋាភិបាលអាចចាប់ដំណើរការឡើងវិញ។ ចំណុចខ្ទាស់ធំបំផុតដែលគណបក្សសាធារណរដ្ឋមិនព្រមអនុម័តគម្រោងថវិកានេះ គឺដោយសារតែពួកគេជំទាស់ទៅនឹងគម្រោងច្បាប់ធានារ៉ាប់រងសុខភាពរបស់លោកអូបាម៉ា ដែលគេហៅថា Obamacare។
យ៉ាងណាក៏ដោយ ការជាប់គាំងនេះមានផលប៉ះពាល់តែសេវាកម្មសាធារណៈមួយចំនួនរបស់រដ្ឋាភិបាលសហព័ន្ធតែប៉ុណ្ណោះ។ ដោយឡែកសេវាកម្មសំខាន់ៗដូចជា ប៉ូលិស ទាហាន ភ្នាក់ងារពន្លត់អគ្គិភ័យ មន្ទីរពេទ្យ និងសេវាកម្មត្រួតពិនិត្យជើងហោះហើរ ជាដើម នៅតែដំណើរការដដែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ